ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

IMF​ព្រមាន​ពិភពលោក​មិន​ឱ្យ​បង្កើត​ឧបសគ្គ​សម្រាប់​ការ​ធ្វើ​ពាណិជ្ជកម្ម

6 ឆ្នាំ មុន

មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ​(IMF)​បាន​ចេញ​ការ​ព្រមាន​ដល់​អ្នកដឹកនាំ​នយោបាយ​ថា កុំ​បង្កើត​ឧបសគ្គ​ដល់​ការ​ធ្វើ​ពាណិជ្ជកម្ម ។

កាលពី​ថ្ងៃ​អង្គារ IMF បាន​បង្កើន​ការ​ព្យាករ​ពី​ការ​លូតលាស់​សេដ្ឋកិច្ច​ពិភពលោក​ឲ្យ​ស្មើ​ដល់​

មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ​(IMF)​បាន​ចេញ​ការ​ព្រមាន​ដល់​អ្នកដឹកនាំ​នយោបាយ​ថា កុំ​បង្កើត​ឧបសគ្គ​ដល់​ការ​ធ្វើ​ពាណិជ្ជកម្ម ។

កាលពី​ថ្ងៃ​អង្គារ IMF បាន​បង្កើន​ការ​ព្យាករ​ពី​ការ​លូតលាស់​សេដ្ឋកិច្ច​ពិភពលោក​ឲ្យ​ស្មើ​ដល់​៣,៥% ប៉ុន្តែ​ពួក​គេ​បាន​និយាយ​ថា គោល នយោបាយ​ការពារ​និយម អាច​នឹង​ប៉ះពាល់​ដល់​ការ​ប្រសើរ​ឡើង​នៃ​សេដ្ឋកិច្ច ។

លោក Maurice Obstfeld ប្រធាន​ផ្នែក​ស្រាវជ្រាវ​នៅ​IMF បាន​និយាយ​ថា​៖ « ដើម្បី​ជៀសវាង​ការ​ប៉ះពាល់​ពី​មធ្យោបាយ​ការពារ​និយម គឺ​ត្រូវ​មានការ​ប្តេជ្ញា​ជា​ពហុភាគី​ថ្មី​មួយ​ដើម្បី​គាំទ្រ​ដល់​ការ​ធ្វើ​ពាណិជ្ជកម្ម »​។

ការ​ព្រមាន​នេះ​ប្រៀប​បានជា​ដាក់​គោលដៅ​លើ​គោលនយោបាយ «​អា​មេ​រិ​ក​ទី​មួយ​» និង​គោលនយោបាយ​ការពារ​និយម​ផ្សេង​ទៀត​របស់​លោក​ប្រធានាធិបតី Donald Trump ។

គួរ​បញ្ជាក់​ផង​ដែរ​ថា លោក Trump បាន​ដក​សហរដ្ឋអាមេរិក​ចេញពី​កិច្ចព្រមព្រៀង​មួយ​ក្នុង​ចំណោម​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ដែល​ធំ​ជាងគេ​ក្នុង​ទ្វីប​ប៉ា​ស៊ី​ហ្វិ​ករួច​មក​ហើយ ។ លោក​ក៏​បាន​សន្យា​ថា នឹង​ចរចា​លើ​កិច្ចព្រមព្រៀង NAFTA​ឡើង​វិញ​ផង​ដែរ​ជាមួយនឹង​កា​ណា​ដា​និង​ម៉ិ​ក​ស៊ិ​ក និង​បាន​គំរាម​ថា នឹង​ដាក់​ពន្ធគយ​លើ​ផលិតផល​នាំ​ចូល​ផង​ដែរ ។

យ៉ាងណា​ក៏​ដោយ IMF​បាន​ព្រមាន​ថា ការ​ព្យាករ​របស់​ពួក​គេ​នៅ​មិន​ប្រាកដប្រជា​នៅឡើយ ព្រោះ​គោលនយោបាយ​របស់​រដ្ឋាភិបាល​អា​មេ​រិ​ក ថ្មី​អាច​នឹង​មានការ​ផ្លាស់​ប្តូរ ។

IMF បាន​និយាយ​ថា ការ​លូតលាស់​ខ្ពស់​ជាង​មុន​គឺ​កំពុង​តែ​ត្រូវ​បាន​ជំរុញ​ដោយ​ការ​ងើបឡើង​វិញ​នៃ​ផ្នែក​វិនិយោគ ផ្នែក​ផលិត និង​ផ្នែក​ធ្វើ​ពាណិជ្ជកម្ម ។ មូលនិធិ​នេះ​បាន​ព្យាករណ៍​ថា​សេដ្ឋកិច្ច​ពិភពលោក​នឹង​លូតលាស់​បាន​៣,៦%​ក្នុង​ឆ្នាំ​២០១៨ ។

ការ​លូតលាស់​របស់​សេដ្ឋកិច្ច​អា​មេ​រិ​ក​ត្រូវ​បាន​គិត​ថា នឹង​កើន​ដល់​២,៣%​ក្នុង​ឆ្នាំ​២០១៧ ឬ​ច្រើន​ជាង​ឆ្នាំ​២០១៦​ដែល​ស្មើនឹង​១,៦% ។

IMF​គិត​ថា ឥណ្ឌា​នឹង​ក្លាយជា​សេដ្ឋកិច្ច​ដែល​ធំ និង​លូតលាស់​បាន​លឿន​ជាងគេ​ក្នុង​ឆ្នាំ​២០១៧ ឬ​នឹង​លូតលាស់​បាន​៧,២% បើ​ទោះជា​មាន​បញ្ហា​កម្មវិធី​ឈប់​ប្រើប្រាស់​ប្រាក់​មួយ​ចំនួន​ក៏​ដោយ ។
ប្រទេស​ចិន​នឹង​លូតលាស់​បាន​៦,៦%​ក្នុងឆ្នាំនេះ និង​៦,២%​ក្នុង​ឆ្នាំ​២០១៨ ខណៈ​ដែល​ឆ្នាំ​២០១៦ ប្រទេស​នេះ​លូតលាស់​បាន​៦,៧%​។ IMF បាន​ព្រមាន​ដល់​ប្រទេស​ចិន​ទាក់ទិន​នឹង​បញ្ហា​ប្រាក់​បំណុល​ដែល​កំពុង​តែ​កើនឡើង​ផង​ដែរ ៕