ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ធ្វើ​ដំណើរ​តាម​ផ្លូវអាកាស​របស់​ប្រជាពលរដ្ឋ​ក្នុងស្រុក​កើនឡើង

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ថ្នាក់ដឹកនាំ​ក្រុមហ៊ុន​ទេសចរណ៍​នានា​និយាយ​ថា ការ​ធ្វើ​ដំណើរ​តាម​ផ្លូវអាកាស​របស់​ប្រជាពលរដ្ឋ​ក្នុងស្រុក​កំពុង​កើនឡើង ទន្ទឹម​នឹង​ការ​កើនឡើង​នូវ​ក្រុមហ៊ុន​អាកាសចរណ៍ ដែល​ធ្វើ​ឲ្យ​តម្លៃ​កាន់តែ​ប្រកួតប្រជែង ។

រាជធានី​ភ្នំពេញ ៖ ថ្នាក់ដឹកនាំ​ក្រុមហ៊ុន​ទេសចរណ៍​នានា​និយាយ​ថា ការ​ធ្វើ​ដំណើរ​តាម​ផ្លូវអាកាស​របស់​ប្រជាពលរដ្ឋ​ក្នុងស្រុក​កំពុង​កើនឡើង ទន្ទឹម​នឹង​ការ​កើនឡើង​នូវ​ក្រុមហ៊ុន​អាកាសចរណ៍ ដែល​ធ្វើ​ឲ្យ​តម្លៃ​កាន់តែ​ប្រកួតប្រជែង ។

លោក ហូ វ​ណ្ឌី អគ្គលេខាធិការ​សមាគម​សម្ព័ន្ធ​ទេសចរណ៍​ជាតិ​កម្ពុជា បាន​ថ្លែង​តាម​ទូរស័ព្ទ​នៅ​ព្រឹក​ថ្ងៃ​ទី​១០ មេ​សា កន្លង​មក​ថា ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​តាម​អាកាសចរណ៍​កំពុង​កើនឡើង ដោយ​ភ្ញៀវ​ធ្វើ​ដំណើរ​តាម​អាកាសចរណ៍​ក្នុងស្រុក​ស្ថិត​ក្នុង​ចន្លោះ​ពី​៧០ ទៅ​៨០%​ជា​ប្រជាពលរដ្ឋ​ខ្មែរ ដែល​ពួក​គេ​ធ្វើ​ដំណើរ​ពី​រាជធានី​ភ្នំពេញ​ទៅ​កាន់​ខេត្តសៀមរាប​, ពី​ខេត្តសៀមរាប​មក​កាន់​រាជធានី​ភ្នំពេញ​, ពី​រាជធានី​ភ្នំពេញ​ទៅ​កាន់​ខេត្ត​ព្រះ​សីហ​នុ និង​ពី​ខេត្ត​ព្រះ​សីហ​នុ​ទៅ​កាន់​ខេត្តសៀមរាប​ជាដើម ។

លោក​បន្ត​ថា ៖ « តម្លៃ​សំបុត្រ​មាន​ចន្លោះ​ពី​២០ ដល់​ជាង​១០០​ដុល្លារ​អា​មេ​រិ​ក អាស្រ័យ​លើ​ក្រុមហ៊ុន​នីមួយ​ៗ ។ បច្ចុប្បន្ន មាន​ក្រុមហ៊ុន​អាកាសចរណ៍​ចំនួន​៦ កំពុង​ប្រតិបត្តិការ​ហោះហើរ​ក្នុងស្រុក​ជា​ទៀងទាត់ ប៉ុន្តែ​ទោះជា​យ៉ាងណា ការ​ហោះហើរ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ទាំងនោះ​មិន​ទាន់​មមាញឹក​ខ្លាំង​នៅឡើយ​ទេ » ។

ក្រុមហ៊ុន​អាកាសចរណ៍​ដែល​កំពុង​ធ្វើ​ប្រតិបត្តិការ​ហោះហើរ​ក្នុងស្រុក​មាន​ដូច​ជា ក្រុមហ៊ុន​អាកាសចរណ៍​បាយ័ន​អ៊ែ​រ​, កម្ពុជា អង្គរ​អ៊ែ​រ​, បា​សា​កា​អ៊ែ​រ​, អាកាសចរណ៍ JC, អាកាសចរណ៍ Spring និង​អាកាសចរណ៍​ស្កា​យ​វី​ង ។

លោក ស សា​រិ​ន នាយក​គ្រប់គ្រង​ទូទៅ​នៃ​ក្រុមហ៊ុន​ទេសចរណ៍ PTM ដែល​មាន​សិទ្ធិ​ចេញ​សំបុត្រ​យន្តហោះ​ឲ្យ​ក្រុមហ៊ុន​អាកាសចរណ៍​ជាង​១០០​ប្រទេស បាន​ថ្លែង​ស្រ​ដៀង​គ្នា​ថា ការ​ធ្វើ​ដំណើរ​តាម​ផ្លូវអាកាស​ពី​សំណាក់​ប្រជាពលរដ្ឋ​ក្នុងស្រុក​ពិតជា​កើនឡើង ដោយសារ​ប្រាក់​ចំណូល​របស់​ពួក​គាត់​កាន់តែ​ល្អ​ប្រសើរ និង​តម្លៃ​សំបុត្រ​មាន​ភាព​ប្រកួតប្រជែង ព្រោះ​ក្រុមហ៊ុន​អាកាសចរណ៍​បាន​កើនឡើង​ច្រើន​នា​ពេល​សព្វ​ថ្ងៃនេះ ។

ទោះជា​យ៉ាងណា លោក​មិន​បញ្ជាក់​ឲ្យ​ដឹង​ពី​តួលេខ​នៃ​កំណើន​ទេ គ្រាន់តែ​បញ្ជាក់​ថា ការ​កក់​សំបុត្រ​យន្តហោះ​បាន​កើនឡើង​ច្រើន​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ។

លោក ស៊ិ​ន ចាន់​សេរី​វុ​ត្ថា អ្នកនាំពាក្យ​រដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ី​វិល ថ្លែង​ថា ការ​ហោះហើរ​ក្នុងស្រុក​ពិតជា​កើនឡើង​ច្រើន​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ដោយសារ​មានការ​ធ្វើ​ដំណើរ​ច្រើន​ពី​ប្រជាពលរដ្ឋ​ក្នុងស្រុក និង​ការ​កើនឡើង​នូវ​ចំនួន​ភ្ញៀវ​ទេសចរ ។ ជាក់ស្តែង ក្រុមហ៊ុន​អាកាសចរណ៍ JC ដែល​មាន​យន្តហោះ​ថ្មី បាន​បើក​ជើងហោះហើរ​យ៉ាង​សកម្ម ដោយ​មួយ​ថ្ងៃ​មាន​ជើងហោះហើរ​ពី​២​ទៅ​៣​លើក រវាង​ភ្នំពេញ​-​សៀមរាប សៀមរាប​-​ភ្នំពេញ និង​សៀមរាប​-​ព្រះ​សីហ​នុ ។

លោក​បន្ត​ថា ៖ « ការ​ធ្វើ​ដំណើរ​តាម​អាកាសចរណ៍​បច្ចុប្បន្ន​មាន​តម្លៃ​សមរម្យ ដោយសារ​មានការ​ប្រកួតប្រជែង​គ្នា ដែល​ជា​ទូទៅ​មាន​តម្លៃ​ចន្លោះ​ពី​៦០​ទៅ​៨០​ដុល្លារ​អា​មេ​រិ​ក​សម្រាប់​សំបុត្រ​ទៅ​មក» ។ លោក​បន្ត​ថា ៖ «​ការ​ធ្វើ​ដំណើរ​តាម​ផ្លូវអាកាស ក៏​ធ្វើ​ឲ្យ​អ្នកដំណើរ​មាន​ភាព​ងាយស្រួល ចំណេញ​ពេលវេលា និង​ការ​ហោះហើរ​មាន​ភាព​បត់បែន​ផង​ដែរ » ។

លោក ស៊ិ​ន ចាន់​សេរី​វុ​ត្ថា បន្ថែម​ថា បច្ចុប្បន្ន​នេះ ព្រ​លាន​យន្តហោះ​កងកេង ខេត្ត​ព្រះ​សីហ​នុ មាន​ក្រុមហ៊ុន​អាកាសចរណ៍​ក្នុងស្រុក និង​មក​ពី​ប្រទេស​ចិន​ចុះ​ចត​យ៉ាង​សកម្ម ។ កាលពី​ឆ្នាំ​២០១៥ ព្រ​លាន​នេះ​ទទួល​បាន​អ្នកដំណើរ​១៥​ម៉ឺន​នាក់​, ឆ្នាំ​២០១៦ មាន​អ្នកដំណើរ​ឆ្លងកាត់​កន្លះ​លាន​នាក់ និង​រំពឹង​កើនឡើង​ដល់​១​លាន​នាក់​នៅ​ឆ្នាំ​នេះ ៕