សេវាកម្ម » សប្បុរសធម៌

គួរ​ឱ្យ​សង្វេគ​ណាស់​ស្ត្រី​មេម៉ាយ​កូន​៤​រស់នៅ​ក្រោម​ដើមឈើ

ដោយ ៖ សុំ ពៅពិសិដ្ឋ   

ថ្ងៃព្រហស្បតិ៍ ទី២០ ខែមេសា ឆ្នាំ២០១៧ ម៉ោង ១០:៣៧   (20-04-2017 10:37)

ខេត្តព្រៃវែង ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​១៨ ខែមេសា លោក ជា ហេង អធិការ​នគរបាល​ស្រុក​ពាម​ជរ បាន​នាំ​យក​អំណោយ​របស់​លោក រួម​ទាំង​របស់​សប្បុរសជន ទៅ​ប្រគល់​ជូន​ដល់​ស្ត្រី​ឈ្មោះ រិ​ន វ៉ា​ន់​រ៉ា អាយុ​៣០​ឆ្នាំ ជា​ស្ត្រី​មេម៉ាយ​មានកូន​តូច​ៗ៤​នាក់ គ្មាន​ផ្ទះសម្បែង​រស់នៅ​ដូច​គេ ហើយ​បច្ចុប្បន្ន​កំពុង​រស់នៅ​ក្រោម​តង់​កៅស៊ូ នៅ​ក្រោម​ដើម​អំពិល ក្នុងភូមិ​សំបួរ ឃុំ​ព្រែក​សំបួរ ស្រុក​ពាម​ជរ ។

ស្ត្រី​ឈ្មោះ រិ​ន វ៉ា​ន់​រ៉ា បាន​ប្រាប់​ឱ្យ​ដឹង​ថា រូប​គាត់​ពី​ដំបូង​មាន​ប្តី​នៅ​ខេត្តពោធិ៍សាត់ និង​មានកូន​ស្រី​ម្នាក់ ប៉ុន្តែ​ដោយ​រស់នៅ​មិន​ចុះសម្រុង​នឹង​គ្នា ក៏​លែងលះ​គ្នា​ទៅ ។ ក្រោយមក​ក៏​បាន​ប្តី​ម្នាក់​ទៀត ជា​ទាហាន​នៅ​ខេត្តឧត្តរមានជ័យ រួមរស់​ជាមួយ​គ្នា​បានកូន​ប្រុស​៣​នាក់ ។ ប៉ុន្តែ​ដោយសារ​តែ​តំបន់​ដែល​ប្តី​រស់នៅ​សម្បូរ​ទៅ​ដោយ​ពួក​ញៀន​ថ្នាំ ហើយ​ប្តី​ក៏​ញៀន​ថ្នាំ​ទៀត ធ្វើ​ឱ្យ​រូប​គាត់​រស់នៅ​លែង​បាន ក៏​នាំ​កូន​វេច​បង្វេច​រត់​មក​ស្រុក​កំណើត​វិញ​នៅ​ឯ​ស្រុក​ពាម​ជរ ខេត្តព្រៃវែង កាលពី​៣​ឆ្នាំ​មុន ។ ចំណែក​ប្តី​មិន​បាន​មក​តាម​ទេ ហើយ​ក៏​ដាច់​គ្នា​តាំងពី​ពេល​នោះ​មក​ដែរ ។

ស្ត្រី​មេម៉ាយ​រូប​នេះ​បាន​បន្ត​ថា ពេល​មក​ដល់​ស្រុក​វិញ ដោយសារ​គ្មាន​ប្រាក់​ធ្វើ​ផ្ទះ​រស់នៅ ក៏​នាំ​កូន​ៗ​ទៅ​រស់នៅ​ជាមួយ​ម្តាយ​សិន ប៉ុន្តែ​បាន​តែ​២​ឆ្នាំ​ផ្ទះ​ម្តាយ​ក៏​ត្រូវ​ខ្យល់​បក់​ដួល​រលំ​លែង​មានផ្ទះ​នៅ​ទាំងអស់​គ្នា ។ តាំងពី​ពេល​នោះ​មក​រូប​គាត់​និង​កូន​ៗ​ទាំង​៤​នាក់ នាំ​គ្នា​ប្រក់​តង់​រស់នៅ​ក្រោម​ដើម​អំពិល​នេះ​មាន​រយៈពេល​ជាង​១​ឆ្នាំ​ហើយ ។ ចំណែក​ជីវភាព​រស់នៅ គឺ​ដើរ​ស៊ីឈ្នួល​បេះ​ផ្លែ​ម្ទេស​ឱ្យ​គេ​២​នាក់​កូនស្រី​ច្បង​អាយុ​១២​ឆ្នាំ ក្នុង​១​ថ្ងៃ​បាន​៣​ម៉ឺន​រៀល ប៉ុន្តែ​១​អាទិត្យ​បាន​បេះ​តែ​២​ឬ​៣​ថ្ងៃ​ប៉ុណ្ណោះ ដូច្នេះ​ហើយ​ទើប​ធ្វើ​ឱ្យ​ជីវភាព​ខ្វះខាត គ្មាន​លទ្ធភាព​ធ្វើ​ផ្ទះ​នៅ​ឱ្យ​បាន​សមរម្យ​ដូច​គេ ។

ចំណែកឯ​អាជ្ញាធរ​ដែនដី​វិញ មិន​ដែល​ឃើញ​មក​អើត​មើល​សួរនាំ​ពី​សុខទុក្ខ​របស់​ពួក​គាត់​ទេ ហើយ​ខាង​កាកបាទក្រហម​ក៏​មិន​ដែល​ឃើញ​ដែរ គឺ​មាន​តែ​លោក​អធិការ​នគរបាល​ស្រុក​ប៉ុណ្ណោះ​ដែល​បាន​យក​អំណោយ​មក​ផ្តល់​តាម​លទ្ធភាព ហើយ​នេះ​ជា​លើក​ទី​២​ហើយ ។

សូម​បញ្ជាក់​ថា អំណោយ​ដែល​ផ្តល់​ជូន​គ្រួសារ​ស្ត្រី​មេម៉ាយ​រូប​នេះ​រួម​មាន អង្ករ​៥០​គីឡូ ក្រាម មី​៤​កេស ត្រីខ​១​យួរ ទឹក​ស៊ី​អុ​ី​វ​១​យួរ ទឹកបរិសុទ្ធ​២​យួរ​និង​១​កេស ព្រមទាំង​ប្រាក់​២៥​ម៉ឺន​រៀល ។

លោក​អធិការ ជា ហេង ថ្លែង​ថា ដោយ​មើលឃើញ​ពី​ការ​លំបាក​របស់​ស្ត្រី​មេម៉ាយ​រូប​នេះ រូប​គាត់​មាន​បំណង​ចង់​ជួយ​ធ្វើ​កូន​ផ្ទះ​ដ៏​សមរម្យ​មួយ​ឱ្យ ដើម្បី​បាន​រស់នៅ​ជាមួយ​កូន​ៗ​បាន​ស្រួល​ជាង​នេះ ។ គ្រួសារ​នេះ​មាន​ដី​កេរ​របស់​ម្តាយ​ចែក​ឱ្យ​ទំហំ​១០​ម៉ែត្រ​ដែរ ប៉ុន្តែ​ពេល​នេះ​លោក​ពុំ​ទាន់​មាន​លទ្ធភាព​គ្រប់គ្រាន់​ដើម្បី​ជួយ​តាម​បំណង​នៅឡើយ​ទេ ។

ដូច្នេះ លោក​ក៏​សូម​អំពាវនាវ​ដល់​បណ្តា​សប្បុរសជន​ទាំងអស់ ដែល​បានដឹង​ព័ត៌មាន​នេះ ហើយ​មានចិត្ត​ចង់​ជួយ​ស្ត្រី​មេម៉ាយ​រូប​នេះ​ព្រមទាំង​កូន​តូច​ៗ​របស់​គាត់​ឱ្យ​មាន​ទឹកមុខ​ញញឹម​ឡើង​វិញ​នោះ គឺ​អាច​ទាក់ទង​មក​រូប​លោក​ផ្ទាល់ ឬ​ក៏​អាច​ចុះ​ទៅ​ជួប​គ្រួសារ​ស្ត្រី​រូប​នេះ​ដោយ​ផ្ទាល់​ក៏​បាន​ដែរ​នៅ​ភូមិ​សំបួរ ឃុំ​ព្រែក​សំបួរ ស្រុក​ពាម​ជរ ៕