ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកតា មិន សា​រិ​ន សម្រេច​បំណង​ហើយ ដោយ​ជួប​និយាយ​ផ្ទាល់​ជាមួយ​កូនស្រី អ៊ុំ សុវណ្ណ​នី​(​វី​ដេ​អូ​)

1 ឆ្នាំ មុន
  • ភ្នំពេញ

នៅ​ទីបំផុត​លោកតា មិន សា​រិ​ន ហៅ ម៉ែ​ន បាន​សម្រេច​បំណង​របស់​ខ្លួន ដោយ​លោក​បាន​ជួប​និយាយ​តាម​ទូរស័ព្ទ​ដោយ​ផ្ទាល់​ជាមួយ​កូនស្រី គឺ​អតីត​តារា​សម្តែង​អ្នក​នាង អ៊ុំ សុវណ្ណ​នី ដែល​បាន​បែក​គ្នា​អស់​ជា​ច្រើន​ឆ្នាំ​មកនេះ

រាជធានី​ភ្នំពេញ ៖ នៅ​ទីបំផុត​លោកតា មិន សា​រិ​ន ហៅ ម៉ែ​ន បាន​សម្រេច​បំណង​របស់​ខ្លួន ដោយ​លោក​បាន​ជួប​និយាយ​តាម​ទូរស័ព្ទ​ដោយ​ផ្ទាល់​ជាមួយ​កូនស្រី គឺ​អតីត​តារា​សម្តែង​អ្នក​នាង អ៊ុំ សុវណ្ណ​នី ដែល​បាន​បែក​គ្នា​អស់​ជា​ច្រើន​ឆ្នាំ​មកនេះ​។

លោកតា ម៉ែ​ន បាន​សម្តែង​ក្តី​រំភើប​យ៉ាង​ខ្លាំង ក្នុង​ពេល​ដែល​កូនស្រី​អ្នក​នាង អ៊ុំ សុវណ្ណ​នី បាន​ទទួល​ដំណឹង​ថា លោក​មាន​បំណង​ចង់​ជួប និង​និយាយ​ផ្ទាល់​ជាមួយ​កូនស្រី​ក្នុង​ដង្ហើម​ចុង​ក្រោយ​។

តាម​រយៈ​វី​ដេ​អូ​សម្ភាសន៍​លោក មិន សា​រិ​ន ពី​លោក សា​វី​ន ហ្វី​លី​ព ដែល​បាន​បង្ហោះ​តាម​បណ្តាញ​សង្គម​នៅ​ថ្ងៃ​ទី​២ ខែវិច្ឆិកា ឆ្នាំ​២០២២​នេះ លោកតា​បាន​លើក​ឡើង​ថា «​លោក​ពិតជា​សប្បាយ​រីករាយ​យ៉ាង​ខ្លាំង ក្នុង​ពេល​ដែល​លោក​បាន​ទទួល​ការ​ហៅ​ទូរស័ព្ទ​ពី​កូនស្រី​មក​កាន់​លោក​រូប​»​។ លោក​បញ្ជាក់​ថា «​ក្រោយ​មានការ​ផ្សព្វផ្សាយ កូនស្រី​របស់​លោក គឺ​អ្នក​នាង អ៊ុំ សុវណ្ណ​នី បាន​ទូរស័ព្ទ និង​និយាយ​ដោយ​ផ្ទាល់​ជាមួយ​គាត់ ដែល​ធ្វើ​អោយ​លោក​ពិតជា​មានការ​សប្បាយ​រីក​យ៉ាង​ខ្លាំង​»​។

យ៉ាងណា​តាម​រយៈ​បទ​សម្ភាសន៍​ខាងលើ​នេះ លោកតា ម៉ែ​ន មិន​បាន​លើក​ឡើង​ទេ​ថា លោក​បាន​និយាយ​អ្វីខ្លះ​ជាមួយ​អ្នក​នាង អ៊ុំ សុវណ្ណ​នី នោះ​ឡើយ ក្រៅ​តែ​ពី​ការ​សប្បាយ​រីករាយ និង​អរគុណ​ទស្សនិកជន និង​អ្នក​បាន​ផ្សព្វផ្សាយ​ដែល​បាន​ធ្វើ​អោយ​លោក​សម្រេច​បំណង​នា​ពេល​នេះ​។

ជា​ការ​កត់សម្គាល់ ក្នុង​នាម​ជា​ឪពុក​ដែល​កំពុង​មាន​ជំងឺ ជាមួយនឹង​ភាព​ចាស់ជរា​ផង​នោះ​លោក មិន សា​រិ​ន បាន​ចេញ​មុខ​រំលឹក​ឈ្មោះ​កូនស្រី គឺ​អ​តី​តារា​សម្តែង​ដ៏​ល្បី​អ្នក​នាង អ៊ុំ សុវណ្ណ​នី ដើម្បី​លោក​បាន​ជួប​មុខ​កូន​ជា​លើក​ចុង​ក្រោយ ក្នុង​ពេល​ដែល​កូនស្រី​កំពុង​សាង​គ្រួសារ​នៅ​លើ​ទឹកដី​អា​មេ​រិ​ក​។

តាម​រយៈ​បទ​សម្ភាសន៍​ជាមួយ​លោក សា​វិ​ន ហ្វី​លី​ព កាលពី​ពេល​ថ្មី​នេះ អតីត​តារា​សម្តែង​តួអង្គ​មេ​ខ្មែរក្រហម​ក្នុង​រឿង «​នរក​៩​ជាន់​» លោក មិន សា​រិ​ន ហៅ ម៉ែ​ន បាន​អះអាង​ថា អ្នក​នាង អ៊ុំ សុវណ្ណ​នី ពិតជា​កូន​របស់​លោក​ពិតប្រាកដ​មែន ប៉ុន្តែ​លោក​និង​កូនស្រី​បាន​បែក​គ្នា​រហូត​មក​ដល់​ពេល​នេះ មិន​ដែល​បាន​ជួប​មុខ​គ្នា​ឡើយ​។

លោក​បញ្ជាក់​ថា ក្រោយ​បែក​សម័យ​ប៉ុ​ល​ពត លោក​ក៏​បាន​ដំណឹង​ពី​ភរិយា​របស់​លោក​ដែល​នៅ​រស់​នោះ លោក​ក៏​បាន​តាម​ស្វែងរក ដើម្បី​បាន​ជួប​មុខ​ប្រពន្ធ​និង​កូន ហើយ​ការ​ស្វះ​ស្វែងរក​នោះ​ក៏​បាន​ជួប​ដូច​បំណង​ដែរ​។ លោក​ថា ពេល​ជួប​គ្នា​នោះ លោក​ក៏​បាន​សួរ​ទៅ​ភរិយា​ថា កូន (​អុ្ន​ក​នាង អ៊ុំ សុវណ្ណ​នី​) មានការ​ងារ​ធ្វើ​ដែរ​ទេ? បើ​អត់​ទេ លោក​នឹង​នាំ​ចូល​សិល្បៈ ហើយ​មុន​នឹង​ទៅ​នោះ កូនស្រី​នឹង​មានកូន​ដែល​ជា​ចៅ​របស់​លោក​២​នាក់​ហើយ ប៉ុន្តែ​បាន​បែកបាក់​គ្នា​។

ដោយសារ​ឃើញ​កូន​កំសត់ លោក​ក៏​បាន​សុំ​ភរិយា​ដើម្បី​អោយ​កូន​ចូល​សិល្បៈ ហើយ​ភរិយា​របស់​លោក​ក៏​បាន​យល់ព្រម ដោយពេល​នោះ​លោក​ក៏​បាន​យក​រូបថត​កូនស្រី អ៊ុំ សុវណ្ណ​នី មក​អោយ​នាយកដ្ឋាន​ភាពយន្ត​តែ​ម្តង​។ លោក​បន្ថែម​ថា អំឡុង​ពេល​នោះ គឺ​មាន​ប្រទេស​ឆេ​កូ​ស្លូ​វ៉ា​គី បាន​ចូល​មក​សហការ​ផលិតភាព​យន្ត​ជាមួយ​នាយកដ្ឋាន​រឿង «​នរក​៩​ជាន់​» ហើយ​លោក​ក៏​បាន​នាំ​កូនស្រី​មក​អោយ​គេ​មើល​ផ្ទាល់​ទាំង​ម្តាយ​ផង ដោយពេល​នោះ​គេ​ក៏​ពេញចិត្ត​។ ក្រោយ​ផលិតករ​ពេញចិត្ត កូនស្រី​នោះ​លោក​មាន​ក្តី​រំភើប​រីករាយ​យ៉ាង​ខ្លាំង ដោយ​គេ​សម្រេច​យក​កូន​ទៅ​សម្តែង​ជា​តួឯក​នៅ​ក្នុង​រឿង​នេះ ខណៈ​ពេល​ដែល​លោក​ក៏​ត្រូវ​បាន​ជ្រើសរើស​ជា​តួ​ប៉ុ​ល​ពត​ផង​ដែរ​។

លោក មិន សា​រិ​ន បាន​លើក​ឡើង​បន្ថែម​ទៀត​ថា កូនស្រី អ៊ុំ សុវណ្ណ​នី ក៏​ត្រូវ​បាន​បណ្តុះបណ្តាល​បន្ថែម​លើ​ផ្នែក​របាំ​បុរាណ ហើយ​បាន​មក​ស្នាក់​នៅ​នាយកដ្ឋាន​ភាពយន្ត​ក្នុងអំឡុងពេល​ថត​ភាពយន្ត​រឿង «​នរក​៩​ជាន់​» នេះ​។ លោក​បញ្ជាក់​ថា ក្នុង​ពេល​នោះ​លោក​មិន​បាន​បោះបង់​កូន​ចោល​ដូច​ការ​លើក​ឡើង​នោះ​ឡើយ ដោយសារ​លោក​ធ្វើការ​នៅ​នាយកដ្ឋាន​ភាពយន្ត ហើយ​កូន​ស្នាក់​នៅ​ទី​នេះ ហេតុនេះ​លោក​ចេញចូល​មើល​កូនស្រី​រហូត បើ​ទោះបីជា​លោក​បាន​មាន​ភរិយា​ទី​២​ក៏​ពិតមែន ប៉ុន្តែ​លោក​នៅ​តែ​ទទួលស្គាល់​ដដែល​។

លោក​បន្ថែម​ថា លុះ​ពេល​ថត​រឿង​ខាងលើ​នេះ​ចប់ គេ​ក៏​បាន​នាំ​រឿង និង​តួអង្គ​ទៅ​បង្ហាញខ្លួន​នៅ​ស្រុក​គេ​អស់​រយៈពេល​ជា​ច្រើន​ខែ ដែល​ពេល​នោះ​ហើយ​លោក​បាន​បែក​ពី​កូនស្រី អ៊ុំ សុវណ្ណ​នី តែ​ម្តង​។ យ៉ាងណា​អស់​ពេល​ជា​ច្រើន​ឆ្នាំ អ៊ុំ សុវណ្ណ​នី ក៏​បាន​វិល​ចូល​ស្រុក​ខ្មែរ​វិញ ហើយ​ពេល​នោះ​ក៏​មាន​ម្ចាស់​ផលិត​ជា​ច្រើន​បាន​ហៅ​នាង​ថត​ភាពយន្ត​ជា​បន្តបន្ទាប់ រហូត​ធ្វើ​ឲ្យ​នាង​មានឈ្មោះ​ល្បី​។

លោក​បន្ត​ថា ចាប់ពី​ពេល​នោះ​មក​អ្នក​នាង អ៊ុំ សុវណ្ណ​នី ហាក់​មិនសូវ​បាន​ទាក់ទង​មក​លោក​ឡើយ ប៉ុន្តែ​ម្តាយ​របស់​នាង​ដែល​ជា​ភរិយា​ទី​១​របស់​លោក គឺ​បាន​មក​លេង​លោក និង​ភរិយា​ទី​២ នៅ​ច្បារ​អំពៅ​នេះ​ដដែល​។

យ៉ាងណា បើ​តាម​លោក មិន សា​រិ​ន ហៅ ម៉ែ​ន ក្នុងអំឡុងពេល​នេះ លោក​នៅ​តែ​នឹករលឹក​កូនស្រី អ៊ុំ សុវណ្ណ​នី ដដែល ហើយ​លោក​រំលឹក​ឈ្មោះ​កូន​នា​ពេល​នេះ គឺ​លោក​មិន​មាន​បំណង​ចង់បាន​អ្វី​មានបាន​ពី​កូនស្រី​ឡើយ គ្រាន់តែ​ចង់​ជួប​មុខ​កូន និង​លឺ​សំដី​ចេញពី​មាត់​កូន​ថា កូន​សុខ​សប្បាយ ឬ​នៅ​នឹក​ឪពុក​ម្នាក់​នេះ​ឬ​ក៏​អត់?​។

ទោះជា​តាម​រយៈ​ការ​ជួប​សន្ទនា​រវាង​លោក មិន សា​រិ​ន ហៅ ម៉ែ​ន ជាមួយ​កូនស្រី​នា​ពេល​នេះ គឺ​អាច​បញ្ជាក់​ថា ឪពុក​កូន​អ្នក​ទាំង​ពីរ​មិន​បាន​បោះបង់​គ្នា​ចោល​នោះ​ឡើយ ហើយ​វា​ក៏​ជា​ពេល​ដែល​ត្រូវ​បញ្ចប់​ការ​រិះគន់​ពី​មហាជន​មួយ​ចំនួន​ទៅ​លើ​អ្នក​ទាំង​ពីរ​ជុំវិញ​រឿងរ៉ាវ​ខាងលើ​នេះ​ផង​ដែរ​។

គួរ​រំលឹក​ថា លោក មិន សា​រិ​ន កើតទុក្ខ​មិន​សុខចិត្ត ចេញ​មុខ​បញ្ជាក់​រឿងរ៉ាវ​រវាង​លោក​និង​អ្នក​នាង អ៊ុំ សុវណ្ណ​នី

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ