ការ​ពិសោធ​ទឹកស្ទឹង​សែន​ដែល​ត្រី​ពុល​រាប់​ម៉ឺ​ន​ក្បាល ដោយសាររោងចក្រ​ស្ករស


ខេត្ដព្រះវិហារ ៖ មន្ទីរ​បរិស្ថាន​ខេត្ត​បាន​បញ្ជាក់​ថា យោង​តាម​លទ្ធផល​ពិសោធន៍​ទឹក​របស់​ក្រសួងបរិស្ថាន ចំពោះ​ទឹកស្ទឹង​សែន ក្នុងស្រុក​ជ័យ​សែន និង​ស្រុក​រវៀង ដែល​មាន​ជាតិពុល​បណ្តាលឲ្យ​ត្រី​តូច​ធំ​ងាប់​រាប់​ម៉ឺន​ក្បាល​កាលពី​ខែ​មុន បានដឹង​មូលហេតុ​ច្បាស់លាស់​ហើយ គឺ​ជាតិពុល​ដែល​បង្ហូរ​ចេញពី​អាង​ស្ដុក​កាក​សំណល់​កខ្វក់​របស់​រោងចក្រ​ផលិត​ស្ករស​រ៉ូ​យ​ហ្វេ​ងខេត្តព្រះវិហារ ។

លទ្ធផល​នេះ ត្រូវ​បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ទី​១២ ខែមេសា ដោយ​លោក អៀ សុខា ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត ។ លោក​ប្រធាន​មន្ទីរ​ថ្លែង​ថា អស់​រយៈពេល​ជិត​១​ខែ​មកនេះ ទឹកស្ទឹង​សែន នៅ​ស្រុក​ជ័យ​សែន និង​ស្រុក​រវៀង មាន​ផ្ទុក​សារធាតុពុល ធ្វើ​ឲ្យ​ត្រី​គ្រប់​ប្រភេទ​ទាំង​តូច​ទាំង​ធំ​ងាប់​រាប់​ម៉ឺន​ក្បាល ។ រហូត​មក​ដល់​ពេល​នេះ ជាតិពុល​ក្នុង​ទឹកបាន​ហូរ​ធ្លាក់​ដល់​ស្រុក​រវៀង ប៉ុន្តែ​ជាតិពុល​នោះ​បាន​ចុះ​ខ្សោយ​វិញ​ហើយ ។

លោក​បញ្ជាក់​ថា បន្ទាប់​ពី​មាន​សារធាតុពុល​ក្នុង​ទឹក មន្ត្រី​ជំនាញ​ក៏​បាន​យក​ទឹកស្ទឹង​នោះ​ទៅ​ពិសោធន៍​ដើម្បី​រក​សារធាតុពុល​នោះ តើ​ចេញ​មក​ពី​ប្រភព​ណា​ច្បាស់លាស់ ។ រហូត​មក​ដល់​ពេល​នេះ​ទទួល​បាន​លទ្ធផល​ហើយ បន្ទាប់​ពី​ធ្វើការ​ពិសោធន៍​អស់​រយៈពេល​ជាង​កន្លះ​ខែឃើញ​ថា ជាតិពុល​នេះ​មាន​ប្រភព​ហូរ​ធ្លាក់​មកពី​អាង​ស្តុក​កាក​សំណល់​របស់​ក្រុមហ៊ុន​ចម្ការ​អំពៅ​ផលិត​ស្ករស​រ៉ូ​យ​ហ្វេ​ង ។

លោក​ប្រធាន​មន្ទីរ​បញ្ជាក់​ទៀត​ថា ការ​ហូរ​ចូល​ក្នុង​ទឹកស្ទឹង​នូវ​សារធាតុពុល​នេះ ដោយសារ​តែ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​២​ថ្ងៃ​ជាប់​ៗ​គ្នា ធ្វើ​ឲ្យ​ទំនប់ អាង​ស្តុក​កាក​សំណល់​របស​រោង​ច្រក​ស្ករស​រ៉ូ​យ​ហ្វេ​ង ហូរ​ចូល​ក្នុង​ស្ទឹង​តែ​ម្តង ទើប​បណ្តាល​ឲ្យ​មាន​ជាតិពុល​ងាប់​ត្រី​បែប​នេះ ។

លោក អៀ សុខា ថ្លែង​ទៀត​ថា ក្រោយ​ពី​ទទួល​បាន​លទ្ធផល​ពិសោធន៍​ទឹក​នេះ​ហើយ មន្ត្រី​ជំនាញ​នឹង​ធ្វើការ​ណែនាំ​ដល់​ក្រុមហ៊ុន​រោងចក្រ​ស្កសរ ត្រូវធ្វើ​យ៉ាងណា​ពង្រីក​បន្ថែម​អាង​ស្តុក​កាក​សំណល់​ដែល​ចេញពី​រោងចក្រ​នេះ​ឲ្យ​កាន់តែ​ធំ​និង​មាន​ច្រើន​កន្លែង ចៀសវាង​ការ​ហូរហៀរ​ធ្លាក់​ចូល​ទៅ​ក្នុង​ទឹកស្ទឹង​ទៀត បណ្តាល​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​បរិស្ថាន និង​សុខភាព​មនុស្ស ។

លោក វង្ស សុខ​ខេ​ង​លី រស់នៅ​ភូមិ​ឈ្នួ​ន ឃុំ​រួសរាន់ ស្រុក​រវៀង បាន​លើក​ឡើង​ដែរ​ថា ចាប់តាំងពី​មាន​សារធាតុពុល​ហូរ​ចូល​ក្នុង​ស្ទឹង ក្បែរ​ភូមិ​គាត់​រស់នៅ​មក អ្នក​ភូមិ​ទាំងអស់​បាន​ផ្អាក​ឈប់​ប្រើប្រាស់​ទឹកស្ទឹង​នោះ រហូត​មក​ដល់​ពេល​នេះ​ពួក​គាត់​ប្រើ​តែ​ទឹក​អណ្តូងស្នប់​និង​អណ្តូង​ជីក​តែ​ប៉ុណ្ណោះ ។ កន្លង​ទៅ អ្នក​ភូមិ​គាត់​បាន​ចុះ​ទៅ​ដងទឹក​ប្រើប្រាស់ និង​រើស​យក​ត្រី​ដែល​ងាប់​ក្នុង​ទឹកស្ទឹង​នោះ​មក​បរិភោគ​ធ្វើ​ឲ្យ​ពួក​គេ​ពុល​ក្អួតចង្អោរ អស់កម្លាំង អ្នកខ្លះ​បាន​ដាក់​សេរ៉ូម និង​ខ្លះ​ទៀត​នាំ​ទៅ​សង្គ្រោះ​នៅ​មណ្ឌល​សុខភាព រីឯ​អ្នកនេសាទ​វិញ ពួក​គេ​បាន​ផ្អាក​នេសាទ​នៅ​ទីនោះ​ហើយ ។

គាត់​បាន​ស្នើ​ឲ្យ​អាជ្ញាធរ និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ទាំងអស់ ជំរុញ​ឲ្យ​រោងចក្រ​ផលិត​ស្ករស​នោះ រៀបចំ​អាង​ស្តុក​កាក​សំណល់​ជាតិពុល​នោះ​បន្ថែម​ទៀត ឲ្យ​បាន​ឆាប់រហ័ស​បំផុត ។

ជុំវិញ​បញ្ហា​នេះ លោក ហ្គួ​យ យៀង តំណាង​ក្រុមហ៊ុន​រ៉ូ​យ​ហ្វេ​ង​អភិវឌ្ឍន៍​ដំណាំ​អំពៅ បាន​ទទួលស្គាល់​ថា រោងចក្រ​ពិតជា​មាន​កន្លែង​ស្តុក​កាក​សំណល់​ចេញពី​រោងចក្រ​ប្រាកដ​មែន ហើយ​រោងចក្រ​ពុំ​មាន​ចេតនា​ណាមួយ​បង្ហូរ​កាក​សំណល់​នេះ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​បរិស្ថាន មនុស្ស និង​សត្វ​នោះ​ទេ ។ ដូច្នេះ បន្ទាប់​ពី​មាន​ករណី​ជាតិពុល​ក្នុង​ទឹកស្ទឹង​ដែល​ហូរ​ចេញពី​អាង​ស្តុក​ទឹក​កខ្វក់​របស់​រោងចក្រ​នេះ ក្រុមហ៊ុន​នឹង​ពិភាក្សា​បង្កើត​ទីតាំង​ស្តុក​សារធាតុ​កខ្វក់​ដែល​ចេញពី​រោងចក្រ​បន្ថែម​ទៀត ។

សូម​បញ្ជាក់​ថា គិត​ត្រឹម​ថ្ងៃ​ទី​១៣ ខែមេសា ជាតិពុល​ដែល​មាននៅ​ក្នុង​ទឹកស្ទឹង​សែន ស្រុក​ជ័យ​សែន បាន​ហូរ​ធ្លាក់​មក​ដល់​ស្រុក​រវៀង​ហើយ ប៉ុន្តែ​ជាតិពុល​នោះ​បាន​ថយ​ចុះ​ច្រើន រីឯ​ត្រី​ក៏​នៅ​តែ​មាន​ងាប់​ជា​បន្ត​ដែរ តែ​តិចតួច​ទេ ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

បរិស្ថាន

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ