ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលករ​ខ្មែរ​ខុសច្បាប់​ត្រូវ​ទាហាន​ថៃ​ឃាត់ខ្លួន​62​នាក់ ខណៈ​ពលករ​ស្របច្បាប់​សម្រុក​ទៅ​ថៃ​ក្រោយ​ចូល​ឆ្នាំ

7 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ គិត​ត្រឹម​ម៉ោង​៩​ព្រឹក​ថ្ងែ​ទី​១៨ ខែមេសា ពលករ​លួច​ឆ្លង​ដែន​ខុសច្បាប់​ចំនួន​៦២​នាក់ ត្រូវ​បាន​ទាហាន​ឈុត​ខ្មៅ​ថៃ​ចាប់​ឃាត់ខ្លួន

ខេត្តបន្ទាយមានជ័យ ៖ គិត​ត្រឹម​ម៉ោង​៩​ព្រឹក​ថ្ងែ​ទី​១៨ ខែមេសា ពលករ​លួច​ឆ្លង​ដែន​ខុសច្បាប់​ចំនួន​៦២​នាក់ ត្រូវ​បាន​ទាហាន​ឈុត​ខ្មៅ​ថៃ​ចាប់​ឃាត់ខ្លួន ខណៈ​ពួក​គេ​កំពុង​ដើរ​ឆ្លង​អូរ​ព្រំដែន​ចេញពី​ក្រុង​ប៉ោយ​បែ​ត ឆ្ពោះទៅ​កាន់​ទឹកដី​ថៃ ។

ប្រភព​ព័ត៌មាន​ឲ្យ​ដឹង​ថា ក្នុង​ចំណោម​ពលករ​ទាំង​៦២​នាក់​នេះ គឺ​៥៦​នាក់​(​ស្រី​២១​នាក់​) គ្មាន​ឯកសារ​អ្វី​ទាំងអស់ ។ ពួក​គេ​ដើរ​ឆ្លងកាត់​អូរ​ព្រំដែន​តាម​រយៈ​មេខ្យល់​ដែល​យក​ម្នាក់​ៗ២​ពាន់​បាត​ទៅ​៣​ពាន់​បាត ដោយ​ធានា​ជូន​ដល់​គោលដៅ​តាម​បណ្តា​ខេត្ត ក្នុង​ប្រទេស​ថៃ តែ​មិន​ទាន់​ដល់​គោលដៅ​ផង​ក៏​ត្រូវ​សមត្ថកិច្ច​ថៃ​ចាប់ ។

ប្រភព​ព័ត៌មាន​ដដែល​បន្ត​ថា រីឯ​ពលករ​៦​នាក់​ទៀត ៤​នាក់​កាន់​កាត​អន្តោប្រវេសន៍​ក្លែងក្លាយ និង​២​នាក់​កាន់​លិខិតឆ្លងដែន​ដែល​កន្លង​មក​ឆ្លង​ព្រំដែន​មិន​បាន​បំពេញ​ឯកសារ​ចេញចូល គឺ​មិន​បាន​វាយ​បិទ​ឬ​បើក ។ ទោះបីជា​បែប​ណា ពលករ​ទាំង​៦២​នាក់​នេះ មិន​ត្រូវ​បាន​សមត្ថកិច្ច​ថៃ​យកទោស​ពៃរ៍​អ្វី​ឡើយ ដោយ​អះអាង​ថា ក្រោយ​ពី​សួរនាំ​រួច​នឹង​បញ្ជូន​ត្រឡប់​មក​វិញ ។

ប៉ុន្តែ​មេបញ្ជាការ​យោធា​ឈុត​ខ្មៅ​កង​រយ១២០១ បាន​សំណូមពរ​ឲ្យ​អាជ្ញាធរ និង​សមត្ថកិច្ច​កម្ពុជា​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត មេត្តា​ជួយ​ផ្សព្វផ្សាយ​យ៉ាងណា​ដល់​ពលករ​សុំ​កុំ​ឲ្យ​ឆ្លង​ដែន​ខុសច្បាប់​និង​ជួយ​ទប់ស្កាត់​ផង ព្រោះ​បញ្ហា​ចំណាកស្រុក​ខុសច្បាប់​នេះ ខាង​ថៃ​ចាប់​បាន​រាល់ថ្ងៃ​មិន​ចេះ​អស់​ទាល់តែ​សោះ ។

ដោយឡែក ចំពោះ​ពលករ​ស្របច្បាប់​ដែល​បាន​វិល​ត្រឡប់​មក​ចូលរួម​ក្នុង​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ ក៏​ចាប់ផ្តើម​វិល​ពី​ស្រុក​កំណើត​ទៅ​កាន់​ប្រទេស​ថៃ​វិញ​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​យ៉ាងច្រើន​កុះករ​ដែរ ៕