ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកលក់​មីឆា​តាម​រទេះ​សម្រាលកូន​ក្បែរ​ខ្លោងទ្វារ​អង្គរ​សង្ក្រាន្ត

7 ឆ្នាំ មុន

ខេត្តសៀមរាប ៖ មិនមែន​ចៃដន្យ​ទេ​ប្រៀប​ដូច​ជា​ពេលវេលា​ដ៏​អស្ចារ្យ​មួយ គឺ​ចំ​ពេល​សម្តេច​នាយក​រដ្ឋមន្ត្រី កំពុង​ថ្លែង​បើក​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត ឆ្នាំ​២០១៧

ខេត្តសៀមរាប ៖ មិនមែន​ចៃដន្យ​ទេ​ប្រៀប​ដូច​ជា​ពេលវេលា​ដ៏​អស្ចារ្យ​មួយ គឺ​ចំ​ពេល​សម្តេច​នាយក​រដ្ឋមន្ត្រី កំពុង​ថ្លែង​បើក​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត ឆ្នាំ​២០១៧ ពេល​នោះ​ស្ត្រី​ម្នាក់ ដែល​កំពុង​លក់​មីឆា ប្រហិត​ចៀន​តាម​រទេះរុញ​ជាមួយ​ប្តី​និង​កូន​តូច​ម្នាក់ ក៏​បាន​ឈឺពោះ​គ្រប់​ខែឆ្លងទន្លេ​បង្កើត​បានកូន​ប្រុស​ម្នាក់ ស្ថិត​នៅ​ក្បែរ​ខ្លោងទ្វារ​ចូល​នៃ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត ។

ដោយ​គ្មាន​ពេទ្យ ត្រូវ​បាន​ក្រុមការងារ​សន្តិសុខ សណ្តាប់ធ្នាប់​ចរាចរ និង​ក្រុមការងារ​ប្រតិបត្តិ​អង្គរ​សង្ក្រាន្ត​បាន​ដឹក​ជញ្ជូន​ភ្លាម​ៗ ឆ្ពោះទៅ​មន្ទីរពេទ្យ​គន្ធ​បុប្ផា ខេត្តសៀមរាប​ផង​ដែរ​ដើម្បី​ជួយ​សង្គ្រោះ ។

បុរស​ជា​ប្តី​ឈ្មោះ ហេង សំណាង អាយុ​៣៥​ឆ្នាំ រស់នៅ​ភូមិ​តា​ព្រួច ឃុំ​ក្តុល ក្រុង​បាត់ដំបង ខេត្តបាត់ដំបង បាន​រៀបរាប់​ប្រាប់​កោះសន្តិភាព នៅ​រសៀល​ថ្ងៃ​ទី​១៥ ខែមេសា ឆ្នាំ​២០១៧​នេះ​ថា ខ្ញុំ​មាន​ប្រពន្ធ​ឈ្មោះ ឆាយ ស្រី អាយុ​២៥​ឆ្នាំ មានកូន​ប្រុស​ម្នាក់ ឈ្មោះ ណា​ង សុ​ផានិត អាយុ​៣​ឆ្នាំ និង​ទើប​បង្កើត​បានកូន​ប្រុស​ម្នាក់​ទៀត​ចំ​ថ្ងៃ​ចូល​ឆ្នាំ មិន​ទាន់​បាន​ដាក់​ឈ្មោះ​ឱ្យ​នៅឡើយ ។

បុរស​ជា​ប្តី​បាន​រៀបរាប់​បន្ត​ថា នៅ​ព្រឹក​ថ្ងៃ​ទី​១៤ ខែមេសា ឆ្នាំ​២០១៧​នេះ ប្រពន្ធ​របស់ខ្ញុំ​មាន​ផ្ទៃពោះ​បាន​គ្រប់​៩​ខែ​១០​ថ្ងៃ​តែ​ម្តង ។ បុរស​ជា​ប្តី​បាន​បញ្ជាក់​បន្ថែម​ថា ប្រពន្ធ​របស់ខ្ញុំ​បាន​សម្រាលកូន​នៅ​នឹង​ដី​ក្រាលកន្ទេល វេលា​ម៉ោង​៨​និង​២៥​នាទី អំឡុង​ពេល​កំពុង​លក់​មីឆា​ប្រហិត​ចៀន តាម​រទេះរុញ​ចល័ត​នៅ​លើ​ចិញ្ចើម​ផ្លូវ ខ្លោងទ្វារ​ចូល​អង្គរ​សង្ក្រាន្ត​តាមផ្លូវ​ចូល​ជិត​ដល់​អង្គរតូច ហួស​ច្រមុះជ្រូក កូ​ម៉ៃ​បន្តិច​ស្រាប់តែ​ប្រពន្ធ​គ​ខ្ញុំ​ប្រាប់​ថា ឈឺពោះ​ខ្លាំង​ណាស់ ។ គ្រាន់តែ​ប្រាប់​បាន​មួយ​ម៉ាត់ ពេល​នោះ​ខ្ញុំ​ជា​ប្តី​ក៏​បាន​យក​កន្ទេល មក​ក្រាល​លើ​ដី​ឱ្យ​ប្រពន្ធ​ដេក​ដើម្បី​សម្រួល​ខ្លួន ស្រាប់តែ​មួយសន្ទុះ ក៏​កើតមក​ភ្លាម​ៗ​តែ​ម្តង​ទៅ ។ ខណៈ​ពេល​នោះ ដោយ​ភ័យ​ពេក ខ្ញុំ​ក៏​រត់​មក​ខាង​មុខ​ខ្លោងទ្វារ​ឃើញ​ក្រុម​យុវជន ស ស យ ក និង​សមត្ថកិច្ច​កំពុង​ឈរ​យាម ដើម្បី​សម្រួល​ចរាចរណ៍ ខ្ញុំ​ក៏​ស្រែក​ឱ្យ​គាត់​ជួយ ។

សូម​បញ្ជាក់​បន្ថែម​ថា ភ្លាម​ៗ​នោះ​រហ័ស​ដូច​ចិត្ត ក្រុមការងារ​សន្តិសុខ សណ្តាប់​ធ្លាប់ ដោយ​មាន​លោក ឌី វិជ្ជា និង​លោក ស សុខា ជា​ថ្នាក់ដឹកនាំ​បាន​សហការ​ជាមួយ​សមត្ថកិច្ច អន្តរាគមន៍​ភ្លាម​ៗ​ដើម្បី​ដឹក​ជញ្ជូន​ស្ត្រី ដែល​ឆ្លងទន្លេ​រួច​ទៅ​ហើយ​នោះ ទៅ​កាន់​មន្ទីរពេទ្យ​គន្ធ​បុប្ផា យក​ទៅ​សង្គ្រោះ​បាន​ដោយ​ជោគជ័យ ។

បុរស​ជា​ប្តី​បានឱ្យ​ដឹង​បន្ថែម​ទៀត​ថា ខ្ញុំ​មក​លក់ដូរ​ផង មក​លេង​ផង ព្រោះ​សប្បាយចិត្ត ដោយ​រក​លុយ​បាន​ច្រើន​ទៀត​ផង​ម្លេ​៉ោះ​ហើយ​ភ្លេច​គិត​រឿង​ពោះធំ​គ្រប់​ថ្ងៃ​គ្រប់​ខែ ។ គាត់​បន្ថែម​ទៀត​ថា មិនតែប៉ុណ្ណោះ​ឆ្នាំ​នេះ បានកូន​ប្រុស​មួយទៀត ជា​កាដូ​នៃ​ថ្ងៃ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត និង​បុណ្យចូលឆ្នាំ​ថ្មី មុខ​ខ្លោង​ទ្វារធំ​តែ​ម្តង ។ ដូច្នេះ​រូប​ខ្ញុំ​សប្បាយចិត្ត​ខ្លាំង​ណាស់ មិនដឹង​រក​អ្វី​មក​និយាយ​ពុំ​បាន​ទៀត​ទេ គឺ​គ្មាន​វាចា​នឹង​ថ្លែង​ឱ្យ​អស់​ឡើយ ។

គាត់​និយាយ​ថា តាម​រយៈ​កាសែត​កោះសន្តិភាព សូម​ផ្តាំផ្ញើ​ជូន​ចំពោះ​បង​ៗ​ជា​សមត្ថកិច្ច និង​ក្រុមការងារ​យុវជន ដែល​បាន​ជួយ​សង្គ្រោះ​ជីវិត​កូន និង​ប្រពន្ធ​របស់ខ្ញុំ​បាន​ដោយ​សុវត្ថិភាព​ដែល​ខ្ញុំ​ស្មាន​មិន​ដល់ ។ ខ្ញុំ​ស្រឡាញ់ និង​ពេញចិត្ត​ក្នុង​ការ​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត ឆ្នាំរកា នព្វស័ក ពស​២៥៦១ ដែល​បាន​ផ្តល់​ឱ្យ​ប្រពន្ធ​របស់ខ្ញុំ​បាន​ឆ្លងទន្លេ​ដោយ​សុវត្ថិភាព ៕