ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រាជរដ្ឋាភិបាល​អំពាវនាវ​ដល់​ពលករ​ខ្មែរ​នៅ​ប្រទេស​កូរ៉េ​សូម​រក្សា​ភាព​នឹងនរ ខណៈ​ឧបទ្វីប​កូរ៉េ​តានតឹង

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ប្រជាពលរដ្ឋ​ខ្មែរ រួម​មាន​ពលករ ស្ត្រី​រៀប​ការ​ស្វាមី​កូរ៉េ និស្សិត និង​កម្មសិក្សាការី ដែល​បាន​រស់នៅ​ប្រទេស​កូរ៉េ

រាជធានី​ភ្នំពេញ ៖ ប្រជាពលរដ្ឋ​ខ្មែរ រួម​មាន​ពលករ ស្ត្រី​រៀប​ការ​ស្វាមី​កូរ៉េ និស្សិត និង​កម្មសិក្សាការី ដែល​បាន​រស់នៅ​ប្រទេស​កូរ៉េ ប្រមាណ​ជិត​២​ម៉ឺន​នាក់​ប្រកបដោយ​ភាព​សប្បាយ​រីករាយ បាន​ចូលរួម​ព្រឹត្តិការណ៍ «​មហាសង្ក្រាន្ដ​ខ្មែរ​» នៅ​ឧទ្យាន Manseok ទីក្រុង​ស៊ូ​វ៉ុ​ន ប្រទេស​កូរ៉េ ក្រោម​អធិបតីភាព លោក អុ​ិ​ត សំ​ហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​លោក ឡុ​ង ឌីម៉​ង់ ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​កូរ៉េ​ខាងត្បូង ។

ថ្លែង​ទៅ​កាន់​អ្នកចូលរួម «​មហាសង្ក្រាន្ដ​ខ្មែរ​» នៅ​កូរ៉េ​ប្រមាណ​២​ម៉ឺន​នាក់ លោក អ៊ិ​ត សំ​ហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ និង​ជូនពរ​ឆ្នាំ​ថ្មី របស់​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន ដល់​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់ ដែល​កំពុង​ស្នាក់​នៅ​សាធារណរដ្ឋ​កូរ៉េ ។

លោក​រដ្ឋមន្ត្រី​មាន​ប្រសាសន៍​ថា រាជរដ្ឋាភិបាល​បាន​តាមដាន​យ៉ាង​យកចិត្តទុកដាក់​អំពី​កា​រវិ​វត្ត​នៅ​ក្នុង​ឧបទ្វីប​កូរ៉េ និង​បាន​ត្រៀម​នូវ​វិធីសាស្ត្រ​ចាំបាច់​សម្រាប់​គ្រប់គ្រង​សុវត្ថិភាព​របស់​ប្រជាពលរដ្ឋ​កម្ពុជា​នៅ​ទីនោះ ។ ហេតុ​ដូច្នេះ​សូម​សាធារណជន​ជា​ពិសេស​ឪពុក ម្តាយ និង​ក្រុម​គ្រួសារ​ពលករ និង​ស្ត្រី​រៀប​ការ​ស្វាមី​កូរ៉េ ក៏​ដូច​ជា​និស្សិត សូម​រក្សា​ភាព​នឹងនរ បន្ត​និរន្តរភាព​ការងារ​ជា​ធម្មតា​។ ចំណែក​ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​យើង​នៅ​កូរ៉េ នឹង​បន្ត​តាមដាន​សភាពការណ៍ និង​ទំនាក់ទំនង​ជាមួយ​ប្រជាពលរដ្ឋ​ខ្មែរ​បន្ត​ទៀត ។ សូម​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ជឿជាក់​លើ​ចំណាត់ការ​របស់​រដ្ឋាភិបាល​សាធារណរដ្ឋ​កូរ៉េ និង​បន្ត​រួមរស់​ដោយ​សុខសាន្ត​ជាមួយ​ប្រជាពលរដ្ឋកូរ៉េ ។

លោក​រដ្ឋមន្ត្រី អ៊ិត សំ​ហេង បាន​ឲ្យ​ដឹង​ទៀត​ថា ការ​រៀបចំ​មហាសង្ក្រាន្ត​ខែ្ម​រ​នា​ពេល​នេះ គឺ​ដើម្បី​អបអរសាទរ​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ ដែល​ជា​បុណ្យប្រពៃណី​ដ៏​ធំ​របស់​ប្រជាជន​ខ្មែរ​យើង ដើម្បី​ជួបជុំ​មហា​គ្រួសារ​ខ្មែរ ធ្វើបុណ្យ​ទាន​ឧទ្ទិស​កុសល​ជូន​ដល់​វិញ្ញាណក្ខន្ធ​លោក​អ្នក​មានគុណ​ទាំងឡាយ​ដែល​បាន​ចែក​ឋាន​ទៅ​កាន់​បរលោក ទុកជា​ការ​តបស្នង​សងគុណ​ដល់​បុព្វការី​ជន​ជាទី​គោរព​ស្រឡាញ់​នៃ​យើង ។

លោក​បន្ត​ថា បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ​យើង ក៏​ជា​ឱកាស​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​យើង​ជួបជុំ​គ្នា​លេង​កម្សាន្ត​សប្បាយ​នូវ​ល្បែងល្បាំ​ប្រជាប្រិយ​ដោយ​មិន​ប្រកាន់​អ្វី​ទាំងអស់ ។ នេះ​ជា​ប្រពៃណី​ជាតិខ្មែរ​យើង​ដ៏​រុងរឿង​ល្អ​ផូរផង់ ដែល​ជា​មោទនភាព​ជាតិ​របស់​ខ្មែរ​យើង ហើយ​ការ​រៀបចំ​កម្មវិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ​នៅ​កូរ៉េ ពិតមែន​មិន​អាច​គ្រប់គ្រាន់​ដូច​យើង​នៅ​ជួបជុំ​គ្រួសារ​ឯ​ស្រុក​កំណើត​យើង តែ​បញ្ជាក់​ថា ខ្មែរ​យើង​ទោះ​ដល់​ទីណា​ក៏​នៅ​ជា​ខ្មែរ ទោះជា​សម្បូរ​សប្បាយ​យ៉ាងណា​ក្ដី ក៏​ខ្មែរ​មិន​ភ្លេច​ប្រពៃណី​វប្បធម៌​ខ្មែរឡើយ ។

លោក អ៊ិត សំ​ហេង បាន​បញ្ជាក់​ថា ក្នុង​នាម​រាជរដ្ឋាភិបាល​កម្ពុជា និង​ក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ សូម​គោរព​កោតសរសើរ​បងប្អូន​ខ្មែរ​រស់នៅ​កូរ៉េ​ខាងត្បូង​ទាំងអស់ ពិតជា​កុលបុត្រ​ខ្មែរ​ស្នេហា​ជាតិ​ជា​ពូជពង្ស​ខ្មែរ​អង្គរ​ដ៏​រុងរឿង ។ ជាមួយ​នោះ​ដែរ លោក​ក៏​បាន​ជម្រាប​ជូន​អំពី​វឌ្ឍនភាព​ដែល​រាជរដ្ឋាភិបាល​កម្ពុជា​ក្រោម​ការ​ដឹកនាំ​ដ៏​ឈ្លាសវៃ​ប្រកបដោយ​គតិបណ្ឌិត​របស់​ស​មេ្ត​ច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​កំពុង​តែ​មានការ​រីក​ចម្រើន​ប្រកបដោយ​សន្តិភាព ស្ថិរភាព ការ​អភិវឌ្ឍ និង​កិច្ច​សហប្រតិបត្តិការ និង​សម្រេច​បាន​នូវ​សមិទ្ធផល​ជា​ច្រើន​ដែល​យើង​ទាំងអស់​គ្នា​បានឃើញ និង​ទទួល​បាន​ផល​ពី​សមិទ្ធផល​នេះ ស្រប​តាម​កម្មវិធី​នយោបាយ​របស់​រាជរ​ដ្ឋា​ភិបាល ។

ចំណែក​លោក ឡុ​ង ឌី​ម៉​ង់ ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​កូរ៉េ បាន​ឲ្យ​ដឹង​ថា ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​កូរ៉េ និង​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ សហការ​ជាមួយ​សហគមន៍​ខ្មែរ​នៅ​សាធារណរដ្ឋ​កូរ៉េ រៀបចំ​ព្រឹត្តិការណ៍​មហាសង្ក្រាន្ដ​ខ្មែរ​នៅ​កូរ៉េ ដ៏​ធំ​ប្រចាំឆ្នាំ​ជា​លើក​ដំបូង ដើម្បី​អបអរសាទរ​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ ក្នុង​បំណង​បង្កើត​ភាព​សប្បាយ​រីករាយ​ជូន​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់​ដែល​រស់នៅ ធ្វើការ និង​សិក្សា​នៅ​សាធារណរដ្ឋ​កូរ៉េ ក្នុង​ស្មារតី​ខ្មែរ​តែ​មួយ អនាគត​ខ្មែរ​តែ​មួយ ។ លោក​បញ្ជាក់​ថា ព្រឹត្តិការណ៍​មហាសង្ក្រាន្ដ​ខ្មែរ​នៅ​កូរ៉េ​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃអាទិត្យ​ទី​១៦ ខែមេសា ឆ្នាំ​២០១៧ ចាប់ពី​ម៉ោង​១០​ព្រឹក ដល់​ម៉ោង​៦​ល្ងាច នៅ​សួន​កម្សាន្ដ Manseok Park នាទី​ក្រុង​ស៊ូ​វ៉ុ​នខេត្ត​ខ្យង​គី សាធារណរដ្ឋ​កូរ៉េ ជាមួយនឹង​កម្មវិធី​ប្រពៃណី​ជា​ច្រើន​ដូច​ជា​៖ ពិធី​សាសនា ពិធី​ពូន​ភ្នំខ្សាច់ ការ​បង្ហាញ​ក្បាច់គុន​បុរាណ​ខ្មែរ កម្មវិធី​សម្ដែង​សិល្បៈ​ប្រពៃណី ការ​លេងល្បែង​ប្រជាប្រិយ ការ​តាំង​បង្ហាញ​មុខម្ហូប នំ​បង្អែម​ខ្មែរ និង​ការ​ប្រគំ​តន្ត្រីសម័យ​ខ្នាត​ធំ​ដែល​មាន​សិល្បករ​-​សិល្ប​ការិនី​មក​ពី​ព្រះរាជាណាចក្រ​កម្ពុជា​ជាដើម ៕