ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រយៈពេល​2​ឆ្នាំ​ខាង​មុខ កំណើនសេដ្ឋកិច្ច​កម្ពុជា​នឹង​នៅ​តែ​រឹង​មាំ

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ តាម​របាយការណ៍​របស់​ធនាគារពិភពលោក​ដែល​បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​១៣ មេ​សា ឆ្នាំ​២០១៧ បាន​បង្ហាញ​ថា កំណើនសេដ្ឋកិច្ច​កម្ពុជា​សម្រាប់​ឆ្នាំ​២០១៦​មាន​៦,៩% ហើយ​នៅ​ឆ្នាំ​២០១៧ និង​ឆ្នាំ​២០១៨​ខាង​មុខ នឹង​

រាជធានី​ភ្នំពេញ ៖ តាម​របាយការណ៍​របស់​ធនាគារពិភពលោក​ដែល​បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​១៣ មេ​សា ឆ្នាំ​២០១៧ បាន​បង្ហាញ​ថា កំណើនសេដ្ឋកិច្ច​កម្ពុជា​សម្រាប់​ឆ្នាំ​២០១៦​មាន​៦,៩% ហើយ​នៅ​ឆ្នាំ​២០១៧ និង​ឆ្នាំ​២០១៨​ខាង​មុខ នឹង​នៅ​តែ​រឹង​មាំ​គឺ​៦,៩%​ដដែល ខណៈ​ធនាគារអភិវឌ្ឍន៍អាស៊ី កាលពី​ពេល​ថ្មី​ៗ​នេះ បាន​ចេញផ្សាយ​របាយការណ៍​របស់​ខ្លួន​ថា កំណើនសេដ្ឋកិច្ច​កម្ពុជា​នៅ​ឆ្នាំ​២០១៧ និង​ឆ្នាំ​២០១៨ នឹង​មាន​អត្រា​៧,១% ។

លោក លី សូ​ដេ​ត សេដ្ឋវិទូ​ជាន់ខ្ពស់​នៃ​ធនាគារពិភពលោក​ប្រចាំ​កម្ពុជា បាន​មាន​ប្រសាសន៍​នៅ​ក្នុង​កិច្ច​សន្និសីទ​សារព័ត៌មាន​មួយ​កាលពី​ថ្ងៃ​ទី​១៣ មេ​សា ឆ្នាំ​២០១៧ កន្លង​មក​ថា កំណើនសេដ្ឋកិច្ច​កម្ពុជា ត្រូវ​បាន​ប៉ាន់​ប្រមាណ​ថា​នឹង​នៅ​តែ​មាន​ភាពរឹងមាំ​គឺ​៦,៩% សម្រាប់​ឆ្នាំ​២០១៧ និង​ឆ្នាំ​២០១៨​ខាង​មុខ​នេះ ដោយសារ​តែ​មានការ​ចំណាយ​សាធារណៈ​ខ្ពស់ និង​ការ​ពង្រីក​វិស័យ​កសិកម្ម និង​ទេសចរណ៍ ដែល​វា​អាច​ជំនួស​នៃ​ការ​ធ្លាក់​ចុះ​នៃ​វិស័យ​សំណង់ និង​ការ​នាំ​ចេញ​សម្លៀក​បំពាក់ តែ​យ៉ាងណា​ក៏​ដោយ សំណង់​ក៏​នៅ​តែ​មាន​ភាព​រស់​រវើក​សម្រាប់​រយៈពេល​ពីរ​ឆ្នាំ​ខាង​មុខ​នេះ ។

លោក​បន្ត​ថា ការ​ព្យាករ​របស់​ស្ថាប័ន​នីមួយ​ៗ​ទៅ​លើ​កំណើនសេដ្ឋកិច្ច មិន​អាច​ដូច​គ្នា​ទាំងស្រុង​នោះ​ទេ ។ ជាក់ស្ដែង ធនាគារអភិវឌ្ឍន៍អាស៊ី មាន​តួលេខ​ផ្សេង ហើយ​ធនាគារពិភពលោក​មាន​តួលេខ​ផ្សេង តែ​យ៉ាងណា ការ​ព្យាករ​របស់​ស្ថាប័ន​នីមួយ​ៗ គឺ​វា​អាស្រ័យ និង​ពឹងផ្អែក​ទៅ​លើ​គោលការណ៍​រៀង​ៗ​ខ្លួន ក៏​ប៉ុន្តែ​តួលេខ​រវាង​ធនាគារអភិវឌ្ឍន៍អាស៊ី និង​ធនាគារ​ពិ​ព​ភ​លោក​ក៏​មិន​ខុស​គ្នា​ឆ្ងាយ​នោះ​ដែរ គឺ​តិចតួច​បំផុត ។

លោក​ថា ៖ « ចំពោះ​តួលេខ​ដែល​ធនាគារពិភពលោក​បាន​ព្យាករណ៍ ដោយ​ពឹងផ្អែក​លើ​វិស័យ​សំណង់​នៅ​ក្នុង​ប្រទេស​កម្ពុជា នៅ​មាន​ភាពរឹងមាំ​។ ជាក់ស្ដែង​លំហូរ​វិនិយោគទុន​ផ្ទាល់​ពី​បរទេស​នៅ​កម្ពុ​ជានា​ពេល​បច្ចុប្បន្ន​នេះ នៅ​តែ​មាន​សន្ទុះ​ល្អ​ប្រសើរ ហើយ​នៅ​ឆ្នាំ​ខាង​មុខ​ៗ​ទៀត ក៏​វា​នៅ​តែ​ល្អ​ប្រសើរ ខណៈ​វិស័យ​កសិកម្ម​ក៏​ឃើញ​ថា​មាន​សន្ទុះ​ងើបឡើង​វិញ​ដែរ បន្ទាប់​ពី​ឆ្នាំ​មុន​ៗ​វិស័យ​នេះ​មាន​កំណើន​តិចតួច​បំផុត​។ ដោយឡែក​ក្នុង​ការ​នាំ​ចេញ​សម្លៀក​បំពាក់​ទៅ​ក្រៅ​វិញ បើ​ទោះបីជា​ប្រាក់​ដុល្លារ​ឡើងថ្លៃ ហើយ​កម្លាំង​ពលកម្ម​ឡើងថ្លៃ តែ​ការ​នាំ​ចេញ​ក៏​នៅ​តែ​មាន​ភាពល្អ​ដែរ បើ​ទោះជា​មិន​មាន​ខ្លាំង​ក៏​ដោយ » ។

លោក លី សូ​ដេ​ត បាន​បញ្ជាក់​ថា តួលេខ​នៃ​កំណើន​នេះ​សម្រាប់​កម្ពុជា គឺ​វា​ល្អ​ប្រសើរ​ណាស់ ហើយ​បើសិនជា​កម្ពុជា​នៅ​តែ​រក្សា​បាន​នូវ​កំណើន​ជុំវិញ​៧%​រយៈ​១០​ឆ្នាំទៅ​មុខ​ទៀត កម្ពុជា​នឹង​មានការ​ប្រែប្រួល​រីក​ចម្រើន​ខ្លាំង ហើយ​ពេល​នោះ ប្រាក់​ចំណូល​សរុប​របស់​ប្រជាពលរដ្ឋ ក៏​កើន​ទ្វេ​ដង​ផង​ដែរ ។

គួរ​បញ្ជាក់​ថា ស្រប​ពេល​កំណើនសេដ្ឋកិច្ច​ប្រទេស​កម្ពុជា មាន​ភាពរឹងមាំ​ដែរ​នោះ ធនាគារពិភពលោក​ក៏​បាន​ព្យាករណ៍​ផង​ដែរ​ថា កំណើនសេដ្ឋកិច្ច​ក្នុង​តំបន់​អាស៊ី​បូព៌ា និង​ប៉ា​ស៊ី​ហ្វិ​ក ក៏​ទំនង​នឹង​នៅ​តែ​មាន​ភាពរឹងមាំ ។

លោកស្រី វិច​តូ​រៀ ក្វា​ក្វា អនុប្រធាន​ធនាគារពិភពលោក​ប្រចាំ​តំបន់​អាស៊ី​បូព៌ា និង​ប៉ា​ស៊ី​ហ្វិ​ក បាន​មាន​ប្រសា​ន៍​ថា គោលនយោបាយ​ដែល​ល្អ​ៗ និង​ការ​កើនឡើង​បន្តិច​ម្ដង​ៗ​នៃ​សេដ្ឋកិច្ច​របស់​ពិភពលោក​បាន​ជួយ​ដល់​បណ្ដា​ប្រទេស​កំពុង​អភិវឌ្ឍន៍ នៅ​ក្នុង​តំបន់​អាស៊ី​បូព៌ា និង​ប៉ា​ស៊ី​ហ្វិ​ក ទទួល​បាន​នូវ​កំណើន​ប្រកបដោយ​ចីរភាព និង​កាត់​បន្ថយ​ភាព​ក្រីក្រ ។

លោក ស៊ុ​ឌៀ សេត​ទី ប្រធាន​សេដ្ឋកិច្ច​វិទ្យា​របស់​ធនាគារពិភពលោក​ប្រចាំ​តំបន់​អាស៊ី​បូព៌ា​និង​ប៉ា​ស៊ី​ហ្វិ​ក បានឱ្យ​ដឹង​ថា ទោះ បី​ជា​មាន​ភាព​ជោគជ័យ​គួរ​ឱ្យ​ពេញចិត្ត​ក្តី ភាពរឹងមាំ​នៃ​សេដ្ឋកិច្ច​របស់​តំបន់​នេះ ពឹងផ្អែក​លើ​អ្នក​តាក់តែង​គោលនយោបាយ​នានា​ដែល​ទទួលខុសត្រូវ និង​កែតម្រូវ​ភាព​មិន​ប្រាកដប្រជា​សំខាន់​ៗ​នៅ​លើ​ពិភពលោក និង​ភាព​ទន់ខ្សោយ​ក្នុងស្រុក ៕