ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិន​ទាន់​ចាប់​បាន​អ្នក​បង្ហូរឈាម

7 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ រហូត​មក​ដល់​ថ្ងៃ​ទី​១៨ ខែមេសា ជន​ដៃដល់​ដែល​បាន​បា.ញ់ប្រហារ​មិន​ញញើត​ដៃ​នា​វេលា​ទៀប​ភ្លឺ​ថ្ងៃ​ចូល​ឆ្នាំ​ថ្មី

ខេត្តបន្ទាយមានជ័យ ៖ រហូត​មក​ដល់​ថ្ងៃ​ទី​១៨ ខែមេសា ជន​ដៃដល់​ដែល​បាន​បាញ់ប្រហារ​មិន​ញញើត​ដៃ​នា​វេលា​ទៀប​ភ្លឺ​ថ្ងៃ​ចូល​ឆ្នាំ​ថ្មី មិន​ទាន់​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​បាន​នៅឡើយ​ទេ​។ ការ​បាញ់ប្រហារ​នេះ បង្ក​ឡើង​ដោយ​ទាហាន​តំបន់​អភិវឌ្ឍន៍​ភូមិភាគ​៥​ម្នាក់​ដែល​តូចចិត្ត​ដណ្តឹង​កូនស្រី​គេ​មិន​បាន ក៏​ក្លាយ​ខ្លួន​ជា​បិសាច​ដ៏​សាហាវ​បាញ់​ប្រល័យ​ជីវិត​គ្រួសារ​រង​គ្រោះ​នៅ​យប់​ថ្ងៃ​បុណ្យចូលឆ្នាំ​ថ្មី គឺ​បាញ់​រះ​ចូល​ក្នុងផ្ទះ​បណ្តាល​ស្លាប់​៣​នាក់ របួស​ម្នាក់​ធ្ងន់ នៅ​វេលា​ម៉ោង​៣​និង​១៥​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី​១៤ ខែមេសា នៅ​ភូមិ​ថ្មី ឃុំ​ថ្មី ស្រុក​ម៉ា​ឡៃ ។

លោក​វរសេនីយ៍ត្រី តាំង សុ​ហេង មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​ម៉ា​ឡៃ បាន​ឲ្យ​ដឹង​ថា​ជន​រង​គ្រោះ​ដែល​ស្លាប់​៣​នាក់​មាន ៖
១-​ឈ្មោះ ជួប សាំង​លី​ន ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ស្លាប់​ក្នុងផ្ទះ ។
២-​ឈ្មោះ ម៉ែ សុវណ្ណ​រ៉ា​ឌី ភេទ​ស្រី អាយុ​៣២​ឆ្នាំ ស្លាប់​នៅ​មន្ទីរពេទ្យ និង
៣-​ឈ្មោះ សុខ ខាត់ណា ភេទ​ស្រី អាយុ​៥៥​ឆ្នាំ ស្លាប់​នៅ​មន្ទីរពេទ្យ ។
ចំណែក​អ្នក​របួសធ្ងន់​ឈ្មោះ អឹ​ម សំបុ​ន ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ។

តាម​សាច់ញាតិ​ជន​រង​គ្រោះ​និយាយ​ថា ការ​លួច​បាញ់ប្រហារ​នេះ​បាន​កើតឡើង​នៅ​ពេល​ម្ចាស់ផ្ទះ​បើកទ្វារ​ចេញ​មក​អុជ​ធូប​ទទួល​ទេវតា​ឆ្នាំ​ថ្មី នា​វេលា​ម៉ោង​៣​និង​១៥​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី​១៤ ខែមេសា ។ ពេល​នោះ ស្រាប់តែ​ស្នូរ​កាំភ្លើង​បាញ់​លាន់​ដូច​រន្ទះ​ជា​ច្រើន​គ្រាប់​ចូល​ក្នុងផ្ទះ​បណ្តាល​ឲ្យ​ត្រូវ​ឈ្មោះ ជួប សាំង​លី​ន ជា​ច្រើន​គ្រាប់​ដួល​ស្លាប់​នៅ​នឹង​កន្លែង និង​៣​នាក់​ទៀត​រង​របួសធ្ងន់ តែ​ពេល​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ក៏​ស្លាប់​២​នាក់​ទៀត ។

សាច់ញាតិ​ជន​រង​គ្រោះ​និយាយ​ទៀត​ថា ករណី​លួច​បាញ់ប្រហារ​យ៉ាង​សាហាវ​នេះ ត្រូវ​បាន​ដាក់​ការ​សង្ស័យ​និង​ស្គាល់​មុខសញ្ញា​ជន​ដៃដល់​ហើយ​គឺ​ឈ្មោះ រ៉េ​ត រាត្រី ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ជា​យោធា​នៅ​អង្គភាព​តំបន់​អភិវឌ្ឍន៍យោធភូមិ​ភាគ​ទី​៥ ឈរជើង​នៅ​ភ្នំ​ឆត្រ ស្ថិត​ភូមិ​ក្តឹប​ថ្ម ឃុំ​ស្ល​ក្រាម ស្រុក​ស្វាយចេក ។ ការ​បង្ហូរឈាម​យ៉ាង​សាហាវ​នេះ គឺ​បន្ទាប់​ពី​ជន​ដៃដល់​ស្រឡាញ់​កូនស្រី​ម្ចាស់ផ្ទះ​ហើយ​ចូល​ដណ្តឹង​មិន​ឱ្យ ទើប​កើតជា​រឿង​គំនុំ​លួច​បាញ់ប្រហារ​តែ​ម្តង ។

លោក​វរសេនីយ៍ត្រី តាំង សុ​ហេង ថ្លែង​ថា ករណី​លួច​បាញ់ប្រហារ​នេះ មន្ត្រី​ជំនាញ​ធ្វើការ​ស្រាវជ្រាវ​និង​កំណត់​មុខសញ្ញា​ជនល្មើស​បាន​ហើយ ដើម្បី​ចាប់ខ្លួន​យក​មក​ផ្តន្ទាទោស​ទៅ​តាម​ច្បាប់ ៕