ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ភូមិ​ជនជាតិភាគតិច​ប្តឹង​ជំទាស់​លើ​ឯកសារ​ដី​២៥៥​ហិ​កតា

1 ឆ្នាំ មុន
  • មណ្ឌលគិរី

ប្រជាពលរដ្ឋ​ជនជាតិភាគតិច​ព្នង​នៅ​ភូមិ​ពូ​រាំង​បាន​សម្រេច​ដាក់​ពាក្យ​ប្តឹង​ជំទាស់​នឹង​ការ​ចេញ​សេចក្តីជូនដំណឹង ស្តី​ពី​ការ​បិទ​ផ្សាយ​ជា​សាធារណៈ នូវ​ឯកសារ​នៃ​ការ​វិនិច្ឆ័យ​ដី​ទំហំ​២៥៥​ហិ​កតា នៅ​ភូមិ​

ខេត្តមណ្ឌលគិរី ៖ ប្រជាពលរដ្ឋ​ជនជាតិភាគតិច​ព្នង​នៅ​ភូមិ​ពូ​រាំង​បាន​សម្រេច​ដាក់​ពាក្យ​ប្តឹង​ជំទាស់​នឹង​ការ​ចេញ​សេចក្តីជូនដំណឹង ស្តី​ពី​ការ​បិទ​ផ្សាយ​ជា​សាធារណៈ នូវ​ឯកសារ​នៃ​ការ​វិនិច្ឆ័យ​ដី​ទំហំ​២៥៥​ហិ​កតា នៅ​ភូមិ​ពូ​រាំង ឃុំ​សែន​មនោ​រម្យ ស្រុក​អូរ​រាំង លក់​ទៅ​ឱ្យ​អ្នកមាន​ម្នាក់​នៅ​រាជធានី​ភ្នំពេញ ដោយ​ពួក​គាត់​អះអាង​ថា​បាន​ប៉ះពាល់​ដល់​ដី​អាស្រ័យ​ផល​របស់​ខ្លួន ។

យោង​តាម​លិខិត​ចុះ​ថ្ងៃ​ទី​២៨ ខែតុលា ឆ្នាំ​២០២២ របស់​អ្នក​ភូមិ បាន​ប្រកាស​ប្តឹង​ជំទាស់​មិន​ឲ្យ​ចេញ​ប្លង់​កម្មសិទ្ធិ​លេខ​២០៨ ស​.​ជ​.​ណ ចុះ​ថ្ងៃ​ទី​២៤ ខែមីនា ឆ្នាំ​២០២២ របស់​ទីស្តីការ​គណៈរដ្ឋមន្ត្រី និង​ជំទាស់​សេចក្តីជូនដំណឹង​លេខ ២២០ លេខ​២២៩ និង​លេខ​២៣០ ចុះ​ថ្ងៃ​ទី​១៩ ខែតុលា ឆ្នាំ​២០២២ របស់​រដ្ឋបាល​ស្រុក​អូរ​រាំង មូលហេតុ​គឺ​ប៉ះពាល់​លើ​ដី​របស់​ពួក​គាត់ ។

ជុំវិញ​ករណី​នេះ អាជ្ញាធរ​ស្រុក​អួរ​រាំង នៅ​ថ្ងៃ​ទី​៣១ ខែតុលា ឆ្នាំ​២០២២ បាន​ឲ្យ​ដឹង​ថា «​ក្នុង​ករណី​មានការ​ប្តឹង​ជំទាស់​ពី​ប្រជាពលរដ្ឋ ហើយ​ពួក​គាត់​មាន​ឯកសារ​ដាក់​មក រដ្ឋបាល​ស្រុក​នឹង​ចាត់​ក្រុមការ​ងារ​ទៅ​ត្រួតពិនិត្យ​ទីតាំង​ដែល​ពួក​គាត់​ស្នើ​សុំ ឬ​ពួក​គាត់​អះអាង​ថា មានការ​ប៉ះពាល់ដី​របស់​គាត់​» ។

ការ​ផ្ទុះ​បាតុភាព​ប្រឆាំង​តវ៉ា​មិន​ឲ្យ​ចេញ​ប័ណ្ណកម្មសិទ្ធិ​ទៅ​អ្នក​ស្នើ​សុំ តាម​រយៈ​ការ​ជូនដំណឹង​ស្តី​ពី​ការ​បិទ​ផ្សាយ​ជា​សាធារណៈ​នូវ​ឯកសារ​នៃ​ការ​វិនិច្ឆ័យ​ដី​ទំហំ ២៥៥​ហិ​កតា នៅ​ស្រុក​អូរ​រាំង ​នេះតាម​ប្រភព​ក្រៅផ្លូវការ និង​អ្នក​គួ​ក​ជេ​ដី​និយាយ​ថា ដី​ម្តុំ​នោះ​មិន​ខុស​ពី​សាច់​ជ្រូក​បី​ជាន់​ទេ ពោល​គឺ​ដី​មាន​តម្លៃ​មហាសាល កន្លែង​ខ្លះ​ថ្លៃ​២​ម៉ឺន​ទៅ​៥​ម៉ឺន​ដុល្លារ​ក្នុង​មួយ​ហិ​កតា​ឯណោះ ទើប​បណ្តាល​ឲ្យ​កើត​មាន​វិវាទ​មិន​អស់​មិន​ហើយ ជា​ពិសេស​អ្នកមាន​ប្រាក់​មាន​ទាំង​អំណាច​រស់នៅ​រាជធានី​ភ្នំពេញ​ដែល​ចង់​ត្របាក់​យក ។

សូម​បញ្ជាក់​ថា យោង​តាម​លិខិត​របស់​ទីស្ដី​ការ​គណៈរដ្ឋមន្ត្រី លេខ​២០៨ ស​.​ជ​.​ណ ដែល​មានកម្ម​វត្ថុ សុំ​ទិញ​ផ្ដាច់​ដី​ចំនួន​២​ទីតាំង ទំហំ​សរុប ៣៣៤​ហិ​កតា ៥​អា ស្ថិត​នៅ​ភូមិ​ពូ​តាំង សង្កាត់រ​មនា ក្រុង​សែន​មនោ​រម្យ និង​ភូមិ​ពូ​រាំង ឃុំ​សែន​មនោ​រម្យ ស្រុក​អូរ​រាំង ខេត្តមណ្ឌលគិរី សម្រាប់​ធ្វើការ​វិនិយោគ អភិវឌ្ឍន៍​ជា​តំបន់​ទេសចរណ៍ធម្មជាតិ ។ ចំណែក​អ្នក​ភូមិ​ពូ​រាំង​និយាយ​ថា មិនមែន​តំបន់​ទេសចរ​ធម្មជាតិ​ខ្មោច​សេះ​អី​ទេ​…​ចេះ​តែ​ថា​…​ចេះ​តែ​អួត ។

ខ្លឹមសារ​ក្នុង​លិខិត​នេះ​បាន​បញ្ជាក់​ថា ៖
១-​ធ្វើ​អនុ​ប​យោ​គជា​សម្បត្តិ​ឯកជន​របស់​រដ្ឋ​នូវ​ផ្ទៃដី​ចម្ការ​ស្រល់​ទំហំ ៧៩​ហិ​កតា ៥​អា នៅ​ភូមិ​ពូ​តាំង សង្កាត់រ​មនា ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី ដូច​មាន​ផែនទី​និង​តារាង​និយាម​កា​ភ្ជាប់​មក​ជា​មួយ និង​លក់​ផ្ដាច់​ទីតាំង​ដី​នេះ​ជូន​ឈ្មោះ ជិ​ង ធាន​សេង ក្នុង​តម្លៃ ២.០០០​ដុល្លារ​ក្នុង​មួយ​ហិ​កតា សរុប​ស្មើនឹង​១៥៨.១០០​ដុល្លារ​។ ចំណែក​អ្នក​គួ​ក​ជេ​ដី​នៅ​តំបន់​នោះ​និយាយ​ថា ដី​នេះ​មាន​តម្លៃ​ពី​២​ម៉ឺន​ទៅ​៥​ម៉ឺន​ដុល្លារ ក្នុង​១​ហិ​កតា ។

២-​ធ្វើ​អនុ​ប​យោ​គជា​សម្បត្តិ​ឯកជន​របស់​រដ្ឋ​នូវ​ផ្ទៃដី​ទំហំ ២៥៥​ហិ​កតា ស្ថិត​នៅ​ភូមិ​ពូ​រាំង ឃុំ​សែន​មនោ​​រម្យ ស្រុក​អូរ​រាំង ខេត្តមណ្ឌលគិរី ដូច​មាន​ផែនទី​និង​តារាង​និយាម​កា​ភ្ជាប់​មក​ជាមួយ និង​លក់​ផ្ដាច់​ទីតាំង​ដី​នេះ​ជូន​ឈ្មោះ ជឹ​ង ធាង​សេង ក្នុង​តម្លៃ ១.៥០០​ដុល្លារ​ក្នុង​មួយ​ហិ​កតា ស្មើនឹង ៣៨២.៥០០​ដុល្លារ ។ អ្នក​គួ​ក​ជេ​ដី​ក៏​បាន​និយាយ​ដែរ​ថា ដី​នេះ​មាន​តម្លៃ​រាប់​ម៉ឺន​ដុល្លារ ក្នុង​១​ហិ​កតា​ដែរ មិនមែន​១.៥០០​ដុល្លារ មួយ​ហិ​កតា​ទេ ។

ដោយឡែក ក្រុម​អ្នក​តាមដាន​សង្គម​បាន​លើក​ឡើង​ថា បាតុភាព​ដែល​បាន​កើតឡើង​រវាង​អ្នក​ភូមិ​និង​អាជ្ញាធរ​ខាងលើ អាច​បណ្តាល​មក​ពី​កំហុស​របស់​អាជ្ញាធរ​មូលដ្ឋាន កង្វះ​ព័ត៌មាន​រាយការណ៍​ជូន​ថ្នាក់ដឹកនាំ ខណៈ​អ្នក​ភូមិ​បាន​អាស្រ័យ​ផល​លើ​ទីតាំង​ជាក់ស្តែង​ជា​ច្រើន​តំណ​មក​ហើយ​។ ផ្ទៃដី​​កណ្តាល​​ភូមិ​ដែល​មាន​ទំហំ​រហូត​ដល់​២៥៥​ហិ​កតា ហើយ​មាន​អ្នក​ភូមិ​រស់នៅ​ជិត​២០០​គ្រួសារ​​បែប​នេះ តើ​ពួក​គាត់​ទៅ​ប្រកប​របរ​ចិញ្ចឹម​ជីវិត​នៅឯណា បើ​មិន​ធ្វើស្រែ​ចម្ការលើ​ដី​នេះ ។ បើ​អ្នកមាន​អំណាច និង​អ្នក​ពាក់ព័ន្ធ​ឃុបឃិត​គ្នា​ប្រមូល​គ្រប់គ្រង​ដី​ទាំងនោះ​អស់ តើ​យុត្តិធម៌​សង្គម​និង​សិទ្ធិ​រស់រាន​មានជីវិត​របស់​អ្នក​ភូមិ អាច​ទទួល​បាន​សមធម៌​ដោយ​របៀប​ណា ?

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ