ខេត្តកំពង់ឆ្នាំង ៖ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ កាលពីរសៀលថ្ងៃទី១៦ ខែ មេសា ឆ្នាំ២០១៧ អាជ្ញាឃុំផ្សារ ស្រុកបរិបូណ៌ សហការជាមួយមជ្ឈមណ្ឌលសេះខ្មែរបានរៀបចំពិធីប្រណាំងសេះនៅចំណុចផ្លូវបរសេះ ស្ថិតក្នុង ភូមិផ្សារ ។
លោកកែវ វណ្ណារិន អគ្គលេខាធិការសហភាពសហព័ន្ធកម្ពុជា បង្ហាត់ជិះសេះ និងជាប្រធាន មជ្ឈមណ្ឌលក្លឹបបរិបូណ៌មរកតបង្ហាត់សេះខ្មែរ លើកឡើងថា «គោលបំណងនៃការប្រណាំងសេះ គឺចង់គាស់រំឭកឡើងវិញ ពីទីកន្លែងនេះកាលពីជាង៤០ឆ្នាំមុន គឺជាទីលានប្រណាំងសេះរបស់ដូនតាយើង ។ ពីជំនាន់ដើមតែងតែយកទីកន្លែងនេះប្រណាំងសេះជារៀងរាល់ឆ្នាំ ។ ម្យ៉ាងវិញទៀតការប្រណាំងសេះ គឺជាទិសដៅមួយដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការឆ្ពោះទៅកីឡាស៊ីហ្គេមដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ២០២៣ និងមិនត្រឹមតែប៉ុណ្ណោះក៏ចង់បំផុសឱ្យស្រទាប់យុវជនរបស់យើងយល់ដឹង និងចង់ចូលរួមលើវិស័យកីឡាជិះសេះនេះ» ។
លោកផាង វាសនា ក្រុមប្រឹក្សាឃុំផ្សារឱ្យដឹងថា ក្រុមប្រឹក្សាឃុំអាណត្តិទី៣ បានកសាងផ្លូវមួយខ្សែនោះដាក់ឈ្មោះថា «ផ្លូវបរសេះ»។ ចង់ថែរក្សាប្រពៃណីទំនៀមទម្លាប់វប្បធម៌ដ៏រុងរឿងរបស់ដូនតាយើងដែលធ្លាប់មានកងទ័ពសេះ ហើយកងទ័ពសេះធ្លាប់មានជោគជ័យលើខ្មាំងសត្រូវទើបរៀបចំការប្រណាំងសេះនេះ ។ ម្យ៉ាងដើម្បីចូលរួមអភិវឌ្ឍន៍មូលដ្ឋាន ធ្វើយ៉ាងណាកុំឱ្យយុវជនក្នុងឃុំទៅពាក់ព័ន្ធនឹងគ្រឿងញៀន ហើយឱ្យយុវជនងាកមកលេងកីឡាមានបាល់ទាត់ បាល់ទះ និងប្រណាំងសេះជាដើម ។
មជ្ឈមណ្ឌលក្លឹបបរិបូណ៌ មានគម្រោងយកកីឡាប្រណាំងសេះទៅចូលក្នុងវិញ្ញាសាមួយក្នុងចំណោមវិញ្ញាសាជាច្រើនក្នុងកីឡាស៊ីហ្គេម ។
ទស្សនិកជនម្នាក់យល់ថា ការប្រណាំងសេះនេះជាការប្រសើរណាស់ ព្រោះវាធ្វើឱ្យយុវជនចាកឆ្ងាយពីគ្រឿងញៀន ។ គាត់ចង់ឱ្យអាជ្ញាធររៀបចំការប្រណាំងសេះនៅឆ្នាំ ក្រោយៗទៀត។
សេះដែលបានចូលរួមប្រណាំងនាឱកាសនោះ មាន១៥ក្បាល ក្នុងនោះពីភ្នំពេញ៤ក្បាល កប់ស្រូវ២ក្បាល និងឃុំផ្សារស្រុកបរិបូណ៌៩ក្បាល ៕
ចែករំលែកព័តមាននេះ