ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទះ​២​ខ្នង​នៅ​ក្បែរ​ស្ថានីយ​អគ្គិសនី​ខេត្តបន្ទាយមានជ័យ ត្រូវ​បាន​ភ្លើង​ឆាបឆេះ

7 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ យ៉ាង​ហោច​ណាស់​ផ្ទះ​ចំនួន​២​ខ្នង​ធ្វើ​អំពី​ឈើ​លើ​ប្រក់​ស័ង្កសី ថ្ម​ក្រោម ដែល​មាន​ទំហំ​ប្រហែល​១២​ម៉ែត្រ​គុណ​៦​ម៉ែត្រ ស្ថិត​នៅ​ផ្លូវ​លេខ​៤

ខេត្តបន្ទាយមានជ័យ ៖ យ៉ាង​ហោច​ណាស់​ផ្ទះ​ចំនួន​២​ខ្នង​ធ្វើ​អំពី​ឈើ​លើ​ប្រក់​ស័ង្កសី ថ្ម​ក្រោម ដែល​មាន​ទំហំ​ប្រហែល​១២​ម៉ែត្រ​គុណ​៦​ម៉ែត្រ ស្ថិត​នៅ​ផ្លូវ​លេខ​៤ ស្ថិត​ក្នុងភូមិ​សូ​ភី សង្កាត់​កំពង់ស្វាយ ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ ជាប់​នឹង​របង​ខាងក្រោយ ស្ថានីយ​អគ្គិសនី​ខេត្ត ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​អស់ទាំង​ស្រុង ខណៈ​ដែល​កូន​ម្ចាស់ផ្ទះ​បាន​កំពុង​ធ្វើ​ត្រាក់ទ័រ​នៅ​ខាង​មុខ​ផ្ទះ ដំបូង​ភ្លើង​បាន​ផ្តើម​ឆេះ​ចេញពីផ្ទះ​របស់​ឈ្មោះ សួន ច​ន្ធី ហៅ​ហោ ភេទ​ប្រុស អាយុ​៦៥​ឆ្នាំ​។

ហេតុការណ៍​អគ្គិភ័យ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នេះ បាន​កើតឡើង​នៅ​វេលា​ម៉ោង​២​និង​១០​នាទី​រសៀល ថ្ងៃ​ទី​១៨ ខែមេសា ឆ្នាំ​២០១៧ ហើយ​បន្ទាប់​មក​ភ្លើង​បាន​រាលដាល​បង្ក​ឲ្យ​ឆាបឆេះ​ផ្ទះ​វីឡា​មួយ​ខ្នង​ទៀត​នៅ​ក្បែរ​ជាប់​គ្នា អស់​ផ្នែក​ខាងលើ​មួយ​ចំនួន ផ្ទះ​វីឡា​ម្ចាស់​ជា​អ្នក​ទទួល​ធ្វើ​ម្ហូប​ការ និង​បុណ្យ ឈ្មោះ ជា គុយ​ឡេ​ង ហៅ​តា​ដាវ ភេទ​ប្រុស​អាយុ​៥០​ឆ្នាំ​។ ប៉ុន្តែ​ត្រូវ​បាន​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ស្នងការដ្ឋាន​ខេត្តបន្ទាយមានជ័យ​ចំនួន​៣​គ្រឿង ដឹកនាំ​បញ្ជា​កម្លាំង​ផ្ទាល់​ដោយ​លោក​ឧត្តមសេនីយ៍ទោ អាត់ ខែ​ម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ បាន​ចេញ​ទៅ​ជួយ​ធ្វើ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់ភ្លើង​រារាំង​មិន​ឱ្យ​បន្ត​ទៅ​រាលដាល់​ឆាបឆេះ​ផ្ទះ​វីឡា​មួយ​ខ្នង​នោះ​បន្ថែម​ទៀត​ឡើយ​។

ជាង​នេះ​ទៅ​ទៀត​រថយន្ត​ពន្លត់​អគ្គិភ័យ​ក៏​បាន​បាញ់​ទឹក​ទប់ស្កាត់​មិន​ឱ្យ​ភ្លើង​បន្ត​រាលដាល​ទៅ​ឆាបឆេះ​ស្ថានីយ​អគ្គិសនី​ខេត្តបន្ទាយមានជ័យ ដែល​ស្ថិត​នៅ​ក្បែរ​កន្លែង​កើតហេតុ​នោះ​ផង​ដែរ​។ អគ្គិភ័យ​នេះ​ត្រូវ​បាន​បាញ់​ទឹក​ពន្លត់​ដោយ​ប្រើប្រាស់​ពេលវេលា​ជិត​១​ម៉ោង​ទើប​ទប់ទល់​ស្ថានការណ៍​បាន​ភ្លើង​រលត់​ទាំងស្រុង ក្នុង​នោះ​ត្រូវ​ចំណាយ​ទឹក​អស់​ប្រហែលជា​១០​រថយន្ត​។ បើ​តាម​ប្រភព​ព័ត៌មាន​នៅ​កន្លែង​កើតហេតុ​ឱ្យ​ដឹង​ថា អគ្គិភ័យ​នេះ​មិន​បង្ក​ឱ្យ​មាន​គ្រោះថ្នាក់​បាត់បង់​អាយុជីវិត​ម្ចាស់ផ្ទះ ឬ​ប្រជាពលរដ្ឋ​ណា​ម្នាក់​នោះ​ឡើយ​។ បើ​តាម​ប្រភព​ព័ត៌មាន​អ្នក​ឃើញ​ហេតុការណ៍​ប្រាប់​ឲ្យ​ដឹង​ថា មុន​ពេល​ដែល​កើតហេតុ​គេ​ឃើញ​កូន​ម្ចាស់ផ្ទះ​ម្នាក់​ពិការ​ជើង​បាន​កំពុង​ជួសជុល​ត្រាក់ទ័រ​នៅ​ខាង​មុខ​ផ្ទះ​។

លុះ​បន្ទាប់​មក​ស្រាប់តែ​មាន​ភ្លើង​ផ្សែង​ចាប់ផ្តើម​ឆេះ​ចេញពី​ក្នុងផ្ទះ​ផ្នែក​ខាងលើ ហើយ​ក៏​បន្ត​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ មិន​អាច​ទប់ស្កាត់​ស្ថានការណ៍​បាន​ភ្លើង​ឆេះ​កាន់តែ​ខ្លាំង​។ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ជិតខាង នៅ​ក្នុង​តំបន់​នោះ នាំ​គ្នា​ចេញ​ជួយ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់​ផង​ដែរ ប៉ុន្តែ​មិន​អាច​ទប់ស្កាត់​ភ្លើង​ដែល​កំពុង​តែ​ឆាបឆេះ​បាន​នោះ​ឡើយ​។ មិនតែប៉ុណ្ណោះ​គេ​ឃើញ​ម្ចាស់ផ្ទះ និង​ប្រជាពលរដ្ឋ​ក៏​បាន​រំដោះ​ត្រាក់ទ័រ​១​គ្រឿង​ចេញពីផ្ទះ​កន្លែង​កើតហេតុ និង​រំដោះ​ប្រេងម៉ាស៊ូត​ចំនួន​៣​ហ្វុ​យ​ចេញ​មក​ខាងក្រៅ​ផង​នោះ​ទៀត​។

ម្ចាស់ផ្ទះ​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​ប្រាប់​ឱ្យ​ដឹង​ថា មានឈ្មោះ សួន ច​ន្ធី ហៅ​ហោ ភេទ​ប្រុស អាយុ​៦៥​ឆ្នាំ រស់នៅ​ភូមិ​សង្កាត់​ខាងលើ​ផ្ទះ​ទំហំ​៦​ម៉ែត្រ​គុណ​១២​ម៉ែត្រ ធ្វើ​អំពី​លើ​ប្រក់​ស័ង្កសី ថ្ម​ក្រោម​ផង​ដែរ​ខូចខាត​អស់ទាំង​ស្រុង រួម​ទាំង​ទ្រព្យសម្បត្តិ​។ ចំណែក​ម្ចាស់ផ្ទះ​វីឡា​រង​ការ​ឆាបឆេះ​ផ្នែក​ខាងលើ មានឈ្មោះ តា ដាវ ភេទ​ប្រុស អាយុ​ប្រហែល​ជាង​៥០​ឆ្នាំ ត្រូវ​ភ្លើង​ឆាបឆេះ​អស់​ជញ្ជាំង​១​ចំហៀង  ទ្រព្យសម្បត្តិ​នៅ​មិន​ទាន់​ដឹង​។ អគ្គិភ័យ​នេះ​បើ​តាម​សមត្ថកិច្ច​សន្និដ្ឋាន​ជា​ជំហាន​ដំបូង​អាច​បង្ក​ឡើង​ដោយ​ការ​ទុ​ស្សេ​ខ្សែភ្លើង ប៉ុន្តែ​សមត្ថកិច្ច​នៅ​បន្ត​ស្រា​ជ្រាវ​ស៊ើបអង្កេត​បន្ថែម​ទៀត ដើម្បី​រក​មូលហេតុ​ឲ្យ​ពិតប្រាកដ​៕