ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

១​ខែ​ហើយ​ទឹក​លិចឡើង​ខ្មៅ​កខ្វក់ ជះក្លិន​ស្អុយ​អសោច ពលរដ្ឋ​សំណូមពរ​មេត្តា​ជួយ​ផង

1 ឆ្នាំ មុន
  • កណ្តាល

ប្រជាពលរដ្ឋ​រស់នៅ​ក្នុងភូមិ​គគីរ​ធំ ឃុំ​គគីរ​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល ជា​ច្រើន​គ្រួសារ សូម​សំណូមពរ​អោយ​អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់ មេត្តា​ជួយ

ខេត្តកណ្តាល ៖ នា​ព្រឹក​ថ្ងៃ​ទី​០១ ខែវិច្ឆិកា ឆ្នាំ​២០២២​នេះ ប្រជាពលរដ្ឋ​រស់នៅ​ក្នុងភូមិ​គគីរ​ធំ ឃុំ​គគីរ​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល ជា​ច្រើន​គ្រួសារ សូម​សំណូមពរ​អោយ​អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់ មេត្តា​ជួយ​រៀបចំ​ដាក់​ប្រព័ន្ធ​លូ​រំដោះ​ជំនន់​ទឹកភ្លៀង និង​ជួសជុល​ផ្លូវ​ឡើង​វិញ​ផង ដើម្បី​បង្ក​លក្ខណៈ​ងាយស្រួល​សម្រាប់​ពលរដ្ឋ និង​សិស្សានុសិស្ស​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​សាលារៀន​។

បើ​តាម​ប្រជាពលរដ្ឋ​ខាងលើ​បាន​លើក​ឡើង​ថា ចំណុច​នេះ គឺជា​តំបន់​ទំនាប ហើយ​អោយ​តែ​ដល់​រដូវវស្សា មេឃ​ធ្លាក់​ភ្លៀង​ម្តង​ៗ​តែងតែ​ជន់​លិច​ជា​រៀង​រាល់​ឆ្នាំ​។ ជាក់ស្តែង​ឆ្នាំ​នេះ ទឹកភ្លៀង​ជន់​លិច​ផ្ទះសម្បែង និង​ផលដំណាំ​របស់​ពួក​គាត់ កន្លែង​ខ្លះ​ចង់​ត្រឹម​ជង្គង់​នៅ​នឹង​ថ្កល់​រយៈពេល​ជាង​០១​ខែ​មក​ហើយ មិន​ដែល​ឃើញ​មាន​អាជ្ញាធរ​ភូមិ​-​ឃុំ​ណា​ម្នាក់ ចុះ​មក​សួរនាំ​នោះ​ឡើយ​។ ហើយ​ឥឡូវនេះ ទឹក​ឡើង​ខ្មៅ​កខ្វក់ ជះក្លិន​ស្អុយ​អសោច សាយភាយ​ពាសពេញ​ភូមិ ដែល​អាច​ប្រឈម​យ៉ាងធ្ងន់ធ្ងរ​នូវ​បញ្ហា​សុខភាព កើត​មាន​ជំងឺ​ឈឺ​ស្កាត់​ទាំងចាស់ទាំងក្មេង​សឹង​គ្រប់​ៗ​គ្នា​។

ពលរដ្ឋ​បន្ត​ទៀត​ថា ចាប់តាំងពី​ទឹកភ្លៀង​លិច​មក គឺ​ពួក​គាត់​ជួប​ការ​លំបាក​ខ្លាំង​ណាស់ ដំណាំ​បន្លែ​អ្វី​ក៏​មិន​បាន​ផល​ដែរ ហើយ​ក៏​មិន​ហ៊ាន​ចេញ​ទៅ​ណា​ឆ្ងាយ​ឡើយ នៅ​មើលថែ​កូនចៅ​តូច​ៗ​ខ្លាច​ចុះ​លេង​ទឹក​នាំ​អោយ​លង់ ជា​ពិសេស​ខ្លាច​សត្វ​មាន​ពិស​មក​ខាំ​បង្ក​ឱ្យ​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​ផង​ដែរ​។

ពាក់ព័ន្ធ​បញ្ហា​ខាងលើ​នេះ លោក ឡូ​វ សុខ​សាន អភិបាលស្រុក​កៀនស្វាយ បាន​ប្រាប់​អ្នក​សារព័ត៌មាន​អោយ​ដឹង​តាម​ទូរស័ព្ទ​កាលពី​វេលា​ម៉ោង​១២​និង​៥៥​នាទី​រសៀល ថ្ងៃ​ទី​០១ ខែវិច្ឆិកា ឆ្នាំ​២០២២​នេះ​ថា រូប​លោក​កំពុង​ជាប់រវល់​ប្រជុំ​បន្តិច​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ