ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​កីឡាការិនី​អ៊ុ​ក ស្រី​មុំ ដណ្ដើម​បាន​មេដាយមាស​ពិភពលោក

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ពិតជា​មោទនភាព​ខ្លាំង​ណាស់​នៅ​ពេល​កីឡាការិនី​ប៉េតង់​កម្ពុជា អ៊ុ​ក ស្រី​មុំ ដណ្ដើម​បាន​មេដាយមាស​ពិភពលោក​១​គ្រឿង​ពី​ព្រឹត្តិការណ៍ Championship Petanque 2017 នៅ​ទីក្រុង

រាជធានី​ភ្នំពេញ ៖  ពិតជា​មោទនភាព​ខ្លាំង​ណាស់​នៅ​ពេល​កីឡាការិនី​ប៉េតង់​កម្ពុជា អ៊ុ​ក ស្រី​មុំ ដណ្ដើម​បាន​មេដាយមាស​ពិភពលោក​១​គ្រឿង​ពី​ព្រឹត្តិការណ៍ Championship Petanque 2017 នៅ​ទីក្រុង Ghent ប្រទេស​បែ​ល​ហ្ស៊ិ​ក​កាលពី​ថ្ងៃ​ទី​១៦ មេ​សា កន្លង​មកនេះ ។

លោក ហ៊ុន សា​មុត ប្រធាន​នាយកដ្ឋាន​អប់រំ​កាយ និង​កីឡា​ដែល​ជា​អ្នកដឹកនាំ​ក្រុមកីឡា​ប៉េតង់​កម្ពុជា​ទៅ​ចូលរួម​ប្រកួត​ឱ្យ​ដឹង​ថា ក្នុង​ព្រឹត្តិការណ៍​នេះ​កីឡាការិនី​កម្ពុជា អ៊ុ​ក ស្រី​មុំ ដណ្ដើម​បាន​មេដាយមាស​១​គ្រឿង​លើ​វិញ្ញាសា​ឯកត្តជន​នារី​វាយ​យក​ពិន្ទុ និង​កីឡាករ ញ៉ែ​ម បូ​រ៉ា និង​កីឡាការិនី ស្រ៊ា​ង សុ​រ៉ា​ឃី​ម ដណ្ដើម​បាន​មេដាយ​ប្រាក់​១​គ្រឿង​លើ​វិញ្ញាសា​ប្រកួត​ជា​គូ ។ នៅ​ក្នុង​ការ​ប្រកួត​វគ្គ​ជម្រុះ​បឋម​ដែល​មាន​ប្រទេស​ជាង​៤០​ចូលរួម​នោះ អ៊ុ​ក ស្រី​មុំ ដែល​ជា​កីឡាការិនី​កម្ពុជា​ដំបូង​គេ​ដណ្ដើម​បាន​មេដាយមាស​ពី​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​មនា​ពេល​កន្លង​មក​បាន​យកឈ្នះ​កីឡាការិនី​ម៉ា​ដា​កា​ស្កា​១០​ទល់​៩ បន្ទាប់​មក​យកឈ្នះ​កីឡាការិនី​មក​ពី​កោះ Jersey ៩​ទល់​៨ និង​ឈ្នះ​កីឡាការិនី​កា​ណា​ដា​១៣ ទល់​១១ ។ នៅ​វគ្គ​១៦​នាក់​ចុង​ក្រោយ អ៊ុ​ក ស្រី​មុំ បាន​យកឈ្នះ​កីឡាការិនី Noon Geffenblad មក​ពី​ប្រទេស​ស៊ុ​យ​អែ​ត​១៣ ទល់​១០ ។ នៅ​វគ្គ​៨​នាក់​ចុង​ក្រោយ​បាន​យកឈ្នះ​កីឡាការិនី Rosario INES Lzon មក​ពី​ប្រទេស​អេ​ស្ប៉ា​ញ ១៣ ទល់​១០ ។ នៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​បាន​យកឈ្នះ​កីឡាការិនី​បារាំង Audrey Baudiera ១៣ ទល់​១២ និង​វគ្គ​ផ្ដាច់ព្រ័ត្រ​បាន​យកឈ្នះ​កីឡាការិនី Mouna Beji មក​ពី​ប្រទេស​ទុ​យ​នេ​ស៊ី​១៣​ទល់​៧ ។

លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​មាន​ប្រសាសន៍​ថា កីឡាការិនី អ៊ុ​ក ស្រី​មុំ ត្រូវ​បាន​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន ផ្ដល់​ម៉ូតូ​.​ស​ចំនួន​១២​គ្រឿង​ទៅ​ដង្ហែ​ជា​កិត្តិយស​ពី​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​មក​កាន់​ទីស្នាក់ការ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​។ ជាមួយ​គ្នា​នេះ​សម្ដេច​តេ​ជោ​នឹង​រក​ឱកាស​សម​ស្រប​ណាមួយ​ដើម្បី​ជួប​ផ្ដល់​រង្វាន់​លើកទឹកចិត្ត​ដល់​កីឡាការិនី​ម្ចាស់​មេដាយមាស​ពិភពលោក​រូប​នេះ​ទៀត​ផង ។

គួរ​បញ្ជាក់​ថា កីឡាការិនី អ៊ុ​ក ស្រី​មុំ ជា​អ្នក​ទី​៣​ហើយ​ដែល​ដណ្ដើម​បាន​មេដាយមាស​ពិភពលោក​ជូន​ប្រទេស​កម្ពុជា​យើង​លើ​ប្រភេទ​កីឡា​ប៉េតង់​នេះ បន្ទាប់​ពី​កីឡាការិនី កែ ឡេ​ង និង​កីឡាករ សុខ ចាន់​មាន ៕