ក្រុងប៉ោយប៉ែត ៖ ពលករម្នាក់បានដេកស្លាប់ក្នុងទឹកដីសៀម ស្រុកស៊ីមហាផូត ខេត្តប្រាជីនបូរី ដោយពុំដឹងពីមូលហេតុ កាលពីយប់ថ្ងៃទី២៥ មីនា ហើយត្រូវបានភាគីសៀមបញ្ជូនសពមកឱ្យសាច់ញាតិវិញ តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត នៅព្រឹកថ្ងៃទី២៦ មីនា ។
សពមានឈ្មោះសុខ សេន ភេទប្រុស អាយុ៥៣ឆ្នាំ មានទីលំនៅភូមិស្រម៉ធំ ឃុំដានរុន ស្រុកសូទ្រនិគម ខេត្តសៀមរាប ។ បើតាមការឱ្យដឹងពីឈ្មោះសុខ ឌុក ភេទប្រុស អាយុ៤៨ឆ្នាំ ត្រូវជាប្អូនបង្កើតរបស់សពបានប្រាប់ថា រូបគាត់ និងបង ព្រមទាំងក្មួយត្រូវជាកូនរបស់សពបានចូលទៅដីសៀមតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ដោយធ្វើប័ណ្ណចូលទៅធ្វើជាកម្មករស៊ីឈ្នួលដាំកូនប្រេងខ្យល់ឱ្យថៅកែសៀមមួយគ្រួសារក្នុងខេត្តខាងលើ បានរយៈពេលជិតមួយខែហើយ ។ ឈ្មោះឌុក បន្តថា ការស្លាប់របស់បងប្រុសគាត់នោះគ្មាននរណាដឹងថា ស្លាប់នៅម៉ោងប៉ុន្មានទេ នៅយប់ថ្ងៃទី២៥ មីនា លុះព្រឹកថ្ងៃទី២៦ មីនា ពេលឃើញបងដេកយូរខុសសព្វដង គាត់ក៏ចូលទៅដាស់ឱ្យក្រោក ស្រាប់តែរឹងបាត់ទៅហើយ ទើបដឹងថា ស្លាប់ ។
ឈ្មោះឌុក បន្តទៀតថា ការស្លាប់របស់បងគាត់ ថៅកែសៀមបើកប្រាក់ការងារឱ្យបានចំនួន២ពាន់បាត ប៉ុន្តែមិនជួយលុយឧបត្ថម្ភក្រៅទេ ។ សពត្រូវបានដាក់ចុះពីរថយន្តសៀមនៅវត្តបាលិលេយ្យ ដើម្បីរករថយន្តដឹកបន្តទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី ៕



ចែករំលែកព័តមាននេះ