ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មួយ​អាទិត្យ​ហើយ​មិនឃើញ​ដឹកចេញ មិនដឹង​ប៉ះពាល់​យ៉ាងណា​ទេ

7 ឆ្នាំ មុន

ខេត្ត​ប៉ៃលិន ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​១៥ ខែមេសា ឆ្នាំ​២០១៧ នេះ គេ​សង្កេត​ឃើញ​គំនរ​សំរាម​២​កន្លែង​ក្បែរ​គ្នា ស្ថិត​នៅ​ជ្រុង​ខាងត្បូង​ផ្សារ​សាមគ្គី ហៅ​ប៉ា​ហ៊ី ក្នុងភូមិ​ប៉ា​ហ៊ី​ជើង សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ដែល​ត្រូវ​

ខេត្ត​ប៉ៃលិន ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​១៥ ខែមេសា ឆ្នាំ​២០១៧ នេះ គេ​សង្កេត​ឃើញ​គំនរ​សំរាម​២​កន្លែង​ក្បែរ​គ្នា ស្ថិត​នៅ​ជ្រុង​ខាងត្បូង​ផ្សារ​សាមគ្គី ហៅ​ប៉ា​ហ៊ី ក្នុងភូមិ​ប៉ា​ហ៊ី​ជើង សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ដែល​ត្រូវ​គេ​យក​ទៅ​គរ​ទុក​ចោល​រយៈពេល​យូរ អត់​ឃើញ​មាន​រថយន្ត​អនាម័យ​ខេត្ត​មក​ដឹក​យក​ទៅ​បោះចោល​នៅ​កន្លែង​ចាក់សំរាម ទើប​បង្ក​ជា​ក្លិនស្អុយ​ប៉ះពាល់​ដល់​បរិស្ថាន​យ៉ាង​ខ្លាំង ។ ជា​ពិសេស​ធ្វើ​ឱ្យ​ជះក្លិន​ស្អុយ​ប៉ះពាល់​ដល់​អាជីវករ​លក់ដូរ​ក្នុង​ផ្សារ ប្រជាពលរដ្ឋ ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ដែល​ធ្វើ​ដំណើរ​តាម​ផ្លូវ​ក្នុង​ផ្សារ ខណៈ​ពួក​គេ​ចូល​ទៅ​ទិញ​ម្ហូបអាហារ និង​ឥ​វ៉ា​ន់​ផ្សេង​ៗ​ផង​ដែរ ។

បើ​តាម​ការ​រៀបរាប់​ពី​អាជីវករ និង​ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​គំនរ​សំរាម បានឱ្យ​ដឹង​ថា ជា​រៀងរាល់ថ្ងៃ​គំនរ​សំរាម​ចំនួន​២​កន្លែង​ខាងលើ នៅ​ក្នុង​ផ្សារ​សាមគ្គី ហៅ​ប៉ា​ហ៊ី ដែល​កម្មករ​ផ្សារ​យក​ទៅ​គរ​ទុក​នោះ ត្រូវ​បាន​រថយន្ត​អនាម័យ​ខេត្ត​ប៉ៃលិន​ដឹក​យក​ទៅ​បោះចោល​នៅ​កន្លែង​ចាក់សំរាម​ឆ្ងាយ​ពី​ក្រុង ។ តែ​អស់​រយៈពេល​១​អាទិត្យ​មក​ហើយ ដែល​គំនរ​សំរាម ទាំងនេះ មិន​ត្រូវ​បាន​អាជ្ញាធរ ប្រធាន​ផ្សារ ឬ​ក្រុមហ៊ុន​ដឹក​សំរាម​យក​រថយន្ត​ដឹក​ទៅ​បោះចោល​នោះ​ឡើយ ដោយ​ទុក​ឱ្យ​ជះក្លិន​ស្អុយ​អសោច​បង្ក​ផល​ប៉ះពាល់​ដល់​បរិស្ថាន​ជុំវិញ​ផ្សារ គួរ​ឱ្យ​កត់សម្គាល់ ។ ប្រភព​បន្ត​ទៀត​ថា គំនរ​សំរាម​ទាំងនោះ​មាន​ដូច​ជា ក្បាល​ត្រី ស្រកាត្រី សំបក​ពងមាន់ ពង​ទា បន្លែ កា​រ៉ុ​ង កាក​អំពៅ និង​ថង់​វេច​ខ្ចប់​សំណល់​ផ្សេង​ៗ​ជាដើម ដែល​រហូត​មក​ដល់​ពេល​នេះ បាន​ក្លាយទៅជា​មាន​ដង្កូវ​តូច​ធំ​កើត​ចេញពី​គំនរ​សំរាម​ទាំងនេះ​វារ​រវើក​គួរ​ឱ្យ​ខ្ពើម​តែ​ម្តង ។

ចំណែក​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​បានឱ្យ​ដឹង​ថា មិន​គួរ​ណា​អាជ្ញាធរ​ក្រុង ក៏​ដូច​ជា​ប្រធាន​ផ្សារ​រក្សា​ទុក​សំរាម​ដែល​ស្អុយ​គគ្រក់​បែប​នេះ​នៅ​ក្នុង​ផ្សារ​អស់​រយៈពេល​យូរ​ឡើយ គួរតែ​យក​រថយន្ត​ដឹក​យក​ទៅ​ចាក់ចោល​នៅ​កន្លែង​ទីលាន​ចាក់សំរាម ព្រោះ​វា​បង្ក​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ផ្លូវដង្ហើម អាច​បណ្តាល​ឱ្យ​កើត​ទៅ​ជា​ជំងឺ​ផ្តាសាយ រលាក​ផ្លូវដង្ហើម និង​ជំងឺ ផ្សេង​ៗ ។ ម្យ៉ាងវិញទៀត​ទីផ្សារ​គឺជា​កន្លែង​ដែល​មនុស្ស​ប្រុស​ស្រី ក្មេង​ចាស់​ធ្វើ​ដំណើរ​ចេញចូល​ទៅ​មក​ជា​រៀងរាល់ថ្ងៃ គួរតែ​សំអាត​ឱ្យ​បាន​ល្អ​គ្រប់​ពេល​វេលា មិន​គួរ​ធ្វេសប្រហែស​បែប​នេះ​ទេ ។ ពួក​គាត់​បាន​រិះគន់​ថា បើ​ទុក​សំរាម​យ៉ាងនេះ​ទៀត ពិតជា​បង្ក​បញ្ហា​ដល់​សុខភាព​អ្នក​ដែល​រស់នៅ​ក្បែរ​ផ្សារ ដល់​ប្រជាពលរដ្ឋ​ដែល​ចេញចូល​ទៅ​ទិញ​ឥ​វ៉ា​ន់ និង​ដល់​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ដែល​ធ្វើ​ដំណើរ​មក​ពី​ខេត្ត​ផ្សេង​ចូល​លេង​ក្នុង​ខេត្ត​ប៉ៃលិន ទៅ​ទិញ​របស់របរ​ក្នុង​ផ្សារ​ផង​ដែរ ។

ពាក់ព័ន្ធ​ទៅ​នឹង​បញ្ហា​នេះ លោកស្រី មុំ ម៉ុ​ន ប្រធាន​ផ្សារ​សាមគ្គី បានឱ្យ​ដឹង​ថា ការ​ទុក​សំរាម​ចោល​បែប​នេះ គឺ​គាត់​ធ្លាប់​បាន​ណែនាំ​អស់ហើយ ដោយ​ទុកដាក់​ឱ្យ​បាន​ស្រួលបួល ។ ម្យ៉ាងវិញទៀត ដោយសារ​តែ​កម្មករ​រថយន្ត​ដឹក​សំរាម​អនាម័យ​ខេត្ត​ប៉ៃលិន ជាប់រវល់​ទៅ​លេង​ស្រុក​កំណើត​នា​ពេល​រដូវ​បុណ្យ​ឆ្នាំ​ខ្មែរ ហើយ​បើសិនជា​អត់​មាន​រថយន្ត​ចូល​ទៅ​ដឹក​ទេ ខាង​លោកស្រី​ក៏​មិនដឹង​ទៅ​រក​កម្មករ និង​រថយន្ត​ឯណា​ដែរ ។

​ចំណែក​លោក គឹ​ម សុខា ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ប៉ៃលិន បានឱ្យ​ដឹង​ថា ភារកិច្ច នេះ​គឺ​ប្រធាន​ផ្សារ និង​ក្រុមហ៊ុន​អនាម័យ​ខេត្ត​ប៉ៃលិន ជា​អ្នក​ទទួលខុសត្រូវ​មើល​ផ្សារ​ខាង លើ ។ តែបើ​មាន​បញ្ហា​គេ​ទុក​គំនរ​សំរាម​ចោល​យូរ​អត់​មាន​ដឹក​យក​ទៅ​បោះចោល​នៅ​ទីលាន​ចាក់សំរាម​ទេ ខាង​លោក​នឹង​ឱ្យ​មន្ត្រី​ក្រោម​ឱវាទ​ចុះ​ទៅ​ពិនិត្យ​មើល ដើម្បី​រៀបចំ​ឱ្យ បាន​ស្រួលបួល​ឡើង​វិញ ៕