ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភាគី​ម្ខាង​ថា​តាម​វាយ​ប្លន់​ សមត្ថកិច្ច​ថា​ជា​ជម្លោះ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ មាន​ករណី​វាយតប់​គ្នា​មួយ ដែល​តាម​ប្រភព​ពី​ភាគី​ម្ខាង​ថា​ជា​ការ​ប៉ុង​ប៉ង​ប្លន់​យក​ម៉ូតូ តែ​មិន​បាន​សម្រេច រវាង​យុវជន​២​ក្រុម រហូត​មានការ​ផ្ទុះអាវុធ​ពី​សំណាក់​​

រាជធានី​ភ្នំពេញ ៖ មាន​ករណី​វាយតប់​គ្នា​មួយ ដែល​តាម​ប្រភព​ពី​ភាគី​ម្ខាង​ថា​ជា​ការ​ប៉ុង​ប៉ង​ប្លន់​យក​ម៉ូតូ តែ​មិន​បាន​សម្រេច រវាង​យុវជន​២​ក្រុម រហូត​មានការ​ផ្ទុះអាវុធ​ពី​សំណាក់​​មន្ត្រី​នគរបាល​ម្នាក់​ក្នុង​ការ​បំបែកហ្វូង​អ្នក​ឈ្លោះ​គ្នា ។ ករណី​នេះ បាន​កើតឡើង​នៅ​តាម​ផ្លូវ​បេតុង ខាងក្រោយ​វត្ត​ស្ទឹង​មាន​ជ័យ ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ កាលពី​វេលា​ម៉ោង​៣​និង​២០​នាទី​រសៀល ថ្ងៃ​ទី​៩ ខែមេសា​។

ប្រភព​ព័ត៌មាន​ឱ្យ​ដឹង​ថា យុវជន​ទាំង​២​ក្រុម ១​ក្រុម​មាន​គ្នា​២​នាក់ និង​១​ក្រុម​ទៀត​មាន​គ្នា​៣​នាក់ ។ យុវជន​មាន​គ្នា​២​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿ​ងម៉ាក MSX អះអាង​ថា ពួក​ខ្លួន​ត្រូវ​យុវជន​មួយ​ក្រុម​ទៀត​មាន​គ្នា​៣​នាក់ តាម​វាយ​ប្លន់​យក​ម៉ូតូ​ព្រោះ​ពួក​គេ​មិន​ដែល​ធ្លាប់​ស្គាល់គ្នា​ពី​មុន​ឡើយ ។

យុវជន​២​នាក់​នេះ​និយាយ​ទៀត​ថា ខណៈ​ពួក​ខ្លួន​ត្រូវ​គេ​វាយ​រហូត​បង្ខំចិត្ត​រត់​ចោល​ម៉ូតូ​ហើយ​នោះ ក្រុម​យុវជន​ដែល​មាន​គ្នា​៣​នាក់​បម្រុង​លើក​ម៉ូតូ​របស់​ពួក​ខ្លួន​ជិះ​រត់ តែ​សំណាងល្អ​បាន​មន្ត្រី​នគរបាល​១​រូប​ស្លៀកពាក់​ស៊ី​វិល លើក​កាំភ្លើងខ្លី​បាញ់​១​គ្រាប់​ឡើង​លើ ដើម្បី​រារាំង​ទំនាស់​របស់​ពួក​គេ ពិសេស​កុំឱ្យ​ក្រុម​យុវជន​មាន​គ្នា​៣​នាក់ យក​ម៉ូតូ​របស់​ពួក​ខ្លួន​ជិះ​រត់គេច ។

ប្រភព​ព័ត៌មាន​និយាយ​ថា ក្រោយ​ពី​មានការ​បាញ់​ឡើង​លើ​១​គ្រាប់ ក្រុម​យុវជន​មាន​គ្នា​៣​នាក់ បាន​លើក​ម៉ូតូ​ជិះ​រត់គេច​យ៉ាង​លេ​ឿ​ន នៅ​សល់​តែ​ភាគី​មាន​គ្នា​២​នាក់​និង​ម៉ូតូ។

ក្រោយ​ពី​កើត​មាន​ករណី​ដូចនេះ ប្រព័ន្ធ​វិទ្យុ​ទាក់ទង​អនាមិក​មួយ​បាន​ស្រែក​ឡើង​នៅ​ក្នុង​កា​ណា​ល់​រាជធានី​ភ្នំពេញ​របស់​នគរបាល​ថា មាន​ករណី​វាយ​ប្លន់​នៅ​ចំណុច​ខាងលើ ហើយ​កម្លាំង​អាជ្ញាធរ​និង​កម្លាំង​នគរបាល ក៏​ចុះ​អន្តរាគមន៍ ដល់ទី​កន្លែង​ភ្លាម​ៗ​ដែរ ។ នៅ​ពេល​ទៅ​ដល់ សមត្ថកិច្ច​បាន​នាំ​ខ្លួន​យុវជន​២​នាក់​នោះ និង​ម៉ូតូ​របស់​គេ​ម៉ាក MSX មក​កាន់​ប៉ុស្តិ៍​មូលដ្ឋាន ដើម្បី​សាកសួរ​ព័ត៌មាន​ជុំវិញ​ករណី​មួយ​នេះ ។

អ្នក​ទាំង​២​នាក់ ម្នាក​ឈ្មោះ ប៉ៅ អីុ​តា ភេទ​ប្រុស អាយុ​១៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​គោក​បញ្ជាន់ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ  និង​ម្នាក់​ទៀត​ឈ្មោះ កឹ​ម ដា​នី ភេទ​ប្រុស អាយុ​១៥​ឆ្នាំ​ដូច​គ្នា ស្នាក់​នៅ​ភូមិ​ថ្មី សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច យុវជន​ទាំង​២​នាក់​អះអាង​ថា ពួក​គេ​ត្រូវ​ក្រុម​ជន​មាន​គ្នា​៣​នាក់​តាម​វាយ​ប្លន់ ព្រោះ​ក្រុម​ជន​នោះ​វាយ​ពួក​ខ្លួន​ហើយ ប្រុង​យក​ម៉ូតូ​ជិះ​រត់គេច​ទៀត ខណៈ​ដែល​ពុំ​មែន​ជា​មនុស្ស​ធ្លាប់​ស្គាល់គ្នា​សោះ​។ ដោយ​ឡែក សមត្ថកិច្ច​អះអាង​ថា នេះ​ជា​ករណី​វាយតប់​គ្នា​ទេ ។

យុវជន​ទាំង​២​នាក់​និយាយ​ទៀត​ថា នា​វេលា​ម៉ោង​ប្រមាណ​២​រសៀល​ថ្ងៃ​នោះ ពួក​ខ្លួន​បាន​ជិះ​ម៉ូតូឌុប​គ្នា​ទៅ​លេង​នៅ​កោះ​ពេជ្រ លុះ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ឆ្លងកាត់​ចំណុច​ខាងលើ ក៏​កើត​មាន​រឿង​បែប​នេះ​តែ​ម្តង ៕