ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាសូរ​តា​យាយណាស់! ខំ​សន្សំយូរហើយ​ចុង​ក្រោយ​រលាយ​បាត់​អស់

7 ឆ្នាំ មុន

ខេត្តកំពង់ស្ពឺ ៖ ពិតជា​អាសូរ​ពន់ពេក​ដល់​តា​យាយ​២​នាក់​ប្តី​ប្រពន្ធ​ណាស់ គ្រួសារ​ក្រីក្រ​ហើយ ថែមទាំង​តែ​ប៉​ព្រិច​ភ្នែក​សោះ ទ្រព្យសម្បត្តិ​ដែល​គាត់​ខំ​សន្សំទុក​ធ្វើបុណ្យ​បាន

ខេត្តកំពង់ស្ពឺ ៖ ពិតជា​អាសូរ​ពន់ពេក​ដល់​តា​យាយ​២​នាក់​ប្តី​ប្រពន្ធ​ណាស់ គ្រួសារ​ក្រីក្រ​ហើយ ថែមទាំង​តែ​ប៉​ព្រិច​ភ្នែក​សោះ ទ្រព្យសម្បត្តិ​ដែល​គាត់​ខំ​សន្សំទុក​ធ្វើបុណ្យ​បាន​បន្តិច​បន្តួច​​នោះ​ត្រូវ​រលាយ​បាត់​អស់​ដោយសារ​តែ​អុជ​ធូប​ទទួល​ទេវតា​។

ហេតុការណ៍​គ្រោះ​អគ្គិភ័យ​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​០៤​និង​៣៩​នាទី ថ្ងៃ​ទី​១៤ ខែមេសា​ ឆ្នាំ​២០១៧ នៅ​ភូមិ​រំដួល​៨៨ ឃុំ​អូរ ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ។ លោកតា​ជា​ម្ចាស់ផ្ទះ​នេះ​ឈ្មោះ ចាន់ ជួន ភេទ​ប្រុស អាយុ​៧៧​ឆ្នាំ ។

លោកតា​បាន​រៀបរាប់​ថា មុន​ពេល​កើតហេតុ រូប​គាត់​បាន​ឡើង​អុ​ជធូប​ទៀន ដើម្បី​ថ្វាយ​ទេវតា ហើយ​បាន​សូត្រធម៌​នមស្សការ​ថ្វាយបង្គំ​ព្រះ​ផង​ដែរ ។ ក្រោយ​ពេល​សូត្រ​ធម៌​​ចប់​លោកតា​បាន​ធ្មេចភ្នែក​លក់​មួយភាំង ស្រាប់តែ​កំណក​ទៀន​ហៀរ​ទៅ​លើ​ក្តារ​ បណ្តាល​ឱ្យ​ឆាបឆេះ​ក្តារ ទើប​បង្ក​ជា​អណ្តាតភ្លើង​ឆាបឆេះ​ពេញទំហឹង​តែ​ម្តង​។

សមត្ថកិច្ច​នគរបាល​បានឱ្យ​ដឹង​ថា អគ្គិភ័យ​នេះ​បាន​ឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​មួយ​ខ្នង​មាន​ទំហំ​5x8m ធ្វើ​ពី​ឈើ​ប្រក់​ស័ង្កសី ជញ្ជាំង​ក្តារ មូលហេតុ​ដោយ​ដុត​ទៀន​ទុក​ចោល​ក្នុង​ផ្ទះ ។ ក្នុង​ហេតុការណ៍​នេះ​ដែរ បណ្តាល​ខាតបង់​សម្ភារ និង​របស់របរ​ប្រើប្រាស់​ក្នុងផ្ទះ​ដូច​ជា ម៉ូតូ​០១​គ្រឿង​ម៉ាក​វ៉េវ​ស៊េរី​ឆ្នាំ​២០១៦ ពណ៌​ក្រហម លុយ​ខ្មែរ​២​លាន​រៀល លុយ​ដុល្លារ​១៨០​ដុល្លារ និង​មាស​ចំនួន​០២​ជី ។

អ្វី​ដែល​ជា​ការ​អាណិតអាសូរ​ដល់​លោកតា​នោះ គឺ​ទ្រព្យសម្បត្តិ មាស ប្រាក់ និង​លុយកាក់​បន្តិចបន្តួច ព្រមទាំង​ម៉ូតូ​០១​គ្រឿង ដែល​ត្រូវ​ភ្លើង​ឆាបឆេះ​អស់នេះ គឺ​លោកតា​បាន​សន្សំទុក​មក​ជា​យូរ​មក​ហើយ ដើម្បី​ទៅ​វត្ត​ធ្វើបុណ្យ​សន្សំ​កុសល​សម្រាប់​អនាគតជាតិ​កុំឱ្យ​លំបាក​ដូច​ជាតិ​នេះ​ទៀត ជា​ពិសេស​ម៉ូតូ​ដ៏​ចាស់​របស់​លោកតា​ដែល​ធ្លាប់​ជិះ​ទៅ​វត្ត​រាល់ថ្ងៃ ក៏​ត្រូវ​ភ្លើង​ឆាបឆេះ​គ្មាន​សល់​ដែរ​។

ដោយ​មើលឃើញ​ពី​ការ​លំបាក​របស់​លោកតា ថ្នាក់ដឹកនាំ​ខេត្ត​បាន​ចាត់តាំង​ឱ្យ​អនុ​សាខា​កាក​បាត​ក្រហម​ស្រុក នាំ​យក​គ្រឿង​ឧបភោគ បរិភោគ​មួយ​ចំនួន​ជូន​ដល់​លោកតា ដើម្បី​ជួយ​សម្រួល​ដល់​ការ​ខ្វះខាត​ចំពោះ​មុខ​ផង​ដែរ​៕