ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កសិករ​ត្អួ​ញ​ត្អែ​រ​ពី​បន្លែ​ចុះថោក​គ្មាន​ទីផ្សារ

7 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋ​អ្នក​ដាំ​បន្លែ​នៅ​តាម​ខ្នង​កោះ​តំបន់​ឆ្នុកទ្រូ ស្រុក​បរិបូណ៌​បាន​ត្អូញត្អែរ​ពី​តម្លៃ​កសិផល​របស់​ពួក​គាត់​ចុះថោក​ជា​ខ្លាំង​ជាង​ឆ្នាំ​កន្លង​ទៅ ដែល​ធ្វើ​ឱ្យ​

ខេត្តកំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋ​អ្នក​ដាំ​បន្លែ​នៅ​តាម​ខ្នង​កោះ​តំបន់​ឆ្នុកទ្រូ ស្រុក​បរិបូណ៌​បាន​ត្អូញត្អែរ​ពី​តម្លៃ​កសិផល​របស់​ពួក​គាត់​ចុះថោក​ជា​ខ្លាំង​ជាង​ឆ្នាំ​កន្លង​ទៅ ដែល​ធ្វើ​ឱ្យ​ពួក​គាត់​មានការ​ខាតបង់​ធន​ជា​ច្រើន ដែល​បញ្ហា​នេះ​ហើយ ពួក​គាត់​សំណូមពរ​ឱ្យ​មន្ទីរ​ពាក់ព័ន្ធ អាជ្ញាធរ​ខេត្ត និង​ប្រមុខ​រាជរដ្ឋាភិបាល សូម​មេត្តា​ជួយ​ពួក​គាត់​ផង ។

ជួប​ជាមួយ​ភ្នាក់ងារ​យក​ព័ត៌មាន​នៅ​ព្រឹក​ថ្ងៃ​ទី​១០ ខែមេសា ឆ្នាំ​២០១៧ នៅ​មាត់​កំពង់ទឹក ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូណ៌ ប្រជា​កសិករ​ទាំងនោះ​បាន​លើក​ឡើង​ថា ឆ្នាំ​នេះ​បន្លែ​របស់​ពួក​គាត់​បាន​ចុះថោក​យ៉ាង​គំហុក ។ បានជា​គាត់​ហ៊ាន​និយាយ​បែប​នេះ ព្រោះ​ផ្លែ​ល្ពៅ​គាត់​លក់​បាន​១​គីឡូក្រាម​៦០០​រៀល​ប៉ុណ្ណោះ ខុស​ពី​ឆ្នាំ​មុន បាន​១២០០​រៀល​និង​អាច​លើ​នេះ បើ​គិត​ទៅ ផ្លែ​ល្ពៅ​មួយ​ចំការ​លក់​មិន​រួចខ្លួន​ថ្លៃ​ពូជ ថ្លៃ​ជី ថ្លៃ​ថ្នាំ និង​ថ្លៃ​ពលកម្ម​ផង ធ្វើ​ឱ្យ​ម្នាក់​ៗ​ខាតបង់​ធនធាន​ជា​ច្រើន ។ កសិករ​ខ្លះ​ទៀត​លើក​ឡើង​ថា ផ្លែ​ត្រឡាច​គាត់​ឆ្នាំ​នេះ​លក់​១​ផ្លែ​បាន​តែ​២០០​រៀល​ប៉ុណ្ណោះ កាលពី​ឆ្នាំទៅ​លក់​បាន​៨០០ ទៅ​១០០០​រៀល ចំណែក​ត្រសក់ស្រូវ​លក់​បាន​មួយ​ផ្លែ​១៨០០​ទៅ​២០០០​ពាន់​រៀល ។ ពួក​គាត់​សំណូមពរ​ដល់​អាជ្ញាធរ​ខេត្ត ប្រមុខ​រាជរដ្ឋាភិបាល ជួយ​ដោះស្រាយ​រក​ទីផ្សារ​ឱ្យ​ពួក​គាត់​ផង ព្រោះ​សព្វ​ថ្ងៃនេះ​ខំ​ដាំ​ស្ទើរ​ស្លាប់ បាន​ផល​ហើយ​គ្មាន​ទីផ្សារ​ទាំង​ក្នុងស្រុក​ទាំង​នាំ​ចេញ​ក្រៅ​ស្រុក ។ ផ្ទុយ​ទៅ​វិញ ឃើញ​តែ​នាំ​ចូល​ពី​បណ្តា​ប្រទេស​ជិតខាង​ចូល​មក​ស្រុក​ខ្មែរ តែ​ទំនិញ​ខ្មែរ​ដូច​ជា​បន្លែ​នេះ​មិនឃើញ​មាន​នាំ​ចេញ​ទៅ​ក្រៅ​ទេ ។ ដោយ​បញ្ហា​នេះ​ហើយ​ទើប​ធ្វើ​ឱ្យ​កសិផល​ខ្មែរ​ចេះ​តែ​ចុះថោក ។

ជាមួយនឹង​សំណូមពរ​របស់​ប្រជាពលរដ្ឋ​នេះ​ដែរ លោក ងិ​ន ហ៊ុន ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្តកំពង់ឆ្នាំង បាន​បញ្ជាក់​ថា ឆ្នាំ​នេះ​ដោយសារ​អំណោយ ផល​ពី​ធម្មជាតិ អ្នក​ដាំ​បន្លែ​ទទួល​បាន​ផល​គ្រប់កន្លែង ធ្វើ​ឱ្យ​បន្លែ​សម្បូរ ទើប​តម្លៃ​ធ្លាក់​ចុះ​បែប​នេះ ។ លោក​ទទួលស្គាល់​ថា បន្លែ​ពិតជា​មាន​នាំ​ពី​ប្រទេស​ជិតខាង​មែន តែ​មិន​ថ្នាក់​ធ្លាក់​មក​ដល់​ខេត្តកំពង់ឆ្នាំង​ទេ ។ ចំពោះ​ថ្លៃ​ត្រឡាច ធ្លាក់​ដល់​១​ផ្លែ​២០០​រៀល លោក​ប្រាប់​ថា នឹង​រក​ទីផ្សារ​ក្នុង​ខេត្ត​ឱ្យ ព្រោះ​ជួនកាល​តាម​ផ្សារ​ក្នុង​ខេត្ត​មួយ​ចំនួន​មិនដឹង​ពី​ផ្លែ​ត្រឡាច​នៅ​ឆ្នុកទ្រូ ស្រុក​បរិបូណ៌​សម្បូរ​អ​ញ្ចឹ​ង​ទេ ៕