ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្វើ​កិច្ចការ​ច្រើន​ក្នុង​ពេល​តែ​មួយ ប៉ះពាល់​ខួរក្បាល​និង​ប្រសិទ្ធភាព​ការងារ

7 ឆ្នាំ មុន

អ្នក​ធ្លាប់​ឮ​មក​ខ្លះ​ហើយ​ថា ការ​ធ្វើ​កិច្ចការ​ជា​ច្រើន​ព្រម​គ្នា (Multitasking) មិនមែន​ជា​រឿង​ល្អ​ឡើយ ។ តាម​ការ​ស្រាវជ្រាវ​បង្ហាញ​ថា វា​ធ្វើ​ឲ្យ​ប្រសិទ្ធភាព​ការងារ​ថយ​ចុះ និង​អាច​បំផ្លាញ​ដល់​ខួរក្បាល​ផង​ដែរ ។ ការ

អ្នក​ធ្លាប់​ឮ​មក​ខ្លះ​ហើយ​ថា ការ​ធ្វើ​កិច្ចការ​ជា​ច្រើន​ព្រម​គ្នា (Multitasking) មិនមែន​ជា​រឿង​ល្អ​ឡើយ ។ តាម​ការ​ស្រាវជ្រាវ​បង្ហាញ​ថា វា​ធ្វើ​ឲ្យ​ប្រសិទ្ធភាព​ការងារ​ថយ​ចុះ និង​អាច​បំផ្លាញ​ដល់​ខួរក្បាល​ផង​ដែរ ។ ការ​ស្រាវជ្រាវ​ពី​មហាវិទ្យាល័យ Standford បង្ហាញ​ថា ការ​ធ្វើ​កិច្ចការ​ជា​ច្រើន​ព្រម​គ្នា វា​ផ្តល់​ប្រយោជន៍តិច​ជាង​ការ​ធ្វើ​តែ​មួ​​យ​មុខ ។

*​វា​ជា​ជំនាញ​ពិសេស​ឬ ?
ក្នុង​ករណី​មនុស្ស​ខ្លះ​មាន​ដុ​ង​ពី​កំណើត​ក្នុង​ការ​ធ្វើ​កិច្ចការ​ជា​ច្រើន​ព្រម​គ្នា​វិញ អ្នកស្រាវជ្រាវ​ពី​មហាវិទ្យាល័យ Standford បាន​សិក្សា ដោយ​បែងចែក​ជា​២​ក្រុម​លើ​និស្ស័យ​ចូល​ចិត្ត​ធ្វើ​កិច្ចការ​ជា​ច្រើន​ព្រម​គ្នា ដោយ​ជឿ​ថា ជា​ផល​ល្អ​ដល់​ការ​ធ្វើ​ការងារ ។ ពួក​គេ​សង្កេត​ឃើញ​ថា ក្រុម​អ្នក​ចូល​ចិត្ត​ធ្វើ​អ្វី​ច្រើន​យ៉ាង​ក្នុង​ពេល​តែ​មួយ បែរជា​ធ្វើ​ការងារ​មិន​បាន​ល្អ​ទេ បើ​ធៀប​ជាមួយ​ក្រុម​អ្នកធ្វើការ​តែ​មួយ​មុខ ខណៈ​ពួក​គេ​មិន​អាច​រៀបរៀង​គំនិត​បាន​ល្អ និង​កាត់​ព័ត៌មាន​ដែល​មិន​ចាំបាច់​ចេញ ។ ក្រៅពី​នោះ ពួក​គេ​បែរជា​ធ្វើ​ការងារ​យឺត​ទៀត​ផង ។

ការ​ធ្វើ​អ្វី​ច្រើន​យ៉ាង​ជាមួយ​គ្នា នឹង​ធ្វើ​ឲ្យ​ប្រសិទ្ធភាព​បំពេញការងារ​ថយ​ចុះ ខណៈ​ខួរក្បាល​អាច​ផ្តោត​លើ​ការងារ​តែ​មួយ​មុខ ។ ដូច្នេះ បើ​អ្នក​ធ្វើ​កិច្ចការ​២​ក្នុង​ពេល​តែ​មួយ ខួរក្បាល​របស់​អ្នក​នឹង​មិន​អាច​ធ្វើ​បាន​ទាំង​២​មុខ​ឲ្យ​បញ្ចប់​ទៅ​ព្រម​គ្នា​ឡើយ ។

*​ការ​ធ្វើ​កិច្ចការ​ជា​ច្រើន​ក្នុង​ពេល​ជាមួយ​គ្នា​ធ្វើ​ឲ្យ IQ ថយ​ចុះ ៖
បន្ទាប់​ពី​អ្នក​ធ្វើ​អ្វី​យឺតយ៉ាវ​ហើយ វា​នឹង​ធ្វើ​ឲ្យ IQ (​ភាព​ឆ្លាត​វៃ​) ថយ​ចុះ​ទៀត​ផង ។ តាម​ការ​ស្រាវជ្រាវ​ពី​មហាវិទ្យាល័យ University of London បង្ហាញ​ថា ក្រុម​ដែល​ធ្វើ​កិច្ចការ​ផ្សេង​ៗ​ជាមួយ​គ្នា ជាមួយ​ការងារ​ដែល​ត្រូវ​ប្រើ​គំនិត គឺ​មាន IQ ថយ​ចុះ​ព្រម​គ្នា​ដូច​ការ​សេព​កញ្ឆា ឬ​ការ​មិន​បាន​សម្រាក​ពេញ​មួយ​យប់ ។ IQ នឹង​ថយ​ចុះ​១៥​ពិន្ទុ រហូត​ដល់​ស្មើគ្នា​ជាមួយ IQ របស់​កុមារ​អាយុ​៨​ឆ្នាំ ។ ដូច្នេះ បើ​អ្នក​នៅ​តែ​អង្គុយ​ធ្វើ​កិច្ចការ​ផ្សេង​ៗ​ជាមួយ​គ្នា​បន្ត​ទៀត ខណៈ​ពេល​ចូល​រៀន ឬ​កំពុង​ប្រជុំ វា​អាច​ធ្វើ​ឲ្យ IQ ថយ​ចុះ ប្រៀប​ដូច​ជា​ក្មេង​អាយុ​៨​ឆ្នាំ ក៏​ថា​បាន ។

*​ប៉ះពាល់​ដល់​ខួរក្បាល ៖
សមត្ថភាព​ខាង​គំនិត​ដែល​ធ្វេសប្រហែស​ដោយសារ​ការ​ធ្វើ​កិច្ចការ​ជា​ច្រើន ដែល​គ្រាន់តែ​ជា​ភារកិច្ច​បណ្តោះអាសន្ន តាម​ការ​ស្រាវជ្រាវ​ចុង​ក្រោយ​ពី​មហាវិទ្យាល័យ University of Sussex ក្នុង​ទីក្រុង​ឡុ​ង​ដ៍ បាន​ប្រៀបធៀប​រវាង​រយៈពេល​បំពេញការងារ និង​ប្រើ​ឧបករណ៍​ជា​ច្រើន​ក្នុង​ពេល​ជាមួយ​គ្នា ដូច​ជា ការ​ផ្ញើ​សារ​តាម​ទូរស័ព្ទ​ពេល​កំពុង​មើល​ទូរទស្សន៍ បើ​ធៀប​នឹង​លទ្ធផល​ការ​ស្គេ​ន​ខួរក្បាល​ដោយ​គ្រឿង MRI បង្ហាញ​ថា ខួរក្បាល​ផ្នែក Anterior Cingulate Cortex ដែល​បំពេញ​តួនាទី​គ្រប់គ្រង​អារម្មណ៍ និង​គំនិត​របស់​មនុស្ស​មាន​ឥរិយាបថ​ខាងលើ នឹង​ថយ​ចុះ ។

ពិត​ណាស់​ថា នៅ​មានការ​ស្រាវជ្រាវ​បន្ត​នា​អនាគត នឹង​សរុប​បាន​ថា ការ​ធ្វើ​កិច្ចការ​ជា​ច្រើន​ក្នុង​ពេល​តែ​មួយ គឺជា​កត្តា​ធ្វើ​ឲ្យ​ខូច​ខួរក្បាល ឬ​ខួរក្បាល​ដែល​កំពុង​តែ​ខូច​នោះ គឺជា​ដើមហេតុ​ធ្វើ​ឲ្យ​យើង​ធ្វើ​កិច្ចការ​ខាងលើ ប៉ុន្តែ​ទោះជា​យ៉ាងណា ការ​អនុវត្ត​បែប​នេះ​មិន​ផ្តល់​ផល​ល្អ​ឡើយ ។

Kep Kee Loh អ្នកជំនាញ​ផ្នែក​ប្រព័ន្ធ​ខួរក្បាល និង​ជា​ប្រធាន​ក្រុម​ស្រាវជ្រាវ​និយាយ​ថា ៖ « ខ្ញុំ​ថា វា​ជា​រឿង​សំខាន់​ណាស់​ដែល​ត្រូវ​ឲ្យ​យើង​រាល់គ្នា​យល់​ច្បាស់​ថា ឥរិយាបថ​នៃ​ការ​ប្រើ​បច្ចេកវិទ្យា​ផ្សេង​ៗ​ទាំងនេះ​ប៉ះពាល់​ដល់​ការ​គិត ឬ​អាច​ធ្វើ​ឲ្យ​ផ្លាស់​ប្តូរ​ប្រព័ន្ធ​ខួរក្បាល​ក៏​ថា​បាន » ។

បើ​អ្នកជា​មនុស្ស​ម្នាក់​ចូល​ចិត្ត​ធ្វើ​អ្វី​ច្រើន​មុខជា​មួយ​គ្នា គួរតែ​កាត់​បន្ថយ​និស្ស័យ​បែប​នេះ​ខ្លះទៅ ព្រោះ​វា​ធ្វើ​ឲ្យ​អ្នក​ធ្វើ​កិច្ចការ​ទាំងនោះ​កាន់តែ​យឺត​ឡើង ហើយ​ប្រសិទ្ធភាព​ការងារ​ក៏​ថយ​ចុះ​ផង​ដែរ ។ ទោះបីជា​មិន​ខូច​ដល់​ខួរក្បាល ប៉ុន្តែ​វា​នឹង​ធ្វើ​ឲ្យ​អ្នក​ពិបាក​ក្នុង​ការ​ប្រើ​សមាធិ និង​ផ្តោត​លើ​រឿង​ផ្សេង​ទៀត ។

ក្រៅពី​នោះ ការ​បំពេញ​កិច្ចការ​ច្រើន​ជាមួយ​គ្នា​នៅ​ក្នុង​កន្លែង​ប្រជុំ ឬ​កន្លែង​ផ្សេង​ៗ​បង្ហាញ​ថា កម្រិតយល់ដឹង​របស់​អ្នក​អន់​ថយ​ចំពោះ​ខ្លួនឯង និង​សង្គម ដែល​ជា​អង្គ​ប្រកប​របស់​ភាព​ឈ្លាសវៃ​ខាង​អារម្មណ៍​សំខាន់​សម្រាប់​ភាព​ជោគជ័យ​ក្នុង​តួនាទី​ការងារ ។

វែ​ប​សាយ TalentSmart បាន​ពិសោធន៍​លើ​មនុស្ស​ជាង​១​លាន​នាក់ ហើយ​បង្ហាញ​ថា ៩០%​នៃ​អ្នក​ដែល​ធ្វើការ​ងារ​បាន​ល្អ​បំផុត គឺ​មាន​កម្រិត EQ (​សមត្ថភាព​) ខ្ពស់ ។ បើ​ធ្វើ​ការងារ​ច្រើន​ក្នុង​ពេល​តែ​មួយ​បំផ្លាញ​ខួរក្បាល​ផ្នែក​សំខាន់​ដល់ EQ ពិតមែន​នោះ ឥរិយាបថ​ខាងលើ​នឹង​ធ្វើ​ឲ្យ EQ របស់​អ្នក​ថយ​ចុះ​ផង​ដែរ ។

ហេតុនេះ ការ​ធ្វើ​ការងារ​ជា​ច្រើន​ក្នុង​ពេល​តែ​មួយ គឺ​មិន​ត្រឹមតែ​កាត់​បន្ថយ​ប្រសិទ្ធភាព​ការងារ​បច្ចុប្បន្ន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​អាច​បំផ្លាញ​ខួរក្បាល និង​ប៉ះពាល់​ដល់​អាជីព​នា​ពេល​អនាគត​ទៀត​ផង ៕