ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំណត់​ថ្ងៃ​ទី​9 មេ​សា ជា​ទិវា​ជាតិ​លើកកម្ពស់​ការ​ប្រើប្រាស់​ផលិតផល​ក្នុងស្រុក

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ រាជរដ្ឋាភិបាល​បាន​សម្រេច​ជ្រើសរើស​យក​ថ្ងៃ​ទី​៩ មេ​សា ជា​រៀង​រាល់​ឆ្នាំ​កំណត់​ជា​ទិវា​ជាតិ ជំរុញ​ការ​ប្រើប្រាស់​ផលិតផល​ក្នុងស្រុក ដែល​ជា​ការ​ចូលរួម​លើកកម្ពស់​សេដ្ឋកិច្ចជាតិ ។

រាជធានី​ភ្នំពេញ ៖ រាជរដ្ឋាភិបាល​បាន​សម្រេច​ជ្រើសរើស​យក​ថ្ងៃ​ទី​៩ មេ​សា ជា​រៀង​រាល់​ឆ្នាំ​កំណត់​ជា​ទិវា​ជាតិ ជំរុញ​ការ​ប្រើប្រាស់​ផលិតផល​ក្នុងស្រុក ដែល​ជា​ការ​ចូលរួម​លើកកម្ពស់​សេដ្ឋកិច្ចជាតិ ។

លោក​ឧបនាយករដ្ឋមន្ត្រី យឹ​ម ឆៃ​លី ប្រធាន​ក្រុមប្រឹក្សា​ស្តារ និង​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​កម្ពុជា បាន​ថ្លែង​ក្នុង​ពិធី​ដាក់​ឲ្យ​ប្រើប្រាស់​គោលនយោបាយ​ជាតិ ស្តី​ពី​ការ​ជំរុញ​ចលនា​ភូមិ​មួយ ផលិតផល​មួយ កាលពី​ចុង​ស​ប្តា​ហ៍​មុន​ថា ចលនា​ភូមិ​មួយ ផលិតផល​មួយ គឺជា​ស្ពាន​នៃ​កា​រត​ភ្ជាប់​ការ​លើកកម្ពស់​សហគ្រាស​ធុន​តូច និង​មធ្យម​នៅ​កម្ពុជា ដែល​ជា​វិស័យ​ដ៏​មាន​សារសំខាន់​ក្នុង​ការ​លើកកម្ពស់​ការ​ប្រើប្រាស់​ក្នុងស្រុក ការ​នាំ​ចេញ ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ ។

លោក​ឧបនាយករដ្ឋមន្ត្រី ក៏​បាន​អំពាវនាវ​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ​របស់​រាជរដ្ឋាភិបាល និង​ប្រជាពលរដ្ឋ​គ្រប់​រូប​ប្រើប្រាស់​ផលិតផល​ខ្មែរ​ផង​ដែរ​។ លោក​បន្ត​ថា ៖ «​គោលដៅ​ចម្បង​នៃ​ចលនា​ភូមិ​មួយ ផលិតផល​មួយ គឺ​លើកកម្ពស់​គុណភាព​នៃ​ការ​ផលិត ការ​វេច​ខ្ចប់ អនាម័យ ដើម្បី​ជំរុញ​ការ​ប្រើប្រាស់​ក្នុងស្រុក និង​ការ​នាំ​ចេញ ហើយ​ភាព​រីក​ចម្រើន​នៃ​វិស័យ​នេះ គឺ​ចូលរួម​ចំណែក​យ៉ាង​សកម្ម​ក្នុង​ការ​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ » ។

រហូត​មក​ទល់​ពេល​នេះ កម្ពុជា​មិន​ទាន់​មាន​ទំនិញ ឬ​ផលិតផល​សម្រាប់​សម្គាល់​ពី​អត្តសញ្ញាណ​ភូមិ​មួយ ផលិតផល​មួយ​នៅឡើយ​ទេ ។

លោកស្រី កែវ មុំ ប្រធាន​សមាគម​សហគ្រិន​ស្ត្រី​កម្ពុជា ថ្លែង​ថា ការ​រៀបចំ​ទិវា​នេះ​ជា​ការ​ល្អ​ប្រសើរ​មែនទែន ដែល​បង្ហាញ​ថា រាជរដ្ឋាភិបាល​បាន​យកចិត្តទុកដាក់​ដល់​វិស័យ​សហគ្រាស​ធុន​តូច និង​មធ្យម​នៅ​កម្ពុជា ជា​វិស័យ​មួយ​ដើរតួ​នាទី​ជា​ឆ្អឹងខ្នង​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ ។

លោកស្រី​បន្ត​ថា កន្លង​មក ក្រសួងពាណិជ្ជកម្ម​បាន​រៀបចំ​ពិព័រណ៍ និង​យុទ្ធនាការ​ទិញ​ផលិតផល​ខ្មែរ ដែល​ទទួល​បាន​ជោគជ័យ​យ៉ាង​ខ្លាំង ដោយសារ​មានការ​គាំទ្រ​ច្រើន​ពី​ប្រជាពលរដ្ឋ​ក្នុងស្រុក ។ ហេតុនេះ ក្រសួង​គួរ​រៀបចំ​ពិព័រណ៍​នេះ​ឲ្យ​បាន​ញឹកញាប់​កាន់តែ​ល្អ ។

លោកស្រី​បន្ត​ថា ៖ « ការ​ពិត ខ្មែរ​មាន​ផលិតផល​ច្រើន​ណាស់ ហើយ​ពួក​គេ​ផលិត​បាន​ល្អ មានការ​រចនា និង​វេច​ខ្ចប់​ល្អ​ណាស់ មិន​ចាញ់​ទំនិញ​ពី​បរទេស​ទេ » ។ លោកស្រី​បន្តថា ៖ « នៅ​ពេល​តាំងពិព័រណ៍ ទើប​យើង​ដឹង​ថា ខ្មែរ​ផលិត​បាន​ច្រើន ប៉ុន្តែ​ពេល​ចប់​ពិព័រណ៍ យើង​មិនដឹង​ទៅ​រក​ទិញ​នៅឯណា​បាន​ទៅ​វិញ ហើយ​បញ្ហា​នេះ​បណ្តាល​មក​ពី​ការ​ចែកចាយ និង​ការ​ផលិត​មិន​បាន​ច្រើន » ។

លោក​ឧកញ៉ា តែ តាំង​ប៉ ប្រធាន​សម្ព័ន្ធ​សមាគម​សហគ្រាស​ធុន​តូច និង​មធ្យម ថ្លែង​ថា លោក​គាំទ្រ​ការ​រៀបចំ​ទិវា​នេះ ប៉ុន្តែ​ធ្វើ​យ៉ាងណា​ឲ្យ​ធ្វើ​មែនទែន និង​ធ្វើ​ទាំងអស់​គ្នា ព្រោះ​បើ​ដប់​នាក់ ធ្វើ​តែ​ពីរ​បី​នាក់​មិន​ទទួល​ជោគជ័យ​ទេ បើ​ចង់បាន​ជោគជ័យ ទាល់តែ​ធ្វើ​ទាំងអស់​គ្នា ។ លោក​បន្ត​ថា បញ្ហា​សំខាន់​នា​ពេល​នេះ គឺ​ក្រសួងពាណិជ្ជកម្ម​បាន​បើក​ឲ្យ​ទំនិញ​ថៃ​ហូរ​ចូល​មក​សេរី ទោះជា​ទំនិញ​ផុត​កាលបរិច្ឆេទ​ប្រើប្រាស់​ហើយ​ក៏​ដោយ ក៏​ទំនិញ​ទាំងនោះ​ហូរ​ចូល​ទីផ្សារ​កម្ពុជា​ដោយ​សេរី និង​ដើរ​លក់​តាម​រថយន្ត​ស្ទើរ​គ្រប់​ភូមិ​ទូ​ទាំង​ប្រទេស ។

លោក​មាន​ប្រសាសន៍​ថា ៖ « ការ​ចូល​សមាហរណកម្ម​អាស៊ាន វិស័យ​ឯកជន​មិន​ជំទាស់​ទេ ប៉ុន្តែ​ក្រសួងពាណិជ្ជកម្ម​បាន​បើក ឲ្យ​ទំនិញ​ថៃ​ចូល​ដោយ​សេរី ខណៈ​ទំនិញ​កម្ពុជា​មិន​អាច​នាំ​ចេញ​បាន ។ ហេតុនេះ ក្រសួង ពាណិជ្ជកម្ម​គួរ​ធ្វើ​ការងារ​នេះ​ឲ្យ​មែនទែន​» ។ លោក​បន្ត​ថា ៖ «​នៅ​ក្នុង​ច្បាប់​អន្តរជាតិ គេ​ឲ្យ​តាំងពិព័រណ៍​ទំនិញ តែ​មិន​ឲ្យ​លក់ទំនិញ​ទេ ប៉ុន្តែ​នៅ​កម្ពុជា​បាន​បើក​សេរី ។ ដូច្នេះ ការ​រៀបចំ​ពិព័រណ៍​ជំរុញ​ការ​ប្រើប្រាស់​ផលិតផល​ក្នុងស្រុក​មួយ​ថ្ងៃ ប៉ុន្តែ​ឲ្យ​គេ​លក់ទំនិញ​៩៩​ថ្ងៃ គឺ​ចលនា​ជំរុញ​ផលិតផល​ក្នុងស្រុក​មិន​ជោគជ័យ​ទេ » ៕