រាជធានីភ្នំពេញ ៖ ក្រោយបញ្ចប់សម័យប្រជុំពេញអង្គប្រចាំសប្តាហ៍របស់គណៈរដ្ឋមន្ត្រីវេលាម៉ោង១១ព្រឹកថ្ងៃសុក្រ ទី១៨ មីនា ២០១១ សម្តេចតេជោនាយករដ្ឋមន្ត្រីហ៊ុន សែន បានដឹកនាំក្រុមមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាល អញ្ជើញទៅស្ថានទូតជប៉ុនប្រចាំប្រទេសកម្ពុជា ដើម្បីដាក់កម្រងផ្កាគោរពវិញ្ញាក្ខន្ធដល់ប្រជាពលរដ្ឋជប៉ុនដែលស្លាប់ដោយសារការរញ្ជួយដី និងរលកយក្សស៊ូណាមី កាលពីថ្ងៃទី១១ មីនា កន្លងមក ។
សូមបញ្ជាក់ថា ស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានមួយកាលពីថ្ងៃទី១៦ មីនា ទាក់ទិននឹងគ្រោះមហន្តរាយដោយការរញ្ជួយដី និងរលកយក្សស៊ូណាមីបង្កឱ្យខូចខាតធ្ងន់ធ្ងរលើប្រទេសជប៉ុន កាលពីថ្ងៃទី១១ មីនា កន្លងមកនេះ ដោយក្នុងមនោសញ្ចេតនាជ្រាលជ្រៅរបស់ប្រជាពលរដ្ឋកម្ពុជាទាំងអស់ គឺមានការរន្ធត់ចិត្តពន់ពេកណាស់ចំពោះការរងគ្រោះដ៏ធំធេងនៅប្រទេសជប៉ុនដែលជាកល្យាណមិត្តដ៏ល្អរបស់កម្ពុជា ។ ទឹកភ្នែក និងការទួញសោករបស់ប្រជាជនជប៉ុន ក៏ជាទឹកភ្នែករបស់ប្រជាជនកម្ពុជាដែរ ដូច្នេះស្ថានទូតជប៉ុនបានអនុញ្ញាតឱ្យសាធារណជនចូលរួមដាក់កម្រផ្កា គោរពវិញ្ញាណក្ខន្ធ និងសរសេរក្នុងសៀវភៅរំលែកទុក្ខនៅស្ថានទូតជប៉ុន ដែលមានអាសយដ្ឋានលេខ១៩៤ មហាវិថីព្រះនរោត្តម តាមពេលវេលាគឺពីថ្ងៃទី១៦ ដល់ទី១៨ មីនា និងថ្ងៃទី២១ ដល់២៣ មីនា ចាប់ពីម៉ោង១០ដល់ម៉ោង១២ និងពីម៉ោង១៤ដល់ម៉ោង១៦ ។
សេចក្តីប្រកាសព័ត៌មានបន្តថា ស្ថានទូតជប៉ុនសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រជាជនកម្ពុជាដែលបានចូលរួមមរណៈទុក្ខ និងសន្តានចិត្តក្នុងការផ្តល់នូវការបរិច្ចាគជាថវិកា និងផ្កាសម្រាប់ជនរងគ្រោះដោយសារគ្រោះមហន្តរាយនេះ ៕
ចែករំលែកព័តមាននេះ