ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តុលាការ​កោះហៅ​ស្ត្រី​ប្រមាថ​ថ្នាក់ដឹកនាំ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​អះអាង​ថា ករណី​ស្ត្រី​ម្នាក់ ដែល​ប្រមាថ​មាក់ងាយ​ថ្នាក់ដឹកនាំ​ប្រទេស ត្រូវ​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​អះអាង​ថា ករណី​ស្ត្រី​ម្នាក់ ដែល​ប្រមាថ​មាក់ងាយ​ថ្នាក់ដឹកនាំ​ប្រទេស ត្រូវ​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់ ។
លោក សុខ ឥ​សាន អ្នកនាំពាក្យ​គណបក្សប្រជាជន​បានឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​១០ ខែមេសា​ថា​កាលពី​ពេល​ថ្មី​ៗ​នេះ តាម​រយៈ​វី​ដេ​អូ​ឃ្លី​ប​មួយ​បាន​បង្ហាញ​សកម្មភាព​របស់​ស្ត្រី​ម្នាក់ បាន​យក​ស្បែកជើង​របស់​ខ្លួន គប់​ចំនួន​ពីរ​ដង​លើ​រូប​ថ្នាក់ដឹកនាំ​ប្រទេស​គឺ​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី និង​សម្តេច​ពញា​ចក្រី ហេង សំ​រិ​ន ប្រធានរដ្ឋសភា ។

លោក​បញ្ជាក់​ថា «​សកម្មភាព​អ​សីលធម៌ របស់​ស្ត្រី​រូប​នេះ ឆ្លុះ​បញ្ចាំង​ពី​ច​រឹត​អ​សីលធម៌ និង​ប្រមាថ​ដោយ​ចេតនា លើ​ថ្នាក់ដឹកនាំ​កំពូល​របស់​ប្រទេស ដែល​ចាំបាច់​ត្រូវ​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់​ជា​ធរមាន​» ។ ករណី​នេះ​ដែរ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពង់ស្ពឺ​លោក កែវ សុធា កាលពី​ថ្ងៃ​ទី​៨ ខែមេសា បាន​ចេញ​ដីកា​កោះហៅ​សកម្មជន​គណបក្សប្រឆាំង​ម្នាក់​ឱ្យ​ចូលខ្លួន​ឆ្លើយ​បំភ្លឺ នៅ​ចំពោះ​មុខមន្ត្រី​នគរបាល​យុត្តិធម៌ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ ឱ្យ​បាន​មុន​ថ្ងៃ​ទី​៨ ខែមិថុនា ឆ្នាំ​២០១៧​ខាង​មុខ​នេះ​ពាក់ព័ន្ធ​នឹង​បទ​ប្រមាថ និង​ញុះញង់​ឱ្យ​មានការ​រើសអើង ។

ស្ត្រី​ដែល​តុលាការ​កោះហៅ​នោះ មានឈ្មោះ សំ សុខា អាយុ​៣៨​ឆ្នាំ ស្នាក់​នៅ​ភូមិ​ត្រស់​សាលា សង្កាត់​ស្វាយ​ក្រ​វ៉ា​ន់ ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ ។ នា​ថ្មី​ៗ​នេះ ស្ត្រី​ខាងលើ​បាន​យក​ស្បែកជើង​របស់​ខ្លួន​គប់​លើ​រូប​ប្រមុខ​គណបក្ស​ប្រជាជន​កម្ពុជា គឺ​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​ពញា​ចក្រី ហេង សំ​រិ​ន ហើយ​បង្ហោះ​ពី​សកម្មភាព​ប្រមាថ​របស់​ខ្លួន និង​ត្រូវ​បាន​គេ​ចែកចាយ​នៅ​លើ​បណ្តាញ​សង្គម​Facebook​យ៉ាង​ព្រោងព្រាត ហើយ​គ្រប់​គ្នា​បាន​នាំ​គ្នា​រិះគន់​ចំពោះ​សកម្មភាពអ​សីលធម៌​បែប​នេះ ។

សកម្មភាព​ស្ត្រី​ខាងលើ​នេះ បាន​រង​នូវ​ការ​រិះគន់យ៉ាង​ខ្លាំង​ពី​សំណាក់​ប្រជាពលរដ្ឋ និង​អ្នកគាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា ។ ក្រុម​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា បាន​ចាត់​ទុក​ថា នេះ​គឺជា​ការ​ប្រមាថដ៏​ធ្ងន់ធ្ងរ ដែល​មិន​អាច​ទទួលយក​បាន ហើយ​អំពាវនាវ​ឱ្យ​សមត្ថកិច្ច​ចាត់ការ​ទៅ​តាម​ច្បាប់ ។ យោង​តាម​ដីកាកោះ​របស់​ព្រះរាជអាជ្ញា​ខេត្តកំពង់ស្ពឺ ការ​ចេញ​ដីកាកោះ​នេះ គឺ​ធ្វើ​ឡើង​តាម​របាយការណ៍​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ពាក់ព័ន្ធ​នឹង​សកម្មភាព​ស្ត្រី​ខាងលើ​នេះ ។

លោក កែវ សុធា ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ស្ពឺ បាន​ចេញ​ដីកា​បញ្ជា​ឱ្យ​ចូលខ្លួន​ចំពោះ​ស្ត្រី​ឈ្មោះ សំ សុខា អាយុ​៣៨​ឆ្នាំ ដើម្បី​សាកសួរ​ពី​ដំណើររឿង​ប្រមាថ និង​ញុះញង់​ឱ្យ​មានការ​រើសអើង​តាម​មាត្រា​៥០២ មាត្រា​៤៩៤ និង​មាត្រា​៤៩៦​នៃ​ក្រមព្រហ្មទណ្ឌ ។ ក្រុម​អ្នកវិភាគ​និយាយ​ថា នៅ​សុខ​មិន​ព្រម​នៅទេ​រមាស់​ដៃ​ទាល់តែ​គុក​អន្ទង​ឱ្យ​ចូល​ដេក​ទើប​ស្ងប់​អារម្មណ៍ ៕