ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាន់ រតនា មិន​ហ៊ាន​សប្បាយ​អំឡុង​ថ្ងៃ​ចូល​ឆ្នាំ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ខុស​ពី​កីឡាករ​ផ្សេង​ទៀត​ដែល​សុទ្ធតែ​មាន​គម្រោង​ដើរ​លេង​នៅ​អំឡុង​ពេល​ចូល​ឆ្នាំ សម្រាប់​កីឡាករ ចាន់ រតនា ឯណេះ​វិញ​បាន​អះអាង​ថា លោក​មិន​មាន​គម្រោង​ដើរ​លេង​ណាមួយ​នោះ​ទេ ដោយ

រាជធានី​ភ្នំពេញ ៖ ខុស​ពី​កីឡាករ​ផ្សេង​ទៀត​ដែល​សុទ្ធតែ​មាន​គម្រោង​ដើរ​លេង​នៅ​អំឡុង​ពេល​ចូល​ឆ្នាំ សម្រាប់​កីឡាករ ចាន់ រតនា ឯណេះ​វិញ​បាន​អះអាង​ថា លោក​មិន​មាន​គម្រោង​ដើរ​លេង​ណាមួយ​នោះ​ទេ ដោយសារ​តែ​លោក​ត្រូវ​ត្រៀម​បង្ហាញខ្លួន​ជា​ថ្មី​ម្ដងទៀត​នៅ​ក្នុង​ព្រឹត្តិការណ៍​ប្រដាល់​ដាក់​ទ្រុង MMA  ដែល​នឹង​ត្រូវ​ចាប់ផ្ដើម​នៅ​ក្រោយ​ចូល​ឆ្នាំ​នោះ ។ ព្រឹត្តិការណ៍​នេះ​មានការ​រំពឹង​ថា នឹង​ធ្វើ​ឱ្យ​កីឡាករ​កម្ពុជា​រូប​នេះ​ទទួល​បាន​ទីផ្សារ​ឡើង​វិញ ក៏​ដូច​ជា​ជួយ​ឱ្យ​ពិភពលោក​ចាប់អារម្មណ៍​កីឡាករ​ខ្មែរ​ផ្សេង​ទៀត  ប្រសិនបើ​ចាន់ រតនា ទទួល​បាន​ជោគជ័យ ។

យោង​តាម​ការ​ប្រកាស នៅ​ក្នុង​ព្រឹត្តិការណ៍​ប្រដាល់​ដាក់​ទ្រុង MMA ដែល​មានឈ្មោះ​ថា One Championship Kings of Destiny ដែល​គ្រោង​ធ្វើ​ឡើង​នៅ​ប្រទេស​ហ្វ៊ី​លី​ពី​ន ក្នុង​ទីក្រុង Manila នៅ​ថ្ងៃ​ទី​២១ មេ​សា ប៉ុន្មាន​ថ្ងៃក្រោយ​ចូល​ឆ្នាំ គឺ​កីឡាករ​កម្ពុជា ចាន់ រតនា ដែល​គេ​ស្គាល់​ថា​ជា​ជើង​ខ្លាំង​ផ្នែក​យុទ្ធ​ក្រម​ខម និង​ក្បាច់គុន​បុរាណ​ខ្មែរ ក៏​មានឈ្មោះ​ចូលរួម​ប្រកួត​ផង​ដែរ ។ លោក​ត្រូវ​គេ​អះអាង​ថា នឹង​ចេញដំណើរ​ទៅ​មុន​ការ​ប្រកួត​ច្រើន​ថ្ងៃ​នោះ​ផង ដើម្បី​ហ្វឹកហាត់​បន្ថែម ។ លោក​គឺជា​សមាសភាព​កីឡាករ​កម្ពុជា​តែ​ម្នាក់​គត់​ដែល​បាន​ឡើង​ប្រកួត​នៅ​ក្នុង​ព្រឹត្តិការណ៍​នេះ​ជា​ថ្មី បន្ទាប់​ពី​កីឡាករ​កម្ពុជា ដែល​មានសំណាង​បាន​ប្រកួត​ក្រោយ​ការ​ហ្វឹកហាត់​ច្រើន​នាក់​សុទ្ធតែ​អស់សិទ្ធិ​ឡើង​ប្រកួត ។ ហេតុផល​ដែល​លោក ចាន់ រតនា ត្រូវ​បាន​ប្រកាស​ឱ្យ​ឡើង​ប្រកួត​ជា​ថ្មី គឺ​ដោយសារ​តែ​លោក​ជា​កីឡាករ​កម្ពុជា ដែល​មាន​សមត្ថភាព​ខ្ពស់ និង​បច្ចេកទេស​ល្អ​សម្រាប់​ក្បាច់គុន​ប្រដាល់​ដាក់​ទ្រុង​កម្រិត​ពិភព លោក ។ អ៊ីចឹង​ហើយ​ទើប​គេ​ឃើញ​កីឡាករ​រូប​នេះ​បាន​ប្រកាស​ជា​សាធារណៈ​ថា ខ្លួន​មិន​ហ៊ាន​ចំណាយពេល​ដើរ​លេង ឬ​ធ្វើ​សកម្មភាព​សប្បាយ​ៗ​ណាមួយ​សម្រាប់​អំឡុង​ថ្ងៃ​បុណ្យចូលឆ្នាំ​នោះ​ទេ ដោយសារ​តែ​លោក​ជាប់​កុងត្រា​ជាមួយ MMA ហើយ​ត្រូវ​តែ​ប្រឹង​ប្រកួត​ឱ្យ​អស់​លទ្ធភាព​ដើម្បី​កុំឱ្យ​បាក់មុខ​កីឡាករ​កម្ពុជា​នៅ​លើ​ឆាក​អន្តរជាតិ បន្ទាប់​ពី MMA សម្រេច​បន្ត​ឱកាស​ឱ្យ​លោក​ឡើង​រេញ​ក្នុង​ព្រឹត្តិការណ៍​នេះ​ជា​ថ្មី​។

កីឡាករ ចាន់ រតនា បាន​អះអាង​ថា ខ្លួន​មិន​អាច​ប្រហែស​បាន​ទេ​សម្រាប់​ព្រឹត្តិការណ៍ MMA ម្ដងទៀត​នៅ​ក្នុង​ប្រទេស​ហ្វ៊ី​លី​ពី​ន ដោយ​លោក​បាន​ចាត់​ទុក​ថា​ការ​ប្រកួត​មួយ​នេះ ក្រៅពី​ជួយ​ឱ្យ​លោក​មានមុខ​មាន​មាត់ ក៏​ធ្វើ​ឱ្យ​លោក​ទទួល​បាន​ប្រាក់​កម្រៃ​ច្រើន​ផង​ដែរ ។ លោក​ថា ការ​ប្រកួត MMA ក្រៅពី​បាន​តម្លៃ​ខ្លួន​ខ្ពស់​តែ​ក៏​មាន​កិត្តិយស​ណាស់​ដែរ​ក្នុង​ការ​ពាំនាំ​មុខមាត់​កម្ពុជា​ទៅ​បង្ហាញ​លើ​ឆាក​អន្តរជាតិ ។ លោក​ថា ការ​ប្រកួត​បែប​នេះ តម្លៃ​បរាជ័យ​លើ​រេញ​ធម្មតា​ៗ ក៏​ទទួល​បាន​មួយ​ប្រកួត​១​ពាន់​ដុល្លារ​នោះ​ដែរ ទើប​លោក​ចាត់​ទុក​ថា ការ​ប្រកួត​របស់​ខ្លួន​នៅ​ក្រោយ​អំឡុង​ចូល​ឆ្នាំ​សំខាន់​ជាង​ការ​កម្សាន្ត ក្នុង​ពេល​ចូល​ឆ្នាំ ជា​ពិសេស​គឺ​ការ​រាំច្រៀង និង​ដើរ​កម្សាន្ត​នោះ ។ លោក​ថា ខ្លួន​នឹង​មានការ​ប្រកួត​នៅ​ក្នុង​ព្រឹត្តិការណ៍​បន្តបន្ទាប់ ប្រសិនបើ​ការ​ប្រកួត​ដែល​បាន​ធ្វើ​ឡើង​នៅ​យប់​ថ្ងៃ​ទី​២១ មេ​សា ទទួល​បាន​ជោគជ័យ ។ លោក​ថា ខ្លួន​មិន​អាច​ប្រហែស​សម្រាប់​ការ​ប្រកួត​បាន​ទេ ដើម្បី​កុំឱ្យ​អ្នក​រៀបចំ​កម្មវិធី​ដែល​ជ្រើសរើស​លោក​ខកចិត្ត និង​កុំឱ្យ​អ្នកគាំទ្រ​លោក​អស់សង្ឃឹម ។ លោក​សម្រេច​ដាក់​កំហិត​ហ្វឹកហាត់​ឱ្យ​អស់ពី​លទ្ធភាព ដោយ​លោក​បញ្ជាក់​ថា ឱកាស​បាន​សម្រាក​នៅ​អំឡុង​ថ្ងៃ​ចូល​ឆ្នាំ​នោះ​ហើយ ដែល​លោក​នឹង​ចំណាយពេល​ច្រើន​ឡើង សម្រាប់​ការ​បន្ថែម​វិជ្ជា​គុន ។ លោក​ថា ការ​ប្រកួត​នៅ​ក្នុង​ប្រទេស​ហ្វ៊ី​លី​ពី​ន នៅ​ក្រោយ​ថ្ងៃ​ចូល​ឆ្នាំ គឺជា​ការ​ប្រកួត​សំខាន់​សម្រាប់​អាជីព​ដោយ​លោក​បញ្ជាក់​ថា ប្រសិនបើ​ការ​ប្រកួត​មួយ​នេះ​បរាជ័យ គឺ​នឹង​បាត់​ទីផ្សារ​តែ​ម្ដង នៅ​លើ​សង្វៀន​អន្តរជាតិ​របស់ MMA ។  លោក​ទទូច​ឱ្យ​កីឡាករ​កម្ពុជា​ហ្វឹកហាត់​ផ្នែក​ប្រដាល់​ដាក់​ទ្រុង​ឱ្យ​បាន​ច្រើន ដោយសារ​តែ​ការ​ប្រកួត​ប្រភេទ​នេះ ក្រៅពី​ជួយ​ឱ្យ​បាន​លុយ​ច្រើន ក៏​មាន​តម្រូវការ​ខ្ពស់​ពី​អ្នក​រៀបចំ ។ លោក​ថា នៅ​ក្នុង​ប្រទេស​កម្ពុជា កញ្ជ្រោល​ចង់​ហ្វឹកហាត់​ផ្នែក​នេះ​ត្រឹមតែ​ដំបូង​ប៉ុណ្ណោះ តែ​ពេល​បន្តបន្ទាប់​ក៏​មិនសូវ​មាន​អ្នក​សកម្ម​ទើប​ធ្វើ​ឱ្យ​ធនធាន​អ្នក​ប្រដាល់​ដាក់​ទ្រុង​មិនសូវ​មាន​ច្រើន ។ លោក​ថា បើ​កីឡាករ​កម្ពុជា​មាន​អ្នក​អាច​ប្រកួត​ក្នុង​ព្រឹត្តិការណ៍ MMA បាន​មិន​ខ្វះ​ការ​ប្រកួត​នោះ​ទេ ដោយសារ​តែ​ព្រឹត្តិការណ៍​នេះ​ចង់​លើក​កីឡាករ​កម្ពុជា​ឱ្យ​ឡើង​ប្រកួត​ច្រើន​។

គួរ​បញ្ជាក់​ថា កីឡាករ ចាន់ រតនា ធ្លាប់​បាន​បង្ហាញខ្លួន​នៅ​ក្នុង​ព្រឹត្តិការណ៍​មួយ​នេះ​ច្រើន​លើក​មក​ហើយ​របស់ MMA  ដោយ​ការ​ប្រកួត​របស់​លោក​កាល​ចុងឆ្នាំ​២០១៦ គឺ​បាន​ប៉ះ​គ្នា​ជាមួយ​កីឡាករ​ចិន ម៉ា​កាវ ហើយ​បាន​ចាញ់​ពិន្ទុ​នៅ​ក្រៅ​ទឹកដី ។ ការ​ប្រកួត​ដែល​នឹង​ធ្វើ​ឡើងជា​ថ្មី​នៅ​ថ្ងៃ​ទី​២១ មេ​សា ខាង​មុខ​នេះ លោក​នឹង​ប៉ះ​ជាមួយ​កីឡាករ​ជនជាតិ​ចិន​ឈ្មោះ Xie ដែល​ជា​ម្ចាស់​ខ្សែក្រវាត់​ម្នាក់​ផង ។ កីឡាករ​កម្ពុជា​រូប​នេះ ទំនងជា​ត្រូវ​ប្រើ​កម្លាំង​ការពារ​ច្រើន​ណាស់ ដើម្បី​រក្សា​មុខមាត់ និង​អាច​ទៅ​រួច​នៅ​លើ​ការ​ប្រកួត ៕