ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ភូមិ​ក្មេង​ចាស់​ជាង​30​នាក់​ពុល​ចំណីអាហារ​ក្នុង​ពិធីបុណ្យ

7 ឆ្នាំ មុន

ខេត្តបាត់ដំបង ៖ យ៉ាង​ហោច​ណាស់​មនុស្ស​ជាង​៣០​នាក់ ដែល​ភាគច្រើន​ជា​កុមារ ត្រូវ​គេ​សង្ស័យ​ថា បាន​ពុល​អាហារ​ជា​បន្តបន្ទាប់

ខេត្តបាត់ដំបង ៖ យ៉ាង​ហោច​ណាស់​មនុស្ស​ជាង​៣០​នាក់ ដែល​ភាគច្រើន​ជា​កុមារ ត្រូវ​គេ​សង្ស័យ​ថា បាន​ពុល​អាហារ​ជា​បន្តបន្ទាប់ នៅ​ក្នុង​កម្មវិធី​បុណ្យ​មួយ​កន្លែង​ក្នុងភូមិ​ព្រៃ​កូន​សេក សង្កាត់​អូរ​ចា ក្រុង​បាត់ដំបង ចាប់តាំងពីវេលា​ថ្ងៃត្រង់ ថ្ងៃ​ទី​៩ មេ​សា រហូត​ដល់​យប់ តែ​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ទាន់​ពេលវេលា​មិន​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​នរណា​ម្នាក់​ឡើយ ។

លោកប៉ា​ង ហៀ​ង អធិការ​ក្រុង​បាត់ដំបង បានឱ្យ​ដឹង​ថា មនុស្ស​រាប់រយ​នាក់​បាន​មក​ចូលរួម​ក្នុង​ពិធីបុណ្យ​មួយ​កន្លែង​នៅ​ក្នុងភូមិ​ខាងលើ​។ លោក​ថា បន្ទាប់​ពី​ហូប​អាហារ​ថ្ងៃត្រង់​រួច ស្រាប់តែ​អ្នកចូលរួម​បុណ្យ ដែល​ភាគច្រើន​ជា​កុមារ​មាន​អាការ​ក្អូ​ត​ចង្អោរ​ជា​បន្តបន្ទាប់ ដែល​គេ​សង្ស័យ​ថា អាច​បណ្ដាល​មក​ពី​ការ​ពុល​អាហារ​តែ​ម្ដង ។ លោកប៉ា​ង ហៀ​ង បាន​បញ្ជាក់​ថា ជន​រង​គ្រោះ​មួយ​ចំនួន​ត្រូវ​បាន​បញ្ជូន​ភ្លាម​ៗ​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្ត និង​មួយ​ចំនួន​ទៀត​ដេក​ព្យួរ​សឺ​រ៉ូ​ម​នៅផ្ទះ​។ បើ​តាម​ចំនួន​ជន​រង​គ្រោះ​សរុប​៣៣​នាក់ ក្នុង​នោះ​មាន​ស្រី​២០​នាក់ ដែល​ភាគច្រើន​ជា​កុមារ​តូច​ៗ តែ​រហូត​ដល់​ពេល​នេះ​មិន​ទាន់​មាន​ជន​រង​គ្រោះ​ណា​ម្នាក់​គ្រោះថ្នាក់​ដល់​អាយុជីវិត​ទេ ។

បើ​តាម​ការ​បំភ្លឺ​ខ្លះ​ៗ​ពី​អ្នក​ភូមិ​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ដែល​មាន​អាការ​ពុល​នោះ បាន​កើតឡើង​នៅ​ថ្ងៃ​ចុង​ក្រោយ​នៃ​ពិធីបុណ្យ ។ អ្នក​ភូមិ​និយាយ​ថា នៅ​វេលា​ថ្ងៃត្រង់ ក្រោយ​ពី​នាំ​គ្នា​ហូប​អាហារ​រួច ប្រហែល​កន្លះ​ម៉ោង​ប៉ុណ្ណោះ​ស្រាប់តែ​គេ​ឃើញ​ក្មេង​ៗ​មួយ​ចំនួន ចាប់ផ្ដើម​មាន​អាការ​ក្អួតចង្អោរ​ជា​បន្តបន្ទាប់ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ពេញ​ភូមិ រហូត​មានការ​សង្ស័យ​ថា ជន​រង​គ្រោះ​ទំនងជា​ពុល តែ​គេ​មិនដឹង​ថា ពុល​អ្វី​នោះ​ទេ ។ អ្នក​ភូមិ​មួយ​ចំនួន​បាន​សង្ស័យ​ថា កុមារ​ទាំងនោះ​ពុល​ទឹក​ផ្លែ​ឈើ រីឯ​មួយ​ចំនួន​ទៀត​សង្ស័យ​ថា អាច​ពុល​ចំណីអាហារ​ក្នុង​កម្មវិធី​បុណ្យ​នេះ ។ ប៉ុន្តែ​យ៉ាងណា​មនុស្ស​ភាគច្រើន​បាន​សន្និដ្ឋាន​ថា អាច​បណ្ដាល​មក​ពី​ការ​ពុល​អាហារ​នៅ​ក្នុង​ពិធីបុណ្យ ដែល​ធ្វើ​ខ្វះ​អនាម័យ ។

លោកប៉ា​ង ហៀ​ង អធិការ​ក្រុង​បាត់ដំបង បាន​ប្រាប់​ថា គិត​ត្រឹម​ម៉ោង​១២​យប់​ថ្ងៃ​ដដែល ជន​រង​គ្រោះ​ទាំង​៣៣​នាក់​នោះ​មិន​ទាន់​មាន​នរណា​ម្នាក់​គ្រោះថ្នាក់​ដល់​អាយុជីវិត​នោះ​ទេ ។ លោក​ថា ជន​រង​គ្រោះ​ទាំងអស់​បាន​ធូរស្បើយ​វិញ​ហើយ តែ​មួយ​ចំនួន​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត និង​មួយ​ចំនួន​ទៀត កំពុង​សម្រាក​ព្យួរ​សឺ​រ៉ូ​ម​នៅផ្ទះ ។

លោកប៉ា​ង ហៀ​ង ក៏​បាន​បញ្ជាក់​ដែរ​ថា ក្រោយ​ពេល​កើតហេតុ មន្ត្រី​ជំនាញ​រួម​ទាំង​គ្រូពេទ្យ​ផង បាន​ចុះ​ទៅ​សួរនាំ និង​ស្រាវជ្រាវ​រក​មូលហេតុ ដែល​នាំ​ឲ្យ​មនុស្ស​ជា​ច្រើន​នាក់​ពុល​ក្អួតចង្អោរ​នោះ​ភ្លាម​ៗ​ដែរ ហើយ​មន្ត្រី​ជំនាញ​បាន​សន្និដ្ឋាន​ជំហាន​ដំបូង​ទៅ​លើ​ការ​ពុល​ចំណីអាហារ ច្រើន​ជាង​ពុល​ទឹក​ផ្លែ​ឈើ ៕