ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រក​ភាព​ស្របច្បាប់ គណបក្សប្រឆាំង​កំពុង​ពិចារណា​ចំពោះ​អនុប្រធាន​ទាំង​3​របស់​ខ្លួន

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​ក្រសួងមហាផ្ទៃ​បាន​ធ្វើការ​បដិសេធ​ចំពោះ​បេក្ខភាព​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​៣​រូប និង​ទទួលស្គាល់​ប្រធាន​បក្ស​ថ្មី​នោះ​

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​ក្រសួងមហាផ្ទៃ​បាន​ធ្វើការ​បដិសេធ​ចំពោះ​បេក្ខភាព​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​៣​រូប និង​ទទួលស្គាល់​ប្រធាន​បក្ស​ថ្មី​នោះ​គណបក្សប្រឆាំង​នេះ​អះអាង​ថា កំពុង​ពិចារណា​ចំពោះ​ករណី​មិន​ពេញចិត្ត​របស់​ក្រសួងមហាផ្ទៃ ។ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​(CNRP) លោក យ៉ែ​ម បុញ្ញឫទ្ធិ បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១០ ខែមេសា​ថា គណបក្ស​សង្គ្រោះ​ជាតិ​កំពុង​គិតគូរ​ពិចារណា​ចំពោះ​អនុប្រធាន​គណបក្ស​ទាំង​៣​រូប ដើម្បី​ធ្វើ​យ៉ាងណា​ឲ្យ​ស្រប​ទៅ​តាម​ការ​ចង់បាន របស់​ក្រសួងមហាផ្ទៃ ។

លោក យ៉ែ​ម បុញ្ញឫទ្ធិ បញ្ជាក់​ថា «​ខាង​គណបក្ស​យើង​កំពុង​តែ​សិក្សា​រក​នីតិវិធី​ដើម្បី​អនុវត្ត​ទៅ​តាម​ច្បាប់​ដែល​បាន​កំណត់ ដើម្បី​ឲ្យ​មានការ​ស្របគ្នា​រវាង​គណបក្ស​សង្គ្រោះ​ជាតិ និង​ក្រសួងមហាផ្ទៃ ។ ប៉ុន្តែ​ទោះបីជា​យ៉ាងណា​គណបក្ស​មិន​ទាន់​បាន​កំណត់​ថា ធ្វើ​អ្វី​នៅឡើយ​ទេ ពីព្រោះ​លោក កឹ​ម សុខា ប្រធាន​គណបក្ស​កំពុង​នៅ​ក្រៅប្រទេស ។

លោក សុខ ឥ​សាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ឲ្យ​ដឹង​ថា ក្រសួងមហាផ្ទៃ មិន​មាន​តួនាទី​និង​ភារកិច្ច​ត្រួត​គណបក្ស​នយោបាយ ហើយ​ក៏​មិន​លូកដៃ​ចូល​កិច្ចការ​ផ្ទៃក្នុង​របស់​គណបក្ស​នយោបាយ​ណាមួយ​ដែរ ។ លោក​ថ្លែង​ថា ក្នុង​នាម​ជា​គណបក្ស​មួយ​ដែល​បាន​តម្កល់​ទុក​លក្ខន្តិកៈ​នៅ​ក្រសួងមហាផ្ទៃ គណបក្ស​សង្គ្រោះ​ជាតិ​ពិតជា​បាន​យល់​និង​ជ្រួត ជ្រាប​ច្បាស់​ពី​លក្ខន្តិកៈ​របស់​ខ្លួន ។ ដូច្នេះ​ការ សម្រេច​ជ្រើសរើស​អនុប្រធាន​គណបក្ស ថ្នាក់ដឹកនាំ​គណបក្ស​ពិតជា​បានដឹង​ច្បាស់​ថា តើ​ត្រូវធ្វើ​យ៉ាងម៉េច​ឲ្យ​ត្រឹមត្រូវ​តាម​ល​ក្ច​ន្តិ​កៈ​បក្ស​នោះ ។ ក្រសួងមហាផ្ទៃ មិន​អាច​ប្រាប់​ថា​ធ្វើ​អ៊ីចេះ​អ៊ីចុះ​បាន​ទេ ។

គួរ​រំឭក​ថា កាលពី​ថ្ងៃ​ទី​២ ខែមីនា កន្លង​មកនេះ គណបក្ស​សង្គ្រោះ​ជាតិ​បាន​ធ្វើ​សមាជ​វិសាមញ្ញ ដើម្បី​ជ្រើសរើស​ប្រធាន​គណបក្ស​ថ្មី​ជំនួស លោក សម រ​ង្ស៊ី ដែល​បាន​លាឈប់​ពី​តំណែង​កាលពី​ថ្ងៃ​ទី​១១ ខែកុម្ភៈ ដោយ​មូលហេតុ​ផ្ទាល់ខ្លួន ។ ក្នុង​សមាជ​នោះ បាន​ជ្រើសរើស​ប្រធាន​គណបក្ស​ថ្មី លោក កឹ​ម សុខា និង​អនុប្រធាន​គណបក្ស​៣​រូប​គឺ លោក ប៉ុ​ល ហំ​ម លោកស្រី មូរ សុខ​ហួរ និង​លោក អេ​ង ឆៃ​អ៊ា​ង ។ ប៉ុន្តែ​ក្រោយ​ពី​សមាជ​មិន​បាន​ប៉ុន្មាន​ផង ក្រសួងមហាផ្ទៃ​បាន​ប្រកាស​ថា សមាជ​នេះ​ធ្វើ​ខុស​ទៅ​នឹង​លក្ខន្តិកៈ​របស់​គណបក្ស​ដែល​បាន​តម្កល់​នៅ​ក្រសួងមហាផ្ទៃ ហើយ​នៅ​ថ្ងៃ​ទី​២៩ ខែមីនា តំណាង​គណបក្ស​សង្គ្រោះ​ជាតិ និង​ក្រសួងមហាផ្ទៃ បាន​ជួប​ពិភាក្សា​គ្នា​អំពី​សមាជ​ដែល​ធ្វើ​ផ្ទុយ​ពី​លក្ខន្តិកៈ​នេះ ។

ទោះជា​យ៉ាងណា​ក្តី គណបក្ស​នៅ​តែ​សម្រេច​ជ្រើសរើស​លោក កឹ​ម សុខា ជា​ប្រធាន និង​អនុប្រធាន​ទាំង​៣​ដដែល ។ ចំពោះ​ករណី​នេះ កាលពី​ថ្ងៃ​៥ ខែមេសា សម្ដេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ប្រកាស​ទទួលស្គាល់​លោក កឹ​ម សុខា ជា​ប្រធាន​គណបក្ស និង​ទទួលយក​ការ​ដក​ចំណងជើង​«​ដូរ​មេឃុំ​បម្រើ​បក្ស ដាក់​មេឃុំ​បម្រើ​រាស្ត្រ​» ប៉ុន្តែ​មិន​ទាន់​ទទួលស្គាល់ លោក ប៉ុ​ល ហំ​ម លោកស្រី មូរ សុខ​ហួរ និង​លោក អេ​ង ឆៃ​អ៊ា​ង ជា​អនុប្រធាន​ទេ ដោយ​ក្រសួង​អះអាង​ថា ការ​ជ្រើសរើស​អនុប្រធាន​គណបក្ស មិន​ទាន់​ស្រប​តាម​ប្រការ​ប្រការ​៤៧​ថ្មី នៃ​លក្ខន្តិកៈ​គណបក្ស ។

លោក ប៉ុ​ល ហំ​ម ត្រូវ​បាន​វិទ្យុ​អា​សេរី​ស្រង់​សម្ដី​ផ្សាយ​ថា គណៈកម្មាធិការ​អចិន្ត្រៃយ៍​គណបក្ស​សង្គ្រោះ​ជាតិ នឹង​បើក​កិច្ចប្រជុំ​ពិភាក្សា​គ្នា​ជុំវិញ​ការ​ជ្រើសរើស​អនុប្រធាន​ទាំង​៣​រូប ដែល​ត្រូវ​បាន​ក្រសួងមហាផ្ទៃ​ចាត់​ទុក​ថា ធ្វើ​ឡើង​ខុស​លក្ខន្តិកៈ​បក្ស ។ រីឯ​ក្រសួងមហាផ្ទៃ បញ្ជាក់​ថា ខ្លួន​ស្វាគមន៍​ជា​និច្ច ប្រសិនបើ​បក្ស​ប្រឆាំង​ចង់​ជួប​ជជែក​គ្នា​ម្ដងទៀត ដើម្បី​ដោះស្រាយ​រឿង​លក្ខន្តិកៈ​បក្ស​នេះ ។

ការ​លើក​ឡើង​របស់​អនុប្រធាន​គណបក្ស​ថ្មី​នេះ ខណៈ​ថ្នាក់ដឹកនាំ​គណបក្ស​នយោបាយ​ធំ​ទាំង​២​ហាក់​ស្ងប់ស្ងាត់​មិនសូវ​វាយប្រហារ​គ្នា​ធ្ងន់​ៗ ក្នុង​ឱកាស​រៀបចំ​ទទួល​ទេវតា​ឆ្នាំ​ថ្មី ប៉ុន្តែ​គេ​សង្កេត​ឃើញ​ថា គណបក្សប្រឆាំង​នៅ​តែ​មាន​ឧបសគ្គ​ត្រូវ​ពុះពារ ក្រោយ​ពី​ក្រសួងមហាផ្ទៃ​នៅ​តែ​មិន​ទទួលស្គាល់​ការ​ជ្រើសរើស​អនុប្រធាន​បក្ស​ទាំង​៣​រូប និង​ទទួលស្គាល់​តែ​លោក កឹ​ម សុខា ជា​ប្រធាន​គណបក្ស ។ សម្រាប់​ការ​ប្រជុំ​ពិចារណា​ឡើង​វិញ​នេះ គណបក្សប្រឆាំង​ថា​នឹង​កោះ​ប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​បក្ស ប៉ុន្តែ​មិន​ទាន់​កំណត់ពេល​ជាក់លាក់​នៅឡើយ ។

លោក ប៉ុ​ល ហំ​ម គូសបញ្ជាក់​ថា «​មូលហេតុ​ដែល​មិន​ទាន់​ដឹង​អំពី​ពេលវេលា​ជាក់លាក់ ដោយសារ​បច្ចុប្បន្ន ក្រុម​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​មិន​ទាន់​ជួបជុំ​គ្នា​នៅឡើយ ។ ប្រជុំ​វា​មិនមែន​មាន​តែ​មួយ​រឿង​ទេ វា​មាន​ច្រើន​រឿង អ៊ីចឹង​ដល់​ពេល​ប្រជុំ យើង​ក៏​អាច​លើក​រឿង​នេះ​ទៅ​ជជែក​គ្នា​ដែរ ដើម្បី​ធ្វើ​អ្វី​ទៀត​» ៕