ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទូរស័ព្ទ​អនាមិក​បង្ក​ឱ្យ​ប្ដី​មិន​ទុកចិត្ត​ប្រពន្ធ​សង្ស័យ​មាន​សហាយ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​បាន​ធ្វើ​ដំណើរទៅ​កាន់​ប៉ុស្ដិ៍​នគរបាល​ចោម​ចៅ ស្ថិត​ក្នុង​ស្ថានភាព​របួស​ប៉ោង​មុខ​មួយ​ចំហៀង ដើម្បី​ដាក់​ពាក្យ​បណ្ដឹងសុំ​ការ​អន្តរាគមន៍

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​បាន​ធ្វើ​ដំណើរទៅ​កាន់​ប៉ុស្ដិ៍​នគរបាល​ចោម​ចៅ ស្ថិត​ក្នុង​ស្ថានភាព​របួស​ប៉ោង​មុខ​មួយ​ចំហៀង ដើម្បី​ដាក់​ពាក្យ​បណ្ដឹងសុំ​ការ​អន្តរាគមន៍​ពី​នគរបាល​ប៉ុស្ដិ៍​ខាងលើ ។

នាង​បាន​រៀបរាប់​ទាំង​ទឹកភ្នែក​ថា នាង​ត្រូវ​ប្ដី​វាយ​ធ្វើបាប​ព្រោះតែ​ការ​ប្រចណ្ឌ​គ្មាន​ហេតុផល បន្ទាប់​ពី​មាន​បុរស​ម្នាក់​ដែល​មិន​ធ្លាប់​ស្គាល់គ្នា​ទាល់តែ​សោះ បាន​ទូរស័ព្ទ​ច្រឡំ​ចូល​លេខ​ទូរស័ព្ទ​របស់​នាង និង​បាន​ហៅ​នាង​ថា​អូន​ៗ​ពេញមាត់ ​។ មិនតែប៉ុណ្ណោះ ទោះជា​នាង​ប្រាប់​ថា​មិន​ដែល​ស្គាល់ និង​ជា​ការ​ច្រឡំ​លេខ​ក៏​ដោយ ក៏​ជន​នោះ​មិន​ព្រម​ស្ដាប់ និង​បាន​ទូរស័ព្ទ​មក​រក​នាង​ម្ដង​ជា​ពីរ​ដង ទើប​ធ្វើ​ឲ្យ​ប្ដី​នាង​អស់​ទំនុកចិត្ត​លើ​នាង ចេះ​តែ​មួម៉ៅ​និង​បាន​រករឿង​វាយ​ធ្វើបាប​នាង​បែប​នេះ​តែ​ម្ដង​។

ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​៤ ខែមេសា នៅ​បន្ទប់​ជួល ស្ថិត​ក្នុងភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ស្ត្រី​រង​គ្រោះ​ខាងលើ​ឈ្មោះ ហោ ខន អាយុ​៣៤​ឆ្នាំ ជា​កម្មការិនី​រោងចក្រ​កាត់ដេរ ចំណែក​បុរស​ជា​ប្តី​ឈ្មោះ លឹ​ម ស៊ឹ​ម អាយុ​៣៤​ឆ្នាំ មុខរបរ​រត់​ម៉ូតូឌុប ស្នាក់​នៅផ្ទះ​ជួល​ក្នុងភូមិ​ខាងលើ មានស្រុក​កំណើត​នៅ​ខេត្តកំពត និង​មានកូន​២​នាក់​នៅ​ក្នុង​បន្ទុក ​។

ស្ត្រី​ខាងលើ​បាន​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​១ ខែមេសា គឺ​៣​ថ្ងៃមុន​ពេល​កើតហេតុ ទូរស័ព្ទ​របស់​នាង​បាន​រោទ៍​ឡើង ។ ខណៈនោះ​អត់​ដែល​ស្គាល់​លេខ​គ្នា​សោះ ប៉ុន្តែ​ដោយសារ​តែ​ខ្លាច​មាន​បងប្អូន​សាច់ញាតិ​មានការ​សំខាន់ ឬ​មានទុក្ខ​ធុរៈ​អ្វី​ចាំបាច់ ទើប​នាង​ចុច​ទទួល ហើយ​ពេល​នោះ​ប្ដី​នាង​ក៏​ស្ថិត​នៅ​ទីនោះ​ដែរ ។ គ្រាន់តែ​លើក​ទទួល​ភ្លាម បានឮ​សំឡេង​បុរស​ម្នាក់​និយាយ​ថា «​អា​ឡូ​អូន​!​នៅឯណា?​» ។ ឯ​នាង​បាន​សួរ​ត្រឡប់​ទៅ​វិញ​ថា «​តើ​នរណា​ហ្នឹង?​» បុរស​នោះ​ប្រាប់​ថា បង​ឈ្មោះ​ទី និង​បាន​សួរ​នាង​ថា «​អូន​ឯង​ភ្លេច​បងហើយ​អី? យើង​ធ្លាប់​ជួប​គ្នា​នៅ​កំពង់ស្ពឺ​នោះ​អី​!» ។

ខណៈ​ឮ​បែប​នេះ ធ្វើ​ឲ្យ​នាង​ស្រឡាំងកាំង ព្រោះ​មិន​ដែល​មាន​ទំនាក់ទំនង​ជាមួយ​បុរស​នោះ​ឡើយ ហើយ​នាង​ក៏​បាន​ឆ្លើយ​តប​វិញ​ថា «​ខ្ញុំ​អត់​ស្គាល់​ទេ ខ្ញុំ​មាន​ប្តី​មានកូន​ហើយ កូន​ខ្ញុំ​ធំ​ចង់​ប៉ុន​ម្តាយ​ហើយ​» ។ បន្ទាប់​មក​នាង​ក៏​បាន​បិទ​ទូរស័ព្ទ​ឈប់​និយាយ​តទៅ​ទៀត​ ។

ប្រភព​ដដែល​បន្ត​ថា ការ​និយាយ​ទូរស័ព្ទ​នា​ពេល​នោះ នាង​បាន​បើក​សំឡេង​ឮ​ខ្លាំង​ៗ​ចេញ​ក្រៅ​ឲ្យ​ប្ដី​ស្ដាប់​ដែរ គឺ​មិន​បាន​លាក់លៀម​ឡើយ​ ។ ប៉ុន្តែ​ក្រោយ​ពី​ស្ដាប់​ចប់ ប្តី​នាង​ហាក់​មាន​អាកប្បកិរិយា​ខុស​ប្លែក​ពី​ពេល​មុន ទាំង​កាយវិការ និង​ការ​និយាយ​ស្ដី​មក​កាន់​នាង​ជាដើម​ ។ ចំណែក​បុរស​ឈ្មោះ​ទី នោះ បាន​ទូរស័ព្ទ​មក​រក​នាង​ទៀត​នៅ​ថ្ងៃ​បន្ទាប់ និង​និយាយ​តែ​ពាក្យ​ដដែល ហាក់ដូចជា​ចង់​បំបែកបំបាក់​គ្រួសារ​របស់​នាង ។ ការ​ទូរស័ព្ទ​លើក​ចុង​ក្រោយ នាង​បាន​ឲ្យ​ប្ដី​លើក​ជំនួស ពេល​នោះ​ជន​ខាងលើ​បាន​ប្រាប់​ប្ដី​នាង​ថា «​ឲ្យ​ខ្ញុំ​សុំ​ជួប​ប្រពន្ធ​ខ្ញុំ​បន្តិច​មក​» ។ ខណៈនោះ​ធ្វើ​ឲ្យ​ប្ដី​នាង​កាន់តែ​ខឹង​ច្រឡោត​យ៉ាង​ខ្លាំង ហើយ​ក៏​បាន​ទាស់​ពាក្យ​សម្ដី​គ្នា​តាម​ទូរស័ព្ទ​យ៉ាង​ស្រួចស្រាល់​បំផុត​ជាមួយ​ជន​នោះ​ ។

ស្ត្រី​រង​គ្រោះ​បាន​បន្ត​ទៀត​ថា នាង​និង​ប្ដី​បាន​រៀប​ការ​នឹង​គ្នា​ពេញ​ច្បាប់​យូរ​ឆ្នាំ​មក​ហើយ រហូត​មានកូន​ជាមួយ​គ្នា​២​នាក់​ទៀត​ផង ។ នាង​មិន​ដែល​មានចិត្ត​ផិតក្បត់​ប្ដី​នោះ​ឡើយ សូ​ម្បី​តែ​គិត​ក៏​គ្មាន​ផង មួយ​ថ្ងៃ​ៗ​គិតតែ​ពី​ខំប្រឹង​រកស៊ី​ប៉ុណ្ណោះ ដើម្បី​អនាគត​កូន​ទាំង​២​នាក់ និង​គ្រួសារ​ទាំងមូល ហើយ​ក្រុម​គ្រួសារ​ក៏​មិន​ដែល​មាន​បញ្ហា​អ្វី​កើតឡើង​ដែរ​ ។ ប៉ុន្តែ​ចាប់តាំងពី​ពេល​មាន​អ្នក​ទី​៣​ចូល​ជ្រៀតជ្រែក​នោះ​មក ធ្វើ​ឲ្យ​គ្រួសារ​មាន​ភាព​រង្គោះរង្គើ​អស់ នាង​ធ្វើ​អ្វី​ក៏​ខុសចិត្ត​ប្ដី​រហូត ហើយ​ប្ដី​តែងតែ​រករឿង​ឈ្លោះ​ទាស់​រហូត ព្រោះ​គាត់​ប្រចណ្ឌ​នាង​ជាមួយ​បុរស​ឈ្មោះ​ទី នោះ ដែល​សូ​ម្បី​តែ​មុខមាត់ រាងរៅ​បែប​ណា​ក៏​នាង​មិន​ដែល​ស្គាល់​ផង​នោះ​ ។

លុះ​នៅ​ថ្ងៃ​ទី​៤ ខែមេសា វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល ខណៈ​នាង​កំពុង​នៅផ្ទះ ហើយ​ប្ដី​ជិះ​ម៉ូតូ​ចូល​ទៅ​ដល់​នាង​បាន​សួរ​ថា ថ្មើរ​ហ្នឹងហើយ​ទើប​មកពីណា? ពេល​នោះ​ប្តី​ឆ្លើយ​ថា «​មានមុខ​អី​ហៅ​អញ​ប្តី​ដែរ?» និយាយ​រួច​ក៏​ស្រាប់តែ​លោក​ប្តី​នោះ​ក្តាប់ដៃ​វាយ​នាង​១​ដៃ​បណ្ដាល​ឲ្យ​របួស​ប៉ោង​មុខ​១​ចំហៀង​ខាងឆ្វេង​តែ​ម្តង ។ ដោយសារ​តែ​ប្ដី​មិន​យល់ចិត្ត មិនចេះ​បែងចែក​ល្អ​អាក្រក់​បែប​នេះ ទើប​នាង​សម្រេចចិត្ត​ប្ដឹង​សុំ​ឲ្យ​នគរបាល​ជួយ​អន្តរាគមន៍បើ​មិន​ដូច្នោះ​ទេ ប្ដី​នាង​នឹង​វាយ​ធ្វើបាប​នាង​មិន​ឈប់​ឡើយ ៕