ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ឧកញ៉ា អូ​ស្មាន ហា​ស្សាន់ អំពាវនាវ​ឱ្យ​ខ្មែរ​អ៊ិ​ស្លា​ម​ទៅ​បោះ​ឆ្នោត​ថ្ងៃ​ទី​4 មិថុនា

7 ឆ្នាំ មុន

ខេត្តព្រះវិហារ​, ខេត្តកំពង់ធំ ៖ ថ្លែង​នៅ​ក្នុង​ពិធី​ជួប​សំណេះសំណាល សាកសួរ​សុខទុក្ខ ប្រជាពលរដ្ឋ​ខ្មែរ​អ៊ិ​ស្លា​ម​នៅ​ក្នុង​ខេត្តព្រះវិហារ និងខេត្តកំពង់ធំ

ខេត្តព្រះវិហារ​, ខេត្តកំពង់ធំ ៖ ថ្លែង​នៅ​ក្នុង​ពិធី​ជួប​សំណេះសំណាល សាកសួរ​សុខទុក្ខ ប្រជាពលរដ្ឋ​ខ្មែរ​អ៊ិ​ស្លា​ម​នៅ​ក្នុង​ខេត្តព្រះវិហារ និងខេត្តកំពង់ធំ​ កាលពី​ចុង​ស​ប្តា​ហ៍​កន្លង មកនេះ  លោក​ឧកញ៉ា អូ​ស្មាន ហា​ស្សាន់ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី បាន​ផ្តាំផ្ញើ​ដល់​ប្រជាពលរដ្ឋ​សូម​ត្រៀមខ្លួន​ដើម្បី​ទៅ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា ឃុំ​សង្កាត់​អោយ​បាន​គ្រប់​ៗ​គ្នា ព្រោះ​នៅ​សល់​រយៈពេល​ខ្លី​តែ​ប៉ុណ្ណោះ ដែល​ការ​បោះ​ឆ្នោត​នេះ​វា​សំខាន់​ណាស់ ។

ការ​សាកសួរ​សុខទុក្ខ​នេះ បាន​ប្រារព្ធ​ធ្វើ​ឡើង​ដោយ​បាន​ចាប់ផ្តើម​ពី​ក្រុង​ព្រះ​វិហារ ខេត្តព្រះវិហារ ហើយ​បន្ត​មក​ក្រុង​ស្ទឹង​សែន ខេត្តកំពង់ធំ និង​បាន​បញ្ចប់​ត្រឹម​ភូមិ​ត្រពាំង​ឈូក ឃុំ​បឹង ស្រុក​បារាយណ៍ ខេត្តកំពង់ធំ ដោយ​មានការ​ចូលរួម​ទទួល​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ពី​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន​នីមួយ​ៗ​។ ជួប​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ ខ្មែរ​អ៊ិ​ស្លា​ម លោក​ឧកញ៉ា​អូ​ស្មាន ហា​ស្សាន់  បាន​លើកឡើង​ថា សូម​បងប្អូន​កុំ​ស្រមើស្រមៃ ចង់បាន​នូវ​ការ​សន្យា​ខ្យល់ ប្រៀប​បាន​នឹង​ការ​ចង់បាន​សត្វចាប​ដែល​កំពុង​ហើរ​នៅ​លើ​មេឃ ដោយ​សុខចិត្ត​លែង​ចាប​ដែល​មាន​ស្រាប់​នៅ​ក្នុង​ដៃ ។

លោក​រដ្ឋមន្ត្រី​បាន​បន្ត​ថា គោលនយោបាយ​ល្អ​ៗ​ដែល​បងប្អូន​ទទួល​បាន​សព្វថ្ងៃ វា​បាន​កើតឡើង​ដោយសារ​ការ​សម្រេចចិត្ត ដ៏​ត្រឹមត្រូវ​របស់​បងប្អូន​ក្នុង​ការ​ជ្រើសរើស​មេដឹកនាំ ។ ដូច្នេះ​សូម​បងប្អូន​បន្ត​ការ​គាំទ្រ​ចំពោះ​រាជរដ្ឋាភិបាល​ដែល​មាន​សម្តេច​តេ​ជោ​ជា​ប្រមុខ​តទៅ​ទៀត ដើម្បី​បន្ត​រស់នៅ​ក្នុង​សុខ​សន្តិភាព និងការ​អភិវឌ្ឍ​។

នៅ​ក្នុង​ឱកាស​នោះ ប្រជាពលរដ្ឋ​ខ្មែរ​អ៊ិ​ស្លា​ម​បាន​អបអរសាទរ និង​កោតសរសើរ​ពី​ការ​ដឹកនាំ និង​ការ​ផ្តល់​នូវ​ភាព​កក់ក្តៅ​របស់​ប្រមុខ​រដ្ឋាភិបាល ជូន​ប្រជាពលរដ្ឋ ខណៈ​ពេល​ជាមួយ​គ្នា​នេះ​ដែរ លោកគ្រូ អ្នកគ្រូ​ខ្មែរ​អ៊ិស្លា​ម ក៏​បាន​សម្តែង​ការ​ត្រេកអរ​ជា​ពន់ពេក ដែល​កន្លង​ទៅ​ថ្មី​ៗ​នេះ រាជរដ្ឋាភិបាល​បាន​សម្រេច​បញ្ចូល​គ្រូបង្រៀន ខ្មែរ​អ៊ិ​ស្លា​ម​ចំនួន  ១.៥០០​នាក់ ទៅ​ក្នុង​ក្រប​ខណ្ឌ​គ្រូបង្រៀន របស់​ក្រសួង​អប់រំ យុវជន និង កីឡា​របស់​រដ្ឋ​។

ដើម្បី​បញ្ជាក់​ពី​ការ​យកចិត្តទុកដាក់​ពី​ថ្នាក់ដឹកនាំ​អ៊ិ​ស្លា​ម លោក​ឧកញ៉ា​អូ​ស្មាន ហា​ស្សាន់ ក៏​បាន​ជួយ​ឧបត្ថម្ភ​ថវិកា​ផ្ទាល់ខ្លួន​ជូន​ដល់​វិហារ​អ៊ិ​ស្លា​ម​នៅ​តាម​មូលដ្ឋាន សម្រាប់​ការ​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​បន្ថែម ក៏​ដូច​ជា​ការ​ចំណាយ​ផ្សេង​ៗ​របស់​វិហារ ដែល​ក្នុង​នោះ​វិហារ​អ៊ិ​ស្លា​ម​ក្រុង ខេត្តព្រះវិហារ ថវិកា​ចំនួន​២០០​ដុល្លារ​,​វិហារ​អ៊ិ​ស្លា​ម​ក្រុង​ស្ទឹង​សែន ថវិកា​៥០០​ដុល្លារ និង វិហារ​អ៊ិ​ស្លា​ម​នៅ​ភូមិ​ត្រពាំង​ឈូក ថវិកា​៣​លាន​រៀល​ផង​ដែរ ៕