រាជធានីភ្នំពេញ ៖ យុវជនម្នាក់ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលព្រែកប្រាឃាត់ខ្លួនពាក់ព័ន្ធនឹងការរួមរ័កជាមួយអនីតិជនជាសង្សាររបស់ខ្លួនកាលពីយប់ថ្ងៃទី៨ មេសា នៅចំណុចផ្ទះសំណាក់ «ដាលីន» ស្ថិតនៅក្នុងសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ។ យុវជនជាប់ចោទឈ្មោះ លឹម សំណាង ភេទប្រុស អាយុ១៨ឆ្នាំ ស្នាក់នៅផ្ទះលេខ៣៩ ក្នុងសង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ ។ ដោយឡែកក្មេងស្រីរងគ្រោះសុំមិនបញ្ចេញឈ្មោះ មានអាយុ១៤ឆ្នាំ ។
ជុំវិញករណីនេះមន្ត្រីនគរបាលបាននិយាយថា ម្តាយឪពុកខាងក្មេងស្រី្តក៏ស្គាល់យុវជនជាប់ចោទនេះដែរ ។ ក្រោយពួកគេស្រលាញ់គ្នាស្គាល់ចិត្តថ្លើមមិនទាន់បានប៉ុន្មានផង ស្រាប់តែពួកគេបាននាំគ្នារត់ចេញពីផ្ទះជាង១ខែ គឺតាំងពីថ្ងៃទី២៨ ខែកុម្ភៈមក ហើយបាននាំគ្នាទៅជួលផ្ទះសំណាក់ «ដាលីន» ដើម្បីរួមរស់ជាមួយគ្នា ។
ក្រោយការបាត់ខ្លួនកូនស្រី ឪពុកម្តាយរបស់នាងបានមកដាក់ពាក្យប្តឹងនៅប៉ុស្តិ៍រដ្ឋបាលព្រែកប្រា ប៉ុន្តែក្នុងករណីនេះអាណាព្យាបាលខាងស្រីបានដាក់ការសង្ស័យលើយុវជនជាសង្សាររបស់នាងថាជាអ្នកនាំទៅ ។ ប្រភពបានបន្តថា លុះមកទល់នឹងវេលាម៉ោង៤រសៀល ថ្ងៃទី៨ មេសា ឪពុកក្មេងស្រីរងគ្រោះបានប្រទះឃើញជនសង្ស័យនៅចំណុចផ្លូវបេតុងមួយកន្លែងស្ថិតក្នុងសង្កាត់ច្បារអំពៅ១ ហើយបានជិះតាមពីក្រោយរហូតដល់ផ្ទះសំណាក់ដែលពួកគេស្នាក់នៅដោយមិនឱ្យសាមីខ្លួនដឹង ហើយក៏បានមកប្តឹងមន្ត្រីនគរបាលមូលដ្ឋានឱ្យជួយអន្តរាគមន៍ឃាត់ខ្លួនពួកគេទាំង២នាក់តែម្តង ។
យុវជនជាប់ចោទបានក្លាយខ្លូនជាអ្នកទោសស្នេហា ត្រូវឃុំខ្លួនបណ្តោះអាសន្ននៅប៉ុស្តិ៍នគរបាលព្រែកប្រា រង់ចាំកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញតាមនីតិវិធីច្បាប់ ។ ដោយឡែកក្មេងស្រីរងគ្រោះត្រូវបានសមត្ថកិច្ចអប់រំរួចប្រគល់ឱ្យក្រុមគ្រួសារយកទៅលំនៅឋានវិញ ។ នេះជាភ្លើងស្នេហ៍ក្មេងឈាមរាវដែលពួកគេអត់ខ្វល់ពីអនាគតរបស់ខ្លួនទេ គិតរឿងស្នេហាធំជាង រហូតស្រឡាញ់ខ្លាំងពេកក៏នាំគ្នារត់ចេញពីលំនៅឋានមកជួលផ្ទះសំណាក់ស្នាក់អាស្រ័យធ្វើជាប្តីប្រពន្ធ ។ សួរថា តើពួកគេមានលុយប៉ុន្មាន វេចមកជួលផ្ទះសំណាក់ដេកយ៉ាងរំភើយបែបនេះ។ នេះជាមេរៀនដែលយុវជនគួរមានការភ្ញាក់រលឹក ហើយគិតគូរពីអនាគតរបស់ខ្លួនវិញប្រសើរជាង ៕
ចែករំលែកព័តមាននេះ