ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រី​អាស៊ាន និង​ជប៉ុន​ឯកភាព​ធ្វើការ​ឆ្ពោះទៅ​រក​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ក្នុង​តំបន់

7 ឆ្នាំ មុន

ទីក្រុង​ក្យូ​ដូ ៖ បណ្តា​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន និង​នាយក​រដ្ឋមន្ត្រី​ជប៉ុន បាន​ឯកភាព​បញ្ចប់​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ដ៏​ធំ​មួយ​ក្នុងឆ្នាំនេះ ដែល​មានឈ្មោះ​ថា កិច្ចព្រមព្រៀង​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​ទូលំទូលាយ​កម្រិត​តំបន់

ទីក្រុង​ក្យូ​ដូ ៖ បណ្តា​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន និង​នាយក​រដ្ឋមន្ត្រី​ជប៉ុន បាន​ឯកភាព​បញ្ចប់​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ដ៏​ធំ​មួយ​ក្នុងឆ្នាំនេះ ដែល​មានឈ្មោះ​ថា កិច្ចព្រមព្រៀង​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​ទូលំទូលាយ​កម្រិត​តំបន់ (RCEP) ។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងពាណិជ្ជកម្ម​នា​ពេល​ថ្មី​ៗ​នេះ ក្នុង​ឱកាស​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​នៃ​ប្រទេស​អាស៊ាន​ចូល​ជួប​សម្តែង​ការ​គួរសម​ជាមួយ​លោក ស៊ិ​ន​ហ្សូ អា​បេ នាយក​រដ្ឋមន្ត្រី​ជប៉ុន កាល​ថ្ងៃ​ទី​៨ មេ​សា នៅ​ខេត្ត​អូ​សា​កា ប្រទេស​ជប៉ុន ។

ដើម្បី​សម្រេច​បាន​នូវ​កិច្ចព្រមព្រៀង​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​ទូលំទូលាយ​កម្រិត​តំបន់​នេះ សេចក្តី​ប្រកាស​បញ្ជាក់​ថា ៖ « រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន និង​នាយក​រដ្ឋមន្ត្រី​ជប៉ុន​បាន​ពិភាក្សា និង​ព្រមព្រៀង​លើ​ការ​អភិវឌ្ឍ​ធនធានមនុស្ស​, ការ​រៀបចំ​ច្បាប់ និង​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​ក្នុង​តំបន់​ដូច​ជា ហេដ្ឋារចនាសម្ព័ន្ធ​ដើម្បី​សម្រេច​បាន​នូវ​ក្របខ័ណ្ឌ​ពាណិជ្ជកម្ម​សេរី​មាន​លក្ខណៈ​គ្រប់​ជ្រុងជ្រោយ​, គុណភាព​ខ្ពស់ និង​ផ្តល់​អត្ថប្រយោជន៍​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​។ ប្រទេស​ជប៉ុន​ត្រូវ​បាន​រំពឹង​ថា នឹង​អភិវឌ្ឍ​ផែនការ​ជាក់លាក់​សម្រាប់​កញ្ចប់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​អាស៊ាន រួម​មាន ការ​គាំទ្រ​ក្រុមហ៊ុន​ខ្នាត​តូច និង​មធ្យម​នៅ​ក្នុង​ប្រទេស​ជា​សមាជិក​អាស៊ាន » ។

យោង​តាម​ទិន្នន័យ​ពី​នាយកដ្ឋាន​ស្ថិតិ​អាស៊ាន បង្ហាញ​ថា ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​អាស៊ាន និង​ជប៉ុន​បាន​កើន​ដល់​២៣៨​ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០១៥ ។ អាស៊ាន​បាន​នាំ​ចេញ​ចំនួន​១១៤​ពាន់​លាន​ដុល្លារ​ទៅ​កាន់​ប្រទេស​ជប៉ុន ខណៈ​នាំ​ចូល​ពី​ប្រទេស​នៅ​អាស៊ី​ខាងកើត​ច្រើន​ជាង​១២៤​ពាន់​លាន​ដុល្លារ​នៅ​ក្នុង​ឆ្នាំ​ដដែល ។

គួរ​រំឭក​ដែរ​ថា RCEP គឺជា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី (FTA) ដែល​ត្រូវ​បាន​ស្នើ​ឡើង​រវាង​រដ្ឋ​ទាំង​១០​នៃ​សមាជិក​អាស៊ាន ជាមួយ​ប្រទេស​ចំនួន​៦ (​អូស្ត្រាលី​, ចិន​,
ឥណ្ឌា​, ជប៉ុន​, កូរ៉េ​ខាងត្បូង និង​នូ​វែ​ល​សេ​ឡង់​) ។ កិច្ច​ពិភាក្សា​ស្តី​ពី RCEP ត្រូវ​បាន​បើក​ដំណើរការ​ជា​ផ្លូវការ​នៅ​ក្នុង​ខែវិច្ឆិកា ឆ្នាំ​២០១២ នៅ​ឯ​កិច្ចប្រជុំ​កំពូល​អាស៊ាន ធ្វើ​ឡើង​ក្នុង​ប្រទេស​កម្ពុជា ៕