ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រាជរដ្ឋាភិបាល​អនុម័ត​គោលនយោបាយ​ជំរុញ​ចលនា​ភូមិ​1 ផលិតផល​1

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ប្រកាស និង​អនុម័ត​ជា​ផ្លូវការ​នូវ​គោលនយោបាយ​ជំរុញ​ចលនា​ភូមិ​មួយ ផលិតផល​មួយ​ឆ្នាំ​២០១៦-២០២៦ ជា​ផ្លូវការ ដែល​គេ​រង់ចាំ​ជា​យូរ​មក​ហើយ ។​

រាជធានី​ភ្នំពេញ ៖ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ប្រកាស និង​អនុម័ត​ជា​ផ្លូវការ​នូវ​គោលនយោបាយ​ជំរុញ​ចលនា​ភូមិ​មួយ ផលិតផល​មួយ​ឆ្នាំ​២០១៦-២០២៦ ជា​ផ្លូវការ ដែល​គេ​រង់ចាំ​ជា​យូរ​មក​ហើយ ។​

អគ្គលេខាធិការ​គណៈកម្មាធិការ​ជំរុញ​ចលនា​ភូមិ​មួយ ផលិតផល​មួយ លោក ជា សំណាង បាន​ថ្លែង​នៅ​ក្នុង​ពិធី​ប្រកាស​ដាក់​ឲ្យ​ដំណើរការ​នូវ​គោលនយោបាយ​នា​ព្រឹក​ថ្ងៃ​ទី​៦ មេ​សា ថា គោលនយោបាយ​នេះ មាន​គោលដៅ​ជំរុញ​ការ​អភិវឌ្ឍ​ខ្សែ​សង្វា​ក់​ផលិតកម្ម ឬ​សេវា​នៅ​តាម​ភូមិឋាន​ឬ​សហគមន៍ ទាំង​ការ​ផលិត ការ​កែ​ច្នៃ ការ​វេច​ខ្ចប់ និង​ការ​អភិវឌ្ឍ​ផលិតផល​មួយ ឬ​ច្រើន​ដើម្បី​បង្កើន​តម្លៃបន្ថែម និង​ស្វែងរក​ទីផ្សារ​ទាំង​ក្នុងស្រុក និង​ក្រៅប្រទេស ដោយ​បង្កើន​ប្រាក់​ចំណូល​របស់​ប្រជាជន​ម្នាក់​ៗ​ឲ្យ​ឡើង​ខ្ពស់ កាត់​បន្ថយ​ភាព​ក្រីក្រ​ឲ្យ​បាន​ឆាប់រហ័ស ដើម្បី​ឲ្យ​កម្ពុជា​ក្លាយជា​ប្រទេស​មាន​ប្រាក់​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០ ។

លោក ហាស វង់​ដា​រ៉ា អគ្គ​លេខា​រង​គណៈកម្មាធិការ​ជំរុញ​ចលនា​ភូមិ​មួយ ផលិតផល​មួយ ថ្លែង​ថា គោលនយោបាយ​ជាតិ​ជំរុញ​ចលនា​ភូមិ​មួយ ផលិតផល​មួយ សម​ស្រប​នឹង​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​ឆ្នាំ​២០១៥-២០២៥ ជា​អ្វី​ដែល​សម្តេច​តេ​ជោ​យល់​ថា វា​មាន​សារសំខាន់​ក្នុង​ការ​ចូលរួម​លើកកម្ពស់​ជីវភាព និង​កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជាពលរដ្ឋ ។ គោលនយោបាយ​នេះ​បាន​ផ្តោត​សំខាន់​លើ​ចំណុច​សំខាន់​ៗ​ចំនួន​បី ១-​គិត​ជាស​កល​ដល់​មូលដ្ឋាន ការ​ពឹងផ្អែក​លើ​ខ្លួនឯង ។ ២-​ការ​ច្នៃប្រឌិត​ឲ្យ​រស់​រវើក ធ្វើ​យ៉ាងណា​ឲ្យ​ភូមិ​មួយ មាន​ផលិតផល​មួយ​យ៉ាងតិច និង​ផលិត​ឲ្យ​បាន​ច្រើន ព្រោះ​ការ​ផលិត​បាន​ច្រើន​នឹង​ធ្វើ​ឲ្យ​ថ្លៃដើម​នៃ​ការ​ផលិត​មាន​តម្លៃ​ទាប និង​៣-​ការ​អភិវឌ្ឍ​ធនធានមនុស្ស ដោយ​ផ្តោត​សំខាន់​លើ​យុវជន​ជា​អ្នក​បន្តវេន ។

លោក​បន្ត​ថា រហូត​មក​ទល់​ពេល​នេះ កម្ពុជា​មិន​ទាន់​មាន​ចលនា​ភូមិ​មួយ ផលិតផល​មួយ​នៅឡើយ​ទេ ដែល​ការងារ​នេះ​ថ្នាក់​ខេត្ត​-​រាជធានី ជា​អ្នក​រៀបចំ និង​លើក​សំណើ​មក​កាន់​គណៈកម្មាធិការ​ជំរុញ​ចលនា​ភូមិ​មួយ ផលិតផល​មួយ​ពិនិត្យ និង​សម្រេច ។ លើស​ពី​នេះ គណៈកម្មាធិការ​នេះ ក៏​នឹង​ផ្តោត​លើ​ការងារ​សំខាន់​ជា​ច្រើន​ទៀត​ដូច​ជា លើកកម្ពស់​ការ​យល់​ដឹង​ដល់​សិប្បករ ឧស្សាហករ ការ​ពង្រឹង​ស្ថាប័ន ការ​អភិវឌ្ឍ​ធនធានមនុស្ស ការ​ស្រាវជ្រាវ​និង​អភិវឌ្ឍន៍​ទីផ្សារ និង​ប្រភព​ទុន​ជាដើម ។ លោក​បន្ត​ថា គោលនយោបាយ​ជាតិ​ជំរុញ​ចលនា​ភូមិ​មួយ ផលិតផល​មួយ ក៏​នឹង​ដាក់​ចេញ​នូវ​យុទ្ធសាស្ត្រ​ចំនួន​១៥​បន្ថែម​ទៀត តាម​រយៈ​យន្តការ​ផលិតផល​ដំបូង កែ​ច្នៃ និង​ការ​រក​ទីផ្សារ។

លោក​ឧបនាយករដ្ឋមន្ត្រី យឹ​ម ឆៃ​លី ប្រធាន​ក្រុមប្រឹក្សា​ស្តារ និង​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​កម្ពុជា និង​ជា​តំណាង​សម្តេច​តេ​ជោ ហ៊ុន សែន ថ្លែង​ថា គោលនយោបាយ​ជាតិ​នេះ មាន​គោលដៅ​ជំរុញ​ការ​លើកកម្ពស់​កំណើនសេដ្ឋកិច្ច លើកកម្ពស់​គុណភាព​ជីវិត បង្កើន​ប្រាក់​ចំណូល និង​កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជាពលរដ្ឋ​។ គោលនយោបាយ​នេះ មាន​លក្ខណៈ​ពិសេស ដោយ​ផ្សារ​ភ្ជាប់​ជាមួយ​វិស័យ​ទេសចរណ៍​ដែល​កំពុង​រីក​ចម្រើន​នា​ពេល​សព្វ​ថ្ងៃនេះ តាម​រយៈ​ការ​ផលិត​ផលិតផល​មានគុណ​ភាព និង​ស្តង់ដា ដើម្បី​បង្កើន​ការ​ប្រើប្រាស់​ក្នុងស្រុក និង​ជំរុញ​ការ​នាំ​ចេញ ។

លោក​បន្ត​ថា ៖ « គោលនយោបាយ​នេះ ត្រូវ​ដឹកនាំ​ដោយ​អភិបាលខេត្ត​-​រាជធានី​នីមួយ​ៗ ដែល​នឹង​ដើរតួ​នាទី​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ ជំរុញ​ចលនា​ភូមិ​មួយ ផលិតផល​មួយ ដើម្បី​រួមចំណែក​ជំរុញ​ការ​ប្រើប្រាស់​ផលិតផល​ខ្មែរ ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​ប្រកបដោយ​ចេរភាព » ។

លោក​បន្ត​ថា ដោយសារ​ប្រទេស​កម្ពុជា​រីក​ចម្រើន និង​មាន​សេដ្ឋកិច្ច​លូតលាស់ ដែល​បាន​ទាក់ទាញ​វិនិយោគិន​អន្តរជាតិ​ជា​ច្រើន​ចូល​មក​វិនិយោគ​នៅ​កម្ពុជា ។ សម្តេច​តេ​ជោ​មិន​ត្រឹមតែ​នាំ​មក​នូវ​សុខ​សន្តិភាព អភិវឌ្ឍន៍​សេដ្ឋកិច្ចជាតិ​នោះ​ទេ ប៉ុន្តែ​បាន​ធ្វើ​ឲ្យ​កម្ពុជា​មាន​កិត្យានុភាព​លើ​ឆាក​អន្តរជាតិ​ផង​ដែរ ។

លោក​ឧបនាយករដ្ឋមន្ត្រី យឹ​ម ឆៃ​លី បន្ត​ថា​៖ « គោលនយោបាយ​នេះ​ធ្វើ​ឡើង​ដើម្បី​ជំរុញ​ការ​ប្រើប្រាស់​ផលិតផល​ខ្មែរ​ក្នុងស្រុក និង​បង្កើន​គុណភាព​ដើម្បី​នាំ​ចេញ​ផង​ដែរ។ ហេតុនេះ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ត្រូវ​បង្កើន​កញ្ចប់​ថវិកា​ដល់​គណៈកម្មាធិការ​ជំរុញ​ចលនា​ជាតិភូមិ​មួយ ផលិតផល​មួយ ដើម្បី​ឲ្យ​ពួក​គេ​មាន​ថវិកា​សម​ស្រប​សម្រាប់​បំពេញការងារ » ៕