ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះថ្នាក់​ចរាចរណ៍​តិចតួច​នាំ​គ្នា​ព្រួត​វាយ​បុរស​ពិការ​ជើង​សន្លប់

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ គ្រោះថ្នាក់​ចរាចរណ៍​តិចតួច​ទូរស័ព្ទ​ហៅ​បក្សពួក​ទៅ​វាយ​អ្នក​បើក​រ៉ឺ​ម៉ក​ដែល​ពិការ​ជើង​ទាំង​សងខាង

រាជធានី​ភ្នំពេញ ៖ គ្រោះថ្នាក់​ចរាចរណ៍​តិចតួច​ទូរស័ព្ទ​ហៅ​បក្សពួក​ទៅ​វាយ​អ្នក​បើក​រ៉ឺ​ម៉ក​ដែល​ពិការ​ជើង​ទាំង​សងខាង និង​បណ្តាល​ឱ្យ​សន្លប់​ស្តូកស្តឹង បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​តាម​ដងផ្លូវ​ឈប់​ចោមរោម​យ៉ាង​កកកុញ​កាលពី​វេលា​ម៉ោង​៨​យប់ ថ្ងៃ​ទី​៩ ខែមេសា ឆ្នាំ​២០១៧ ត្រង់​ចំណុច​តាម​បណ្តោយ​ផ្លូវ​សហព័ន្ធ​រុ​ស្ស៉ី​ខាងលិច​ច្រកចូល​ថ្មី​របស់​អាកាស​យន្ត​ដ្ឋា​ន​ភ្នំពេញ​អន្តរជាតិ ស្ថិត​នៅ​ក្នុង​សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ 

ជន​រង​គ្រោះ​ដែល​ពិការ​ជើង​ទាំង​សងខាង​មានឈ្មោះ ចាន់ មក​រា ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ស្នាក់​នៅ​ភូមិ​ព្រៃ​សាក់ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។  ចំណែកឯ​ជន​បង្ក​ដែល​ជា​អ្នកបើកបរ​ម៉ូតូ​ឈ្មោះ ចាន់ សីហា ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ស្នាក់​នៅផ្ទះ​ជួល​ម្តុំ​កា​ណា​ឌី​យ៉ា ក្នុង​សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ មានស្រុក​កំណើត​នៅ​ស្រុក​កោះសូទិន ខេត្តកំពង់ចាម និង​អ្នក​រួម​ដំណើរ​ពីក្រោយ​ឈ្មោះ មុត ភារ​ម្យ អាយុ​៣៤​ឆ្នាំ ស្នាក​នៅ​ភូមិ​ក្បាលដំរី សង្កាត់​កា​កាប ឃុំ​គគី ស្រុក​កៀនស្វាយ ខេត្តកណ្តាល ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​គេ​ឃើញ​បុរស​រង​គ្រោះ​ខាងលើ​បើក​រ៉ឺ​ម៉ក​ម៉ូតូ​មួយ​គ្រឿង​អត់​មាន​ស្នាក​លេខ​រួម​ដំណើរ​ពីក្រោយ​ដោយ​នារី​ពីរ​នាក់ និង​ប្រុស​ពី​នាក់​រួម​ទាំង​ក្មេង​តូច​ម្នាក់​ផង​ដែរ​ទើប​ចេញ​មក​ពី​ម្តុំ​ព្រៃ​ទា​បំណង​ទៅ​លេង​នៅ​ផ្សារ​ស៊ី​ន​ជូ​រី លុះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ ស្រាប់តែ​មាន​ម៉ូតូ​ជិះ​មក​ពីក្រោយ​មួយ​គ្រឿង​ម៉ាក​ហ្ស៊ុ​យ​សា​គី​ស្មាស​វី ពណ៌​ក្រហម ពាក់​ស្លាក​លេខ​កណ្តាល 1S-2245 បើកបរ​ដោយ​បុរស​ពីរ​នាក់​ស្រវឹង​ជោកជាំ​បាន​ជិះ​ទៅ​បុក​គូទ​រ៉ឺ​ម៉ក​ម៉ូតូ​ខាងលើ​ចំ​ពីក្រោយ​បណ្តាល​ឱ្យ​ដួល​រង​ខូចខាត​តិចតួច ។ ភ្លាម​ៗ​នោះ​ជន​បង្ក​បាន​ហៅ​មេការ​ម្នាក់​ឈ្មោះ លឹ​ម ស្រ៊ុ​ន អាយុ​៣៦​ឆ្នាំ ស្នាក់​ភូមិ​ក្បាលដំរី ស្រុក​កំណើត​ស្រុក​កោះ​សូ​ទឹ​ន ខេត្តកំពង់ចាម និង​បក្សពួក​ពីរ​នាក់​ទៀត​ទី​១-​ឈ្មោះ ឆើត ឧត្តម អាយុ​២៩​ឆ្នាំ ស្នាក់​នៅ​ភូមិ​ក្បាលដំរី សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ​, ទី​២-​ឈ្មោះ សុខ ណេ​ង ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ស្នាក់​នៅ​ភូមិ​ព្រៃ​ទា សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ មក​ឱ្យ​ជួយ​ដោះស្រាយ​ខណៈ​ពេល​បុរស​ជា​មេការ​កំពុង​តែ​និយាយ​ដោះស្រាយ ស្រាប់តែ​ជន​បង្ក​ដែល​ជា​អ្នកបើកបរ​ម៉ូតូ​រួម​ទាំង​បក្សពួក​លោត​ទៅ​វាយ​បុរស​រង​គ្រោះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ឈប់​ចោមរោម​មើល និង​មានការ​ប្រតាយប្រតប់​គ្នា​ទៅ​វិញ​ទៅ​មក​ពេញ​ដងផ្លូវ​ទោះជា​មាន​សមត្ថកិច្ច​មក​ជួយ​អន្តរាគមន៍​ក៏​មិន​ស្តាប់ បណ្តាល​ឱ្យ​បុរស​រង​គ្រោះ​រង​របួស​សន្លប់​ស្តូកស្តឹង ពេល​នោះ​ជន​បង្ក​បាន​រួម​ទាំង​បក្សពួក​ម្នាក់​ឈ្មោះ ឆើត ឧត្តម បាន​ឆ្លៀតឱកាស​លើក​ម៉ូតូ​ជិះ​រត់គេច​ខ្លួន​ក៏​ត្រូវ​បាន​សមត្ថកិច្ច​អន្តរាគមន៍​ពិសេស​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ធ្វើការ​ប្រដេញ​ចាប់​ឃាត់​បាន​ត្រង់​ចំណុច​ច្រកចូល​វត្ត​តាំង​ក​សាំង ។

ក្រោយ​ពេល​កើតហេតុ​បុរស​រង​គ្រោះ​ត្រូវ​សាច់ញាតិ​ដឹក​តាម​រ៉ឺ​ម៉ក​ម៉ូតូ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ព្រះ​កុសុមៈ ចំណែកឯ​ជន​បង្ក​រួម​ទាំង​បក្សពួក​ត្រូវ​សមត្ថកិច្ច​នាំ​ខ្លួន​យក​ទៅ​សាកសួរ និង​កសាង​សំណំ​រឿង​បញ្ជូន​ទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ដើម្បី​រង​ចាំ​ការ​ចាត់ការ​តាម​នីតិ​វី​ធី ៕