ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រវឹងស្រា​​ក្តៅចិត្ត​ប្រពន្ធ​មិន​នៅ​ផ្ទះ​ដុតឆេះម៉ដ្ឋ

15 ឆ្នាំ មុន

ខេត្ត​កណ្តាល​ ៖ បុរសចិត្ត​ភ្លើង​​ម្នាក់​ត្រូវ​​ប្រពន្ធ​ប្តឹង​ប៉ូលិស​ស្រុក​ស្អាង​ឱ្យ​ចាប់​ខ្លួន​ បន្ទាប់​ពី​រូបគេ​ផឹក​ស្រា​ស្រវឹង​ ហើយ​ដុត​ផ្ទះ​ឆេះ​ម៉ដ្ឋ​ ដោយ​សារ​តែ​ខឹង​ប្រពន្ធ​ កូន​មិន​នៅ​ផ្ទះ​។ ហេតុ​ការណ៍​នេះ​កើត​ឡើង​កាល​ពីថ្ងៃ​ទី​៦ មីនា នៅ​ភូមិ​ជ្រោ​យ​ឫស្សី​ ឃុំ​ប្រាសាទ ស្រុក​ស្អាង​។​ ផ្ទះ​ដែល​បុរស​អគតិ​ដុត​ឆេះ​អស់​ម៉ដ្ឋ​នេះ​មាន​ទំហំ​៣​គុណ​នឹង​៤​ម៉ែត្រ​ ធ្វើ​អំពី​ឈើ​ ជញ្ជាំង​ស្លឹក និង​ដំបូល​ប្រក់​ស្លឹក។

តាម​ប្រភព​ពី​មន្ត្រី​​ប៉ូលិស​បាន​ឱ្យ​ដឹង​ថា បន្ទាប់​ពី​ទទួល​ពាក្យ​បណ្តឹង​ពី​ស្ត្រី​ឈ្មោះ​​តន​ វណ្ណា អាយុ​៣៣​ឆ្នាំ ប្តឹង​ប្តី​របស់​ខ្លួន​ឈ្មោះ​វង់​ ជាង អាយុ​២៩​ឆ្នាំ ថា បាន​ប្រព្រឹត្ត​ផ្តេស​ផ្តាស​ដុត​ផ្ទះ​ចោល​ឆេះ​ម៉ត់​ កាល​ពី​វេលា​ម៉ោង​៦​ល្ងាច​ ថ្ងៃ​ទី​៦ ​មីនា ។ ក្រោយ​ហេតុ​ការណ៍​បន្តិច​ប៉ូលិស​បាន​ឃាត់​ខ្លួន​បុរស​ជា​ប្តី​រូប​នោះបញ្ជូន​ទៅ​អធិការ​ដ្ឋាន​នគរ​បាល​ស្រុក​ស្អាង​។ នៅ​ចំពោះ​មុខ​ប៉ូលិស​​បុរស​ឈ្មោះ​វង់​ ជាង​ បាន​សារភាពថា មុន​ពេល​កើត​ហេតុ​ខ្លួន​បាន​ទៅ​ទិញ​ស្រា​ស​មក​ផឹក​នៅ​ផ្ទះ​តែ​ម្នាក់​ឯង អស់​មួយ​លីត្រ​​ស្រវឹង​ស្រឿងៗ ហើយ​ពេល​នោះ​ប្រពន្ធ​ និង​កូន​ដើរ​លេង​អស់​រហូត​រសៀល​ទើប​ត្រឡប់​មក​វិញ ហើយ​ខ្លួន​ដើរ​រក​មិន​ឃើញ​ក៏​​កើត​ក្តី​​ក្តៅ​ក្រហាយ​ជា​ខ្លាំង​ និងបាន​ត្រៀម​រំពាត់​មួយដោយ​គំនិត​ថា ​ពេល​ត្រឡប់​មក​វិញ​ នឹង​វាយឱ្យ​រាង​ចាល​ម្តង​ ​។ លុះ​ពេល​ប្រពន្ធ និង​កូន​ត្រឡប់​មក​វិញ​ខ្លួន​បាន​ទាញ​រំពាត់​ដែល​ត្រៀម​ទុក​នោះ​មក​គំរាម​រក​វាយ​កូន ​ក៏​កើត​ជា​ទំនាស់​ពាក្យ​សម្តី​ជាមួយ​ប្រពន្ធ​ ហើយ​ប្រពន្ធ​បាន​ជេរ​បញ្ចោរ​ខ្លួនយ៉ាង​ចាស់​ដៃ​ធ្វើ​ឱ្យ​ប្តី​​ខឹង​​ទ្រាំ​មិន​បាន​ក៏​យក​​ចង្កៀង​ប្រេង​កាត​ដែល​មាន​ប្រេង​ស្រាប់​​មក​​ចាក់​លើ​ជញ្ជាំង​ ហើយ​ដុត​ឆេះ​​ម៉ដ្ឋ​អស់​តែម្តង​។

បើ​តាម​សំដី​ប្រពន្ធ​ឈ្មោះ​តន វណ្ណា បាន​ប្រាប់​ប៉ូលិស​ថា ប្តី​កំហូច​នេះ​ឱ្យ​តែ​ស្រវឹង​ស្រា​រក​រឿង​ក្រុម​គ្រួសារ​ឥត​ឈប់​ និង​បំផ្លាញ​ទ្រព្យ​សម្បត្តិ​ក្នុង​ផ្ទះ​ជា​ច្រើន​លើក​ច្រើន​សាមក​ហើយ​ពេល​នេះ​ដុត​ផ្ទះ​ចោល​ទៀត​ធ្វើ​ឱ្យ​ទ្រាំ​លែង​បាន​ក៏​ប្តឹង​ប៉ូលិស​​ឱ្យ​ចាប់​ខ្លួន៕