ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគារ​ខ្ពស់​ជាងគេ​នៅ​អាស៊ាន នឹង​សាងសង់​នៅ​ខែសីហា​ខាង​មុខ​នេះ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ អគារ​ពាណិជ្ជកម្ម​ភ្លោះ​ថៃ ប៊ុ​ន​រ៉ុ​ង ដែល​នឹង​ក្លាយជា​អគារ​ខ្ពស់​ជាងគេ​នៅ​កម្ពុជា និង​ក្នុង​តំបន់​អាស៊ាន​នោះ គ្រោង​នឹង​សាងសង់​ជា​ផ្លូវការ​នៅ​ខែសីហា​ខាង​មុខ ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​

រាជធានី​ភ្នំពេញ ៖ អគារ​ពាណិជ្ជកម្ម​ភ្លោះ​ថៃ ប៊ុ​ន​រ៉ុ​ង ដែល​នឹង​ក្លាយជា​អគារ​ខ្ពស់​ជាងគេ​នៅ​កម្ពុជា និង​ក្នុង​តំបន់​អាស៊ាន​នោះ គ្រោង​នឹង​សាងសង់​ជា​ផ្លូវការ​នៅ​ខែសីហា​ខាង​មុខ ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​នៃ​គម្រោង​អគារ​ដ៏​ខ្ពស់​ស្កឹមស្កៃ​មួយ​នេះ ។

លោក​សាស្ត្រាចារ្យ ទួ​ស សា​ភឿន ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​មួយ​រូប​នៃ​ក្រុមហ៊ុន​ថៃ ប៊ុ​ន​រ៉ុ​ង និង​ជា​អ្នក​រចនា (​ឌី​សាញ​) ម្នាក់​នៃ​គម្រោង​អគារ​នេះ បាន​ថ្លែង​នា​ព្រឹក​ថ្ងៃ​ទី​៧ មេ​សា ម្សិលមិញ​ថា អគារ​១៣៣​ជាន់ និង​មាន​កម្ពស់​រហូត​ដល់​៥៥០​ម៉ែត្រ នឹង​ចាប់ផ្តើម​សាងសង់​ជា​ផ្លូវការ​នៅ​ខែសីហា​ខាង​មុខ​នេះ​ហើយ ប្រសិនជា​គ្មាន​អ្វី​ប្រែប្រួល​ទេ​នោះ ។ លោក​បន្ត​ថា ការ​សាងសង់​អគារ​នេះ នឹង​ចំណាយ​ទឹកប្រាក់​២.១០០​លាន​ដុល្លារ​អា​មេ​រិ​ក ហើយ​ក្រុមហ៊ុន​បាន​ត្រៀម​ថវិកា​ចំនួន​៣​ពាន់​លាន​ដុល្លារ​បន្ថែម​ទៀត​ដើម្បី​ធ្វើ​ឲ្យ​អគារ​នេះ​ដំណើរការ​យ៉ាង​រស់​រវើក ។

លោក​សាស្ត្រាចារ្យ​បន្ត​ថា ៖ « ក្រុមហ៊ុន​វិនិយោគ ក្រុមហ៊ុន​ផ្គត់ផ្គង់​សម្ភារ​សំណង់ ក្រុមហ៊ុន​សាងសង់ និង​ក្រុមហ៊ុន​ត្រួតពិនិត្យ​គុណភាព​សំណង់ បាន​ចុះហត្ថលេខា​ដើម្បី​ចាប់ផ្តើម​គម្រោង​នេះ​រួច​ហើយ » ។ លោក​បន្ត​ថា ៖ «​អគារ​កប់​ពពក​នេះ នឹង​មាន​សេវាកម្ម​ជា​ច្រើន​ដូច​ជា សណ្ឋាគារ​កម្រិត​ផ្កាយ​៦ ការិយាល័យ លំនៅ​ឋាន​ប្រណីត ផ្សារ​ទំនើប និង​សេវាកម្ម​ជា​ច្រើន​ទៀត ដែល​នឹង​ទាក់ទាញ​ក្រុមហ៊ុន​វិនិយោគ​លំដាប់​ពិភពលោក មក​ដាក់​ទីតាំង​ការិយាល័យ​កណ្តាល​របស់​ពួក​គេ​នៅ​កម្ពុជា​កាន់តែ​ច្រើន » ។
មាន​ប្រសាសន៍​ក្នុង​ពិធី​សម្ពោធ​ផ្លូវ​ទំហំ​៦០​ម៉ែត្រ ជា​ផ្លូវ​វែង និង​ធំ​ជាងគេ​នៅ​រាជធានី​ភ្នំពេញ​កាលពីដើម​ស​ប្តា​ហ៍​មុន សម្តេច​តេ​ជោ ហ៊ុន សែន លើក​ឡើង​ថា ការ​អភិវឌ្ឍ​មាន​ភាព​ស៊ីជម្រៅ ដែល​កាលពីមុន ដី​នៅ​រាជធានី​ភ្នំពេញ និង​ជាយក្រុង​ភ្នំពេញ ក្នុង​១​គីឡូម៉ែត្រ​មាន​សំណង់​ត្រឹមតែ​៣​ឬ​៥​ពាន់​ម៉ែត្រការ៉េ​ប៉ុណ្ណោះ ប៉ុន្តែ​ឥឡូវនេះ ដី​១​ហិ​កតា​អាច​មាន​សំណង់​រហូត​ដល់​៥​ម៉ឺន ឬ​១០​ម៉ឺន​ម៉ែត្រការ៉េ ក៏​អាច​ថា​បាន ។

សម្តេច​បន្ត​ថា ៖ « ពី​មុន​នៅ​ទីក្រុង​ភ្នំពេញ​មាន​សំណង់​ត្រឹម​៣​ទៅ​៨​ជាន់ ឥឡូវនេះ មាន​សំណង់​រហូត​ដល់​៤០​ឬ​៥០​ជាន់ ហើយ​គ្រោង​នៅ​ពេល​ខាង​មុខ​នឹង​មាន​អគារ​កម្ពស់​១២៥​ជាន់ អាច​ខ្ពស់​ជាងគេ​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​យើង​នេះ ដែល​មាន​កម្ពស់​រហូត​ដល់​៥២០​ម៉ែត្រ អីចឹង​យើង​អាច​នាំ​គ្នា​ឡើង​ទៅ​តេស្ត​មេឃ » ។

តាម​គម្រោង អគារ​ពាណិជ្ជកម្ម​កប់​ពពក​នេះ​នឹង​សាងសង់ និង​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន​សំណង់ Hsin Chong Construction Group Ltd និង​សហការ​វិនិយោគ​រវាង​ក្រុមហ៊ុន Thai Boon Rong Group និង​ក្រុមហ៊ុន​អភិវឌ្ឍ​អចលនទ្រព្យ​នៅ​ទីក្រុង​ម៉ា​កាវ Sun Kian Ip Group ។

លោកស្រី តាំង ហួរ អគ្គ​នាយិកា​ក្រុមហ៊ុន​AMATAK Property Real Estate ថ្លែង​ថា ប្រសិនជា​អគារ​នេះ​ត្រូវ​សាងសង់ វា​នឹង​ជា​ការ​រួមចំណែក​ផ្សព្វផ្សាយ​ពី​កម្ពុជា និង​ទាក់ទាញ​ចំនួន​វិនិយោគិន​ថ្មី​ៗ​បន្ថែម​ជា​ច្រើន​ទៀត ។ លោកស្រី​បន្ត​ថា ប្រសិនជា​ប្រទេស​យើង​មិន​ខ្លាំង មិន​ទាក់ទាញ​វិនិយោគិន​មក​ពី​ក្រៅ​ទេ ដូច​ជា​ការ​ធ្វើ​ជំនួញ​មួយ​ដែរ ប្រសិនជា​យើង​មិន​ខ្លាំង តើ​អ្នក​ណា​មក​រក​យើង ។

លោកស្រី​បន្ថែម​ថា ៖ « បើ​និយាយ​ថា ទីផ្សារ​យើង​តូច ដូច្នេះ​បើ​យើង​មិន​ព្យាយាម​ឲ្យ​បាន​ល្អ និង​ខ្លាំង ធ្វើ​ម៉េច​ទាក់ទាញ​គេ​បាន​ដូច​សាំង​ហ្គា​ពួរ​ប្រទេស​តូច​មួយ ហេតុ​អី​គេ​ខ្លាំង​បាន​។ យើង​ត្រូវ​គិត​ឲ្យ​ធំ ទើប​យើង​មាន​លទ្ធផល​ធំ បើ​យើង​គិត​តូច រវល់​តែ​ខ្លាច យើង​មិន​អាច​ធ្វើ​អ្វី​បាន​នោះ​ទេ » ។

លោក សេង ឡូត អ្នកនាំពាក្យ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ថ្លែង​ថា ក្រសួង​បាន​អនុម័ត​គម្រោង​នេះ​រួច​ហើយ បន្ទាប់​ពី​ប្លង់​របស់​អគារ​នេះ ត្រូវ​បាន​រដ្ឋមន្ត្រី​ថ្មី​ដាក់​ឲ្យ​ក្រុមហ៊ុន​បង្ខិត​ទីតាំង​អគារ​ចូល​ក្នុង​បន្តិច ៕