ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៥ថ្ងៃ​​បង្ក្រាប​បាន​ឈើ​ជាង​១រយ​ម៉ែត្រ​គូប ​រថយន្ត​៨​​គ្រឿង​ និង​ឃាត់​​ខ្លួន​៥​នាក់

13 ឆ្នាំ មុន

ខេត្ត​ក្រចេះ ៖ ឈើ​អារ​ប្រភេទ​​លេខ​១ លេខ​២ និង​លេខ​៣ ​ចំនួន​ជាង​១​រយ​ម៉ែ​ត្រ​គូប ត្រូវ​បាន​​បង្ក្រា​ប​ដោយ​អាជ្ញាធរ​ខេត្ដ​ ក្នុង​ការ​ចុះ​រុក​រក​​​នៅ​ក្នុង​​ព្រៃ​ដែន​ជំរក​សត្វ​ស្នួល ក្នុងភូមិ​​សាស្ត្រ​​ឃុំ​កា​បី ស្រុក​ស្នួល ដែល​រហូត​មក​ទល់​នឹង​ពេល​នេះ​គឺ​មាន​រយៈ​​ពេល​៥​ថ្ងៃ​ ដោយ​គិត​ចាប់ពី​ថ្ងៃ​ទី​២៣ ដល់​ថ្ងៃ​ទី​២៧ មករា​។ អាជ្ញាធរ​ខេត្ដ​ដឹកនាំ​ដោយ​លោកស្រី​ ចាត សូរ​ស្មី ព្រះរាជ​អាជ្ញា​​អម​សាលាដំបូង​រួម​ជាមួយ​នឹង​មន្ដ្រី​​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ ផ្នែក ​សង្កាត់ ព្រម​ទាំង

ខេត្ត​ក្រចេះ ៖ ឈើ​អារ​ប្រភេទ​​លេខ​១ លេខ​២ និង​លេខ​៣ ​ចំនួន​ជាង​១​រយ​ម៉ែ​ត្រ​គូប ត្រូវ​បាន​​បង្ក្រា​ប​ដោយ​អាជ្ញាធរ​ខេត្ដ​ ក្នុង​ការ​ចុះ​រុក​រក​​​នៅ​ក្នុង​​ព្រៃ​ដែន​ជំរក​សត្វ​ស្នួល ក្នុងភូមិ​​សាស្ត្រ​​ឃុំ​កា​បី ស្រុក​ស្នួល ដែល​រហូត​មក​ទល់​នឹង​ពេល​នេះ​គឺ​មាន​រយៈ​​ពេល​៥​ថ្ងៃ​ ដោយ​គិត​ចាប់ពី​ថ្ងៃ​ទី​២៣ ដល់​ថ្ងៃ​ទី​២៧ មករា​។ អាជ្ញាធរ​ខេត្ដ​ដឹកនាំ​ដោយ​លោកស្រី​ ចាត សូរ​ស្មី ព្រះរាជ​អាជ្ញា​​អម​សាលាដំបូង​រួម​ជាមួយ​នឹង​មន្ដ្រី​​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ ផ្នែក ​សង្កាត់ ព្រម​ទាំង​កំលាំង​កងរាជអាវុធហត្ថ​ខេត្ដ កំលាំង​កង​រាជ​​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស ជា​លក្ខ​ណៈ​ទ្រង់​ទ្រាយ​​ធំ​ បាន​ចុះ​ធ្វើ​សកម្មភាព​​បង្ក្រាប​​សកម្ម​ភាព​កាប់​និង​ដឹក​ជញ្ជូន​ឈើ​អនាធិបតេយ្យ​នៅ​ក្នុង​​ព្រៃ​ដែន​ជំរក​សត្វ​ស្នួល ដែល​គិត​មក​ទល់​នឹង​ថ្ងៃ​ទី​២៧ មករា គឺ​មាន​រយៈ​ពេល​៥​ថ្ងៃ​ជាប់​ៗ​គ្នា ដោយ​​ធ្វើការ​រុករក​និង​រឹបអូស​បាន​ឈើ​គ្រប់​ប្រភេទ​​មាន​ចំនួន​ជាង​១​រយ​ម៉ែត្រ​គូប ព្រមទាំង​រថយន្ដ​ច្នៃ​ជា​ច្រើន​គ្រឿង ក្នុង​នោះ​ក៏​មានការ​ឃាត់ខ្លួន​​ជន​មួយ​ចំនួន​ផង​ដែរ​។

នៅ​ក្នុងប្រតិ​ប​ត្ដិ​កា​រ​​រយៈ​​ពេល​៥​ថ្ងៃនេះ មន្ដ្រី​រដ្ឋបាល​ព្រៃឈើ​មួយ​រូប​បាន​​ឱ្យ​ដឹង​កាលពី​ព្រឹក​ថ្ងៃ​ទី​២៨ មក​រា ​ថា ចំនួន​ឈើ​ដែល​ត្រូវ​សមត្ថកិច្ច​ធ្វើការ​រុករក​ក្នុង​ព្រៃ​​ដែន​ជំរក​សត្វ​ស្នួល និង​នៅ​ខាង​​ក្រៅ​ ហើយ​ត្រូវ​បាន​រឹបអូស​​​នោះ មាន​​ចំនួន​សរុប​ជាង​​១២៩​​ម៉ែត្រ​គូប ក្នុង​នោះ​មាន​ប្រភេទ​ឈើ​អារ​លេខ​១ ចំនួន​​ជាង​៦៤​​​ម៉ែត្រ​គូប ឈើ​អារ​លេខ​២ ​ចំនួន​ជាង​​៦៤​ម៉ែត្រ​គូប និង​ឈើ​អារ​លេខ​៣ មាន​ចំនួន​​០,៤៦៣​ម៉ែត្រ​គូប ព្រមទាំង​ធ្វើការ​ដកហូត​រថយន្ដ​ដឹក​​​ឈើ​កែ​ច្នៃ​ប្រភេទ​រ៉េវ ​ចំនួន​៨​គ្រឿង ដែល​សំភារ​ទាំងនេះ​ត្រូវ​បាន​យក​មក​រក្សា​​ទុក​នៅ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ស្នួល ដើម្បី​ធ្វើការ​វាស់​វែង និង​ចាត់វិធានការ​តាម​នីតិ​វិ​ធី​។

មិន​មាន​ប្រភព​ព័​ត៌​មាន​ណាមួយ​បញ្ជាក់​ឱ្យ​ដឹង​អំពី​យុ​ទ្ធ​នា​ការ​ដ៏​កក្រើក​​នេះ​ថា នឹង​ប្រព្រឹត្ដ​ទៅ​រយៈ​​ពេល​ប៉ុន្មាន​ថ្ងៃ​ទៀត​នោះ​ទេ ​ខណៈ​ដែល​សកម្មភាព​​ចុះ​រុក​រក​នៅ​តែ​បន្ដ​។ នៅ​ក្នុង​ប្រតិ​បត្ដិ​ការ​​​បង្ក្រាប​​បទ​ល្មើស​​ឈើ​ខុសច្បាប់​ដែល​​ប្រើ​ប្រាស់​កង​កំលាំង​​​ជា​​ទ្រង់ទ្រាយ​ធំ​កក្រើក​ពេញ​ផ្ទៃ​ស្រុក​​ស្នួល​នេះ សមត្ថកិច្ច​ក៏​បាន​ឃាត់ខ្លួន​មនុស្ស​ចំនួន​១១​នាក់​​ផង​ដែរ ​ដែល​ជន​ទាំងនេះ​មានការ​ពាក់​ព័​ន្ធ​ជាមួយ​នឹង​បទល្មើស​ឈើ​ដែល​សមត្ថកិច្ច​បង្ក្រាប​បាន​ជាក់ស្ដែង​ប៉ុណ្តោះ ​ក្នុង​នោះ​​៥​នាក់​បាន​ជាប់​ឃុំ​បណ្ដោះ​អាសន្ន និង​៦​នាក់​ត្រូវ​បាន​ដោះ​​លែង​។

គេ​មិន​បានដឹង​ថា ក្នុង​ចំណោម​ជន​ទាំង​៥​នាក់​ដែល​បាន​ជាប់​ឃុំ​នោះ​ តើ​មាន​ថៅកែ​ឈើ​ធំ​ៗ​ដែល​គេ​​ធ្លាប់​​ឮឈ្មោះ​បោះ​សំលេង​ថា ​ជា​ថៅ​កែ​​ឈើ និង​​កាង​ឈើ​ដុះ​ស្លែ​ឈ្មោះ​យុល សុផល ហៅ​ផល កញ្ចែ ដែល​ជាម​ន្ដ្រី​យោធា​មាន​ទេព​កោសល្យ​ទាំង​កាង​ឈើ និង​បាញ់បោះ​សេរី​នោះ​ដែរ​ឬ​ក៏​​អត់​​ទេ ។ ​កន្លង​មក​គេ​ដឹង​ថា ​ជន​ម្នាក់​នេះ​ជា​អ្នក​កាង​ឈើ​ក្នុង​តំបន់​នេះ​ និង​​មានការ​​សង្ស័យ​​ថា អាច​ត្រូវ​រ៉ូ​វ​គ្នា​ជាមួយ​​នា​យក​ដែន​ជំរក​សត្វ​ស្នួល​ឈ្មោះ​តូច សុ​ភី ដែល​បច្ចុ​ប្បន្ន​​នាយក​​ដែន​ជំរក​​ស្នួល​នេះ ប្រហែល​ជា​​​គេច​ខ្លួន​ដោយសារ​តែ​មានការ​ពាក់​ព័​ន្ធ​​នឹង​​បទល្មើស​​ឈើ​អនាធិបតេយ្យ​ និង​ល្មើសច្បាប់​ក្នុង​ដែន​សមត្ថកិច្ច​​របស់​ខ្លួន​។

ចំណែក​នគរបាល​ការពារ​ព្រំដែន​ចំណុច​ដេ​១ ដេ​២ និង​​ដេ​៦ បាន​​ច្រានចោល​​ចំពោះ​ព័ត៌​​មាន​ដែល​​ថា មាន​​រថយន្ដ​ដឹកឈើ​ជា​ច្រើន​គ្រឿង​​ធំ​ៗ បាន​ឆ្លង​កាត់​តាម​ចំណុច​នេះ​ទៅ​កាន់​ប្រទេស​វៀតណាម​ កាល​ពី​យប់​ថ្ងៃ​ទី​២២ មក​រា កន្លង​​ទៅ។ ​មន្ដ្រី​នគរបាល​ការពារ​ព្រំដែន​នៅ​ចំណុច​ខាងលើ បាន​ធ្វើការ​អះអាង​ប្រាប់​កោះ​សន្ដិភាព​ ថា ក្រោយ​ពី​មាន​ព័ត៌​មាន​ពី​ការ​ធ្វើ​ចរាចរណ៍​​ឈើ​អនាធិបតេយ្យ​នៅ​​ក្នុង​ព្រៃ​ដែន​ជំរក​សត្វ​ស្នួល​​មក លោក​ឧត្ដម​សេនីយ៍​​ត្រី​ ជួង ស៊ា​ង​ហាក់ ស្នងការ​នគរបាល​ខេត្ដ បាន​ដាក់​បទបញ្ជា​យ៉ាង​តឹង​រ៉ឹង​ម៉ឺង​ម៉ាត់​ដល់​សមត្ថកិច្ច​តាម​គោលដៅ​ព្រំដែន​ឱ្យ​​ចុះ​បង្ក្រាប​​ទប់ស្កាត់ ប្រសិនបើ​មាន​រថយន្ដ​ដឹកឈើ​ឆ្លងកាត់​តំបន់​ទាំងនេះ​។ មន្ដ្រី​​ដដែល​​បាន​អះអាង​ថា រថយន្ដ​ដឹកឈើ​ទាំង​នោះ​​គឺ​មិន​បាន​ឆ្លងកាត់​តំបន់​​ទាំងនេះ​ទេ​ គឺ​ប្រហែលជា​បើក​​ដឹក​យក​​ទៅ​លក់​នៅ​ក្នុង​ព្រៃ​ចំណុច​ណាមួយ​ច្រើន​ជាង​៕