ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វាសនា​អ្នក​ប៊ូ​ឌិ​ញ ម្ចាស់ផ្ទះ​ប្រកែក​ដាច់អហង្ការ​លើ​តម្លៃ​កំណត់​ថោក​ជាង​ទីផ្សារ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ លទ្ធផល​នៃ​កិច្ចប្រជុំ​ពិភាក្សា​អំពី​ការ​អភិវឌ្ឍ​អគារ​ប៊ូ​ឌី​ញ​នៅ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​នា​ព្រឹក​ថ្ងៃ​ទី​៧ មេ​សា

រាជធានី​ភ្នំពេញ ៖ លទ្ធផល​នៃ​កិច្ចប្រជុំ​ពិភាក្សា​អំពី​ការ​អភិវឌ្ឍ​អគារ​ប៊ូ​ឌី​ញ​នៅ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​នា​ព្រឹក​ថ្ងៃ​ទី​៧ មេ​សា មិន​បាន​ទទួល​ផ្លែផ្កា​នោះ​ទេ គឺ​អ្នក​រស់នៅ​ក្នុង​អគារ​ប៊ូ​ឌី​ញ​ប្រមាណ​ជិត​៥០០​គ្រួសារ បាន​នាំ​គ្នា​បដិសេធ​មិន​ទទួលយក​ដំណោះស្រាយ​ដែល​លោក ជា សុ​ផា​រ៉ា ទេស​រដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​ក្នុង​ការ​អភិវឌ្ឍ​លំនៅ​ឋានរបស់​ពួក​គាត់ ដោយសារ​ផ្ដល់​តម្លៃ​ផ្ទះ​ថោក​ជាង​ទីផ្សារ ពួក​គាត់​មិន​អាច​ទទួលយក​លុយ​ទៅ​ទិញ​ផ្ទះ​រស់នៅ​បាន​ទេ ។

នៅ​ក្នុង​អង្គប្រជុំ​ខាងលើ​នេះ​លោក​ទេស​រដ្ឋមន្ដ្រី ជា សុ​ផា​រ៉ា បាន​លើក​ឡើង​ថា បើ​បងប្អូន​រង់ចាំ​ទទួលយក​គម្រោង​អភិវឌ្ឍ​នៅ​នឹង​កន្លែង​នា​ថ្ងៃ​អនាគត​រយៈពេល​៤​ឆ្នាំ​ក្រោយ បងប្អូន​អាច​យក​បន្ទប់​នៃ​ចំណែក​ផ្ទះ​បងប្អូន​ជួល​ក្នុង​មួយ​ខែ​បាន​តម្លៃ​ចាប់ពី​១៥០០​ទៅ​២០០០​ដុល្លារ តែបើ​បងប្អូន​សម្រេចចិត្ដ​លក់​ផ្ទះ​វិញ គឺ​ក្រុមហ៊ុន​វិនិយោគ​របស់​ជប៉ុន​គេ​ហ៊ាន​ទិញ​ដី​តំបន់​ប៊ូ​ឌី​ញ​ដែល​មាន​ទំហំ​ផ្ទះ​ចាប់ពី​៤០​ម៉ែត្រការ៉េ​ឡើង​ក្នុង​តម្លៃ​១​ម៉ែត្រការ៉េ​ស្មើនឹង​១.២៦៣​ដុល្លារ ។ ចំពោះ​ទឹកប្រាក់​នេះ​ម្ចាស់ផ្ទះ​ក្នុង​អគារ​ប៊ូ​ឌី​ញ​ទាំងអស់​បាន​ប្រកែក​ដាច់អហង្ការ​តែ​ម្ដង ដោយសារ​តម្លៃ​នេះ​ទាប​ជាង​ទីផ្សារ ។

ជាមួយនឹង​ការ​បដិសេធ​របស់​ប្រជាពលរដ្ឋ​ទាំងនោះ លោក​ទេស​រដ្ឋមន្ត្រី បាន​បង្ហើប​ថា លោក​អាច​ចរចា​ជាមួយ​ភាគី​អ្នកទិញ​ក្នុង​តម្លៃ​ចន្លោះ​ពី​១៣០០​ទៅ​១៣៥០​ដុល្លារ​ក្នុង​១​ម៉ែត្រការ៉េ​នៃ​ទំហំ​ផ្ទះ​នីមួយ​ៗ ។ ឆ្លើយឆ្លង​គ្នា​ក្នុង​អង្គប្រជុំ​នោះ ប្រជាពលរដ្ឋ​ប្រមាណ​២​ទៅ​៣​គ្រួ​សារបាន​សំណូមពរ​សុំ​តម្លៃ​២២០០​ដុល្លារ​ក្នុង​១​ម៉ែត្រការ៉េ ។ ដោយឡែក​អ្នក​ផ្សេង​ទៀត​ស្ទើរតែ​ទាំងស្រុង​បាន​ខ្សឹប​ខ្សាវ​ត​ៗ​គ្នា​ថា មិន​លក់​ទេ​តម្លៃ​ខាងលើ​នេះ​គឺ​លក់​ក្នុង​តម្លៃ​យ៉ាង​ទាប​បំផុត​១​ម៉ែត្រការ៉េ​៥០០០​ដុល្លារ​នៃ​ទំហំ​ផ្ទះ​ជាក់ស្ដែង បើ​ក្រុមហ៊ុន​វិនិយោគ​ទិញ​បាន​ក៏​ទិញ​ទៅ តែបើ​ទិញ​មិន​បាន​ទេ​ក៏​ហី​ទៅ​ចុះ ។

ដោយឡែក​អ្នកមាន​ផ្ទះ​នៅ​ជាន់​ផ្ទាល់​ដី​វិញ​រឹតតែ​លែង​លក់​ថែម​ទៀត​ចំពោះ​តម្លៃ​នេះ​ដោយ​ចាត់​ទុក​ថា អង្គប្រជុំ​ហាក់បីដូចជា​មាន​ចេតនា​មើលងាយ​ប្រជាពលរដ្ឋ​អ្នក​រស់នៅ​អគារ​ប៊ូ​ឌី​ញ​ដែល​អ្នកខ្លះ​ទិញ​ផ្ទះ​រស់នៅ​ក្នុង​តំបន់​ប៊ូ​ឌី​ញ​តាំងពី​២០​ឬ​៣០​ឆ្នាំ​មក​ម្ល៉េះ ។ ពួក​គាត់​និយាយ​ថា បើសិនជា​ពួក​គាត់​ទិញ​ផ្ទះ​រស់នៅ​ក្នុង​រាជធានី​ភ្នំពេញ​ដែល​មា​នទី​តាំងនៅ​ក្បែរ​អគារ​ប៊ូ​ឌី​ញ​នេះ​ដែរ គឺ​ផ្ទៃក្រឡា​ផ្ទះ​គិត​ជា​ម៉ែត្រការ៉េ​១​ម៉ែត្រ​មិន​ក្រោម​មួយ​ម៉ឺន​ដុល្លារ​ទេ ហើយ​តម្លៃ​នេះ​ក៏​គ្មាន​អ្នកលក់​ដែរ​នៅ​ជុំវិញ​អគារ​ប៊ូ​ឌិ​ញ​នេះ ។

បញ្ហា​មួយទៀត​អ្នក​រស់នៅ​ជាន់​ផ្ទាល់​ដី មន្ដ្រី​ជំនាញ​បាន​គិត​ផ្ទៃក្រឡា​ជា​ម៉ែត្រការ៉េ​ជូន​គ្រួសារ​ខ្លះ គឺ​គិត​ទាំង​សំយាប​មុខ​ផ្ទះ​ដែល​ពលរដ្ឋ​កាន់កាប់​រាប់​ឆ្នាំ​មក​ហើយ ។ រីឯ​អ្នកខ្លះ​ទៀត​មន្ដ្រី​ជំនាញ​មិន​គិត​បញ្ចូល​សំយាបផ្ទះ​ទៅ​ក្នុង​ផ្ទៃក្រឡា​ផ្ទះ​នោះ​ទេ ។

នៅ​ថ្ងៃ​បិទ​ប្រកាស​លទ្ធផល​នៃ​ការ​ប្រកាស​ទទួលស្គាល់​ទិន្នន័យ​ទំហំ​ផ្ទះ​នីមួយ​ៗ​រយៈពេល​១៥​ថ្ងៃ កាលពី​ខែមករា ឆ្នាំ​២០១៧​កន្លង​មក​ប្រជាពលរដ្ឋ​បាន​ធ្វើការ​តវ៉ា​អំពី​រឿង​បញ្ចូល​ផ្ទៃក្រឡា​សំយាប​មុខ​ផ្ទះ​ទៅ​ក្នុង​សាច់​ផ្ទះ​តែ​ត្រូវ​បាន​មន្ដ្រី​ជំនាញ​បញ្ជាក់​ថា មិន​គិត​ម៉ែត្រការ៉េ​ផ្ទៃដី​សំយាប​ឱ្យ​ទេ ។ ប៉ុន្ដែ​បែរជា​អ្នកខ្លះ​ត្រូវ​បាន​មន្ដ្រី​គិត​បញ្ចូល​ផ្ទៃក្រឡា​សំយាបផ្ទះ​ចូល​ទៅ​ក្នុង​ផ្ទៃក្រឡា​ផ្ទះ​ជាក់ស្ដែង​ដែរ ។ បញ្ហា​នេះ​ប្រជាពលរដ្ឋ​ស្នើ​សុំ​លោក​ទេស​រដ្ឋមន្ដ្រី ជា សុ​ផា​រ៉ា មេត្ដា​ទទួលស្គាល់​ការ​គ្រប់គ្រង​កាន់កាប់​ប្រើប្រាស់​អាស្រ័យ​ផល​ជាក់ស្ដែង​របស់​បងប្អូន​ប្រជាពលរដ្ឋ​ឲ្យ​ស្មើភាព​គ្នា​ស្រប​តាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន ប្រកាស​នៅ​ក្នុង​ខួប​ថ្ងៃ​៧​មក​រា ឆ្នាំ​២០១៧​កន្លង​មក​ថ្មី​ៗ​នេះ​ដោយ​ទទួលស្គាល់​សិទ្ធិ​រស់នៅ​កាន់កាប់​ជាក់ស្ដែង​របស់​បងប្អូន​ប្រជាពលរដ្ឋ​លើ​ដី​រដ្ឋ ។

ជុំវិញ​បាតុភាព​ខាងលើ​នេះ​លោក ប៉េង ហុង​សុ​ជាតិ​ខេ​ម​រ៉ូ ប្រធាន​នាយកដ្ឋាន​អភិវឌ្ឍ​លំនៅ​ឋាន​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​និង​សំណង់ បាន​ប្រាប់​កោះសន្ដិភាព​ចុងមាត់ចុងក​ថា ពេល​គេ​បិទ​ផ្សាយ​ម៉េច​ក៏​មិន​តវ៉ា? ឆ្លើយ​បាន​មួយ​ម៉ាត់​ពីរ​ម៉ាត់​លោក​ក៏​បិទ​ទូរស័ព្ទ​ទៅ​វិញ​យ៉ាង​អ​សីលធម៌ ។

សូម​បញ្ជាក់​ថា ផ្ទៃក្រឡា​ដី​នៃ​អគារ​ប៊ូ​ឌី​ញ​ទាំងមូល​មាន​ទំហំ​៦៥៣១,៦៧​ម៉ែត្រការ៉េ បើ​គិត​តម្លៃ​ទិញ​ពី​ផ្ទៃក្រឡា​តាម​ផ្ទះ​នីមួយ​ៗ​ពី​ជាន់​ផ្ទាល់​ដី​ដល់​ជាន់​ទី​៣ គឺ​ក្រុមហ៊ុន​ចំណាយ​លុយ​ជិត​២២​លាន​ដុល្លារ ដែល​អគារ​ដ៏​ចំណាស់​នេះ​ត្រូវ​បាន​សាងសង់​ឡើង​ក្នុង​ទស្ស​វត្ស​៦០ ។

ដោយសារ​លទ្ធផល​អង្គប្រជុំ​មិន​រលូន​ល្អ លោក​ទេស​រដ្ឋមន្ដ្រី ជា សុ​ផា​រ៉ា បាន​ប្រកាស​លើក​ពេល​ទៅ​ថ្ងៃក្រោយ ហើយ​ក៏​បិទ​អង្គប្រជុំ​នៅ​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក ៕