ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាំ​ខ្លួន​លោក គឹ​ម សុខ មក​សាកសួរ​ជា​លើក​ទី​3 លើ​សំណុំរឿង​ចោទប្រកាន់​ញុះញង់​និង​បរិហារកេរ្តិ៍

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នេះ​ជា​លើក​ទី​៣​ហើយ​ដែល​ចៅក្រម​ស៊ើប​សួរ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក រស់ ពិសិដ្ឋ កាលពី​រសៀល​ថ្ងៃ​ទី​៧ ខែមេសា

រាជធានី​ភ្នំពេញ ៖ នេះ​ជា​លើក​ទី​៣​ហើយ​ដែល​ចៅក្រម​ស៊ើប​សួរ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក រស់ ពិសិដ្ឋ កាលពី​រសៀល​ថ្ងៃ​ទី​៧ ខែមេសា បាន​បង្គាប់​ទៅ​អនុរក្ស​ពន្ធនាគារ​ព្រៃ​ស​ឲ្យ​នាំ​ខ្លួន​លោក គឹ​ម សុខ មក​សាកសួរ​បន្ថែម​ពាក់ព័ន្ធ​នឹង​សំណុំ​រឿង​ចោទប្រកាន់​ពី​បទ ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជា​អាទិ៍ និង​បទ​បរិហារកេរ្តិ៍​ជា​សាធារណៈ ។

សូម​រំឭក​ថា កាលពី​រសៀល​ថ្ងៃ​ទី​២១ ខែមីនា ​កន្លង​ទៅ លោក​ចៅក្រម​ស៊ើប​សួរ​សាលាដំបូង​រាជធានី បាន​បង្គាប់​ទៅ​អនុរក្ស​ពន្ធនាគារ​ព្រៃ​ស ឲ្យ​នាំ​ខ្លួន​លោក គឹ​ម សុខ អ្នកវិភាគ​មាត់ដាច​រូប​នេះ​មក​សាកសួរ​ជា​លើក​ទី​២ ព្រោះគិត​ពី​ថ្ងៃ​ចាប់ខ្លួន​មក​ដល់​ពេល​នេះ នៅ​មិន​ទាន់​មាន​ចម្លើយ​ណាមួយ​ជា​ផ្លូវការ​នោះ​ទេ ។

លោក​ចៅក្រម​ស៊ើប​សួរ រស់ ពិសិដ្ឋ បានតម្រូវ​សាកសួរ​យក​ចម្លើយ​ពី​លោក គឹ​ម សុខ ដែល​អម​ដោយ​លោក ជួង ជូ​ងី ជា​មេធាវី​ការពារ​ក្តី​ចូលរួម​ស្តាប់​ផង​ដែរ ។ ប៉ុន្តែ​លទ្ធផល​ឆ្លើយ​ឬ​មិន​ឆ្លើយ នៅ​មិន​ទាន់​ត្រូវ​បាន​ទម្លាយ​ឲ្យ​ដឹង​ពី​មន្ត្រី​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅឡើយ​ទេ ។

គួរ​បញ្ជាក់​ថា កាលពី​ព្រឹក​ថ្ងៃ​ទី​១០ ខែមីនា លោក​ចៅក្រម​ស៊ើប​សួរ ក៏​បាន​បង្គាប់​ទៅ​សមត្ថកិច្ច​ពន្ធនាគារ​ព្រៃ​ស ឲ្យ​នាំ​ខ្លួន​លោកគឹ​ម សុខ អ្នកវិភាគ​នយោបាយ​និង​ជា​អ្នក​តាម
ដាន​កិច្ចការ​សង្គម ដែល​កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ ឲ្យ​មក​សាកសួរ​ម្តង​ដែរ ប៉ុន្តែ​លោក គឹ​ម សុខ មិន​ឆ្លើយ​ដោយសារ​អវត្តមាន​មេធាវី ។ សំណុំ​រឿង​លោក គឹ​ម សុខ ពាក់ព័ន្ធ​នឹង​ការ​ចោទប្រកាន់​២​បទល្មើស​គឺ ១-​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជា​អាទិ៍ និង​២-​បទបរិហារកេរ្តិ៍​ជា​សាធារណៈ តាម​មាត្រា​៤៩៤ មាត្រា​៤៩៥ និង​មាត្រា​៣០៥ នៃ​ក្រមព្រហ្មទណ្ឌ​។

លោក គឹ​ម សុខ ត្រូវ​បាន​នាំ​មក​សាកសួរ​ឡើង​វិញ យោង​លើ​ពាក្យបណ្តឹង​របស់​លោក គី តិច មេធាវី​ការពារ​ក្តី​តំណាង​ដោយ​អាណត្តិ​របស់​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន​។ សំណុំ​រឿ​ង​នេះ​កំពុង​ស្ថិត​នៅ​ក្នុង​ដៃ​លោក រស់ ពិសិដ្ឋ ចៅក្រម​សើ​ប​សួរ​សាលាដំបូង​រាជធានី ។

ចំណែក​ប្រភព​ព័ត៌មាន​ពេល​នេះ​បាន​ឲ្យ​ដឹង​ថា លោក គឹ​ម សុខ នៅ​តែ​ប្រកាន់​ជំហរ​មិន​ឆ្លើយ​អី្វ​ទាំងអស់​រាល់​សំណួរ​របស់​លោក​ចៅក្រម​ស៊ើបសួរ ហើយ​ក៏​មិនមែន​តែ​លើក​នេះ​ទេ គឺ​តាំងពី​ពេល​ចាប់ខ្លួន ទាំង​នៅ​ដំណាក់កាល​តំណាង​អយ្យការ ក៏​ដូច​ជា​ខាង​ចៅក្រម​ដែរ ពោល​គឺ​មក​ដល់​ពេល​នេះ​មិន​ទាន់​មាន​ចម្លើយ​ណាមួយ​ពី​លោក គឹ​ម សុខ ជា​ផ្លូវការ​នៅឡើយ​ទេ ។ នេះ​បើ​តាម​ការ​បង្ហើប ពី​មន្ត្រី​សាលាដំបូង​រាជធានី​ភ្នំពេញ ៕