ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រយៈពេល​2​ខែ​ដើមឆ្នាំ កម្ពុជា​នាំ​ចេញ​កៅស៊ូ​កើនឡើង​13​ភាគរយ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​អគ្គនាយកដ្ឋាន​កៅស៊ូ​នៃ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ឲ្យ​ដឹង​ថា ក្នុង​រយៈពេល​២​ខែ​ដើមឆ្នាំ​នេះ កម្ពុជា​បាន​នាំ​ចេញ​កៅស៊ូ​ជាង​

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​អគ្គនាយកដ្ឋាន​កៅស៊ូ​នៃ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ឲ្យ​ដឹង​ថា ក្នុង​រយៈពេល​២​ខែ​ដើមឆ្នាំ​នេះ កម្ពុជា​បាន​នាំ​ចេញ​កៅស៊ូ​ជាង​២​ម៉ឺន​តោន កើនឡើង​១៣​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន ។

លោក ប៉ុ​ល សុ​ផា ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​ជា​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​កៅស៊ូ​នៃ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ថ្លែង​ឲ្យ​ដឹង​នា​ព្រឹក​ថ្ងៃ​ទី​៦ មេ​សា ម្សិលមិញ​ថា ការ​នាំ​ចេញ​កៅស៊ូ​របស់​កម្ពុជា​ទៅ​ទីផ្សារ​អន្តរជាតិ បើ​គិត​ត្រឹម​២​ខែ​ដើមឆ្នាំ​នេះ បាន​ចំនួន​ជាង​២​ម៉ឺន​តោន​។ រីឯ​តម្លៃ​កាលពី​ខែកុម្ភៈ​កន្លង​មកនេះ បាន​ធ្លាក់​ចុះ​ពី​២.៣៥០​ដុល្លារ​ក្នុង​១​តោន មក​នៅ​ត្រឹម​២.០០០​ដុល្លារ​ក្នុង​១​តោន​វិញ ។

លោក​បន្ត​ថា ស្ថានភាព​ទីផ្សារ​កៅស៊ូ​ចុង​ក្រោយ​នេះ​នៅ​តែ​មាន​ភាពល្អ​ប្រសើរ ហើយ​រំពឹង​ថា នឹង​មាន​ស្ថិរភាព​វិញ​ទាំង​ការ​ផលិត​ក្នុងស្រុក ដែល​បញ្ហា​នេះ​ពឹងផ្អែក​ទាំងស្រុង​លើ​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​ឆ្នាំ​២០១៥-២០២៥ ដែល​អាច​ទាក់ទាញ​អ្នក​វិនិយោគ​មក​បន្ថែម ។

លោក​ថ្លែង​ថា ៖« កម្ពុជា​មាន​វត្ថុធាតុដើម​គ្រប់គ្រាន់​សម្រាប់​ការ​កែ​ច្នៃ ប៉ុន្តែ​បញ្ហា​បង្កើត​រោងចក្រ​ថ្មី​ត្រូវ​ចាយ​ទុន​ច្រើន ព្រោះ​ផ្សារ​កម្ពុជា​តូច ដូច្នេះ​មិនសូវ​មានការ​ចាប់​អារម្មណ៍​ខ្លាំង​ពី​អ្នក​វិនិយោគ​ក្រៅប្រទេស​នោះ​ទេ » ។

ប្រធាន​សមាគម​កៅស៊ូ​គ្រួសារ​តំបែរ ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ លោក​ជា សា​វន បាន​លើក​ឡើង​ថា បច្ចុប្បន្ន​នេះ​តម្លៃ​កៅស៊ូ​ធ្លាក់​ចុះ​បន្តិច ប៉ុន្តែ​សមាគម​នៅ​តែ​ជំរុញ​កសិករ​ថែទាំ​កៅស៊ូ​ឲ្យ​បាន​ល្អ ហើយ​នៅ​ឆ្នាំ​២០១៨​ខាង​មុខ​ត្រៀម​រៀបចំ​សហគមន៍ ដោយ​ស្នើ​ថវិកាបដិភាគ​ពី​រាជរដ្ឋាភិបាល ដើម្បី​ឲ្យ​កសិករ​កែ​ច្នៃ​ជ័រ​សន្លឹក​ដែល​ទីផ្សារ​ក្រៅប្រទេស​កំពុង​មាន​តម្រូវការ ។

លោក​បន្ត​ទៀត​ថា​៖ « កៅស៊ូ​ដែល​កសិករ​ផលិត​បាន​ហើយ ពឹង​ផ្នែក​លើ​ឈ្មួញ​តូច​ៗ​ប្រមូល​ទិញ​លក់​ទៅ​ប្រទេស​វៀតណាម ហើយ​បើសិនជា​មានការ​ទាក់ទាញ​អ្នក​វិនិយោគ​បង្កើត​រោងចក្រ​កែ​ច្នៃ​រឹតតែ​ល្អ​ប្រសើរ សម្រាប់​ប្រជា​កសិករ » ។

បច្ចុប្បន្ន​នេះ មាន​ក្រុមហ៊ុន​ចំនួន​១៣២ ដែល​ប្រកប​អាជីវកម្ម​កៅស៊ូ​នៅ​កម្ពុជា ហើយ​ចំនួន​នេះ​មិន​មានការ​កើនឡើង​បន្ថែម​ទៀត​នោះ​ទេ ដោយសារ​កន្លង​មក រាជរដ្ឋាភិបាល​បាន​បញ្ឈប់​ការ​ផ្តល់​ដី​សម្បទាន​ដល់​ក្រុមហ៊ុន​វិនិយោគ ៕