ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ប្រើប្រាស់​ស៊ី​មកា​ត​ទូរស័ព្ទ​លើស​ចំនួន​ពលរដ្ឋ​សរុប​ទូ​ទាំង​ប្រទេស

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​បាន​អះអាង​នា​ពេល​ថ្មី​ៗ​នេះ​ថា អ្នក​ប្រើប្រាស់​អីុន​ធើ​រ​ណេ​ត​មាន​ជាង​ពាក់កណ្តាល​នៃ​ចំនួន​ប្រជាពលរដ្ឋ ប៉ុន្តែ​អ្នក

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​បាន​អះអាង​នា​ពេល​ថ្មី​ៗ​នេះ​ថា អ្នក​ប្រើប្រាស់​អីុន​ធើ​រ​ណេ​ត​មាន​ជាង​ពាក់កណ្តាល​នៃ​ចំនួន​ប្រជាពលរដ្ឋ ប៉ុន្តែ​អ្នក​ប្រើប្រាស់​ស៊ី​មកា​ត​ទូរស័ព្ទ​បាន​កើន​លើស​ចំនួន​ប្រជាពលរដ្ឋ​សរុប​ទូ​ទាំង​ប្រទេស​សព្វថ្ងៃ ។

លោក ត្រាំ អីុ​វ​តឹក រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ មាន​ប្រសាសន៍​ថា ៖ «​សព្វ​ថ្ងៃនេះ អ្នក​ប្រើប្រាស់​អីុ​ន​ធើ​រ​ណេ​ត​មាន​ជិត​៨​លាន​នាក់ ហើយ​អ្នក​ប្រើ​ទូរស័ព្ទ​មាន​ស៊ី​មកា​ត មាន​រហូត​ដល់​១៩,៦​លាន​ស៊ី​មកា​ត ដែល​លើស​ពី​ចំនួន​ប្រជាពលរដ្ឋ​សរុប​នៅ​ទូ​ទាំង​ប្រទេស » ។

ទន្ទឹម​នឹង​ការ​កើនឡើង​នៃ​ចំនួន​ទូរស័ព្ទ និង​អីុ​ន​ធើ​រ​ណេ​ត​នេះ លោក​រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍​បញ្ជាក់​ថា ៖ « យើង​លើក​ទិស​ដៅ​ថា រហូត​ដល់​ឆ្នាំ​២០២០ មាន​អ្នក​ប្រើ​ប្រាស់​ទូរស័ព្ទ​ឱ្យ​បាន​១០០%, អីុ​ន​ធើ​រ​ណេ​ត​ល្បឿន​លឿន​នៅ​តាម​ទីប្រជុំជន​១០០% ហើយ​នៅ​ជនបទ​៨០% ស្រប​តាម​គោលនយោបាយ​ថា ក្នុង​១​ឆ្នាំ​ៗ​នឹង​មាន​អ្នក​ប្រើ​ប្រាស់​អីុ​ន​ធើ​រ​ណេ​ត​កើនឡើង​១​លាន​នាក់ ខណៈ​មាន​ខ្សែ​កា​ប្លិ៍​បាតសមុទ្រ​មក​ដល់​កម្ពុជា ដែល​អាច​លក់​សេវា​បាន​ច្រើន អ្នកទិញ​ច្រើន ហើយ​ល្បឿន​លឿន​ជាង​មុន » ។

លោក​រដ្ឋមន្ត្រី​លើក​ឡើង​ថា សព្វ​ថ្ងៃនេះ ក្រុមហ៊ុន​ដែល​បម្រើសេវា​អីុន​ធើ​រ​ណេ​ត​ខ្នាត​តូច​ៗ​មាន​ប្រមាណ​៣០ ហើយ​ខ្នាត​ធំ​មាន​៣ ។ ក្រុមហ៊ុន​ខ្នាត​តូច​ទាំង​៣០​នេះ ផ្តល់​សេវា​អីុ​ន​ធើ​រ​ណេ​ត​សម្រាប់​អ្នក​ប្រើប្រាស់​ធម្មតា​មាន​តម្លៃ​ថោក ប៉ុន្តែ​សម្រាប់​ការ​ធ្វើ​អាជីវកម្ម គឺ​មាន​ក្រុមហ៊ុន​ផ្សេង​ទៀត​ផ្តល់​សេវា​ក្នុង​តម្លៃ​ថ្លៃ បើ​ធៀប​នឹង​បណ្តា​ប្រទេស​ជិតខាង​កម្ពុជា ។

លោក​រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍​ឲ្យ​ដឹង​ទៀត​ថា នៅ​ថ្ងៃ​ខាង​មុខ​នេះ ទូរគមនាគមន៍​នឹង​ត​ខ្សែ​កា​ប្លិ៍​ទៅ​តាម​ផ្ទះ ដោយ​ដាក់​ឧបករណ៍​រ៉​យ​ទ័​រ​មួយ​ប្រើ Wifi ហើយនឹង​មាន​តម្រូវការ​ច្រើន​ផង​ដែរ ។ បើ​និយាយ​ពី​ឧបករណ៍​ត​ភ្ជាប់​ទៅ​តាម​ផ្ទះ នៅ​កម្ពុជា​មាន​តែ​២,៥%​ប៉ុណ្ណោះ ខណៈ​នៅ​ប្រទេស​ផ្សេង​មាន​ភាគរយ​ច្រើន ។ ដូចនេះ ការ​ប្រើប្រាស់​អីុន​ធើ​រ​ណេ​ត​នា​ពេល​ខាង​មុខ​នឹង​មាន​ច្រើន​ថែម​ទៀត ស្រប​ពេល​កម្ពុជា​មាន​ខ្សែ​កា​ប្លិ៍​អុ​ប​ទិ​ក​ក្រោម​បាតសមុទ្រ​មក​ដល់ វា​នឹង​ផុស​ចេញ​នូវ​ការ​រីក​ចម្រើន​លើ​ផ្នែក​បច្ចេកវិទ្យា។

កាលពី​ឆ្នាំ​មុន អត្រា​នៃ​ការ​លក់​ស៊ី​មកា​ត​ទូរស័ព្ទ​ចល័ត​មាន​ប្រមាណ​១៩​លាន​៥​សែន ស្មើ​១៣០%​។ ចំណែក​អ្នក​ជាវ​សេវា​អីុ​ន​ធើ​រ​ណេ​ត​មាន​ប្រមាណ​៧​លាន ស្មើនឹង​ប្រមាណ​៤៥%​នៃ​ចំនួន​ប្រជាពលរដ្ឋ​សរុប ។ នេះ​បើ​តាម​ប្រសាសន៍​លោក​រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បាន​ថ្លែង​ក្នុង​ពិធី​ប្រកាស​ឲ្យ​ប្រើ​កម្មវិធី​ផ្ដល់​ព័ត៌មាន​សេវា​សាធារណៈ​តាម​រយៈ​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន កាលពី​ចុងឆ្នាំ​២០១៦ ៕