ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បែកធ្លាយ​ឈ្មួញ​វៀតណាម​អង្វរ​ឈ្មួញ​ខ្មែរ​បង្កើន​ការ​នាំ​ចូល​ជ្រូក

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្នុង​រយៈពេល​ខ្លី​នេះ បណ្ដា​សារព័ត៌មាន​ជាតិ និង​អន្តរជាតិ​បាន​ចុះ​ផ្សាយ​ពី​ការ​ផ្ទុះ​ជំងឺ​ម្យ៉ាង​លើ​សត្វ​ជ្រូក​នៅ​ប្រទេស​វៀតណាម ហើយ​បណ្ដា

រាជធានី​ភ្នំពេញ ៖ ក្នុង​រយៈពេល​ខ្លី​នេះ បណ្ដា​សារព័ត៌មាន​ជាតិ និង​អន្តរជាតិ​បាន​ចុះ​ផ្សាយ​ពី​ការ​ផ្ទុះ​ជំងឺ​ម្យ៉ាង​លើ​សត្វ​ជ្រូក​នៅ​ប្រទេស​វៀតណាម ហើយ​បណ្ដា​ប្រទេស​ជាប់​ព្រំដែន បាន​បិទ​ការ​នាំ​ចូល​ផង​ដែរ ប៉ុន្តែ​កម្ពុជា​វិញ​នៅ​តែ​បន្ត​នាំ​ចូល ខណៈ​មន្ត្រី​ត្រួតពិនិត្យ​ថា ជ្រូក​ទាំងនោះ​គ្មាន​ជំងឺ​ទេ ។

លោក លី ឡា​វី​ល អ្នកគ្រប់គ្រង​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​ក្រុមហ៊ុន ម៉ុង ឫ​ទ្ធី ឲ្យ​ដឹង​ថា បន្ទាប់​ពី​មានការ​ចុះ​ផ្សាយ​ថា នៅ​វៀតណាម​មាន​ផ្ទុះ​ជំងឺ​ម្យ៉ាង​ទៅ​លើ​សត្វ​ជ្រូក ដែល​អាច​ប៉ះពាល់​ដល់​អ្នក​បរិភោគ​នោះ ប្រទេស​មួយ​ចំនួន​បាន​បិទ​ការ​នាំ​ចូល​ជ្រូក​ពី​វៀតណាម​ហើយ ។ ចំណែក​កម្ពុជា​នៅ​តែ​បន្ដ​នាំ​ចូល​ដដែល ហើយ​នាំ​ចូល​កាន់តែ​ច្រើន​ជាង​មុន​ទៅ​ទៀត ខណៈ​ការ​នាំ​ចូល​នោះ​បាន​ត្រួតពិនិត្យ​មួយ​ចំនួន និង​មួយ​ចំនួន​ទៀត​នៅ​ចន្លោះ​ប្រហោង ហើយ​ក៏​មិនដឹង​ថា ជ្រូក​ទាំងនោះ​មាន​ជំងឺ ឬ​អត់​ទេ ។

លោក​និយាយ​ថា ៖ « ខ្ញុំ​បានដឹង​ពី​ឈ្មួញ​ខ្មែរ​ថា សព្វ​ថ្ងៃនេះ ឈ្មួញ​វៀតណាម​បាន​អង្វរ​ឲ្យ​ឈ្មួញ​ខ្មែរ​ជួយ​នាំ​ចូល​ជ្រូក​ឲ្យ​បាន​ច្រើន ព្រោះ​ជ្រូក​នៅ​វៀតណាម​សល់​គរ​ច្រើន គ្មាន​ការ​នាំ​ចេញ​ទៅ​ណា​ទេ បើ​ខ្មែរ​មិន​នាំ​ចូល​ទេ មាន​តែ​បោះចោល ។ ទោះជា​យ៉ាងណា ដោយសារ​តែ​ជ្រូក​វៀតណាម​ចុះថោក​ខ្លាំង​បន្ទាប់​ពី​ផ្ទុះ​ជំងឺ បាន​ធ្វើ​ឲ្យ​ឈ្មួញ​ខ្មែរ​មួយ​ចំនួន​សប្បាយ​ដៃ និង​ជា​ឱកាស​រក​ប្រាក់​ចំណេញ ទើប​នៅ​តែ​មានការ​នាំ​ចូល​ទាំង​លួចលាក់ និង​តាម​ច្បាប់ » ។

លោក​បន្ត​ថា បើ​ទោះជា​មានការ​ត្រួតពិនិត្យ​ត្រឹមត្រូវ​ហើយ​ក្តី ក៏​មិនដឹង​លទ្ធផល​ភ្លាម​ៗ​ដែរ​ថា ជ្រូក​នោះ​មាន​ជំងឺ ព្រោះ​តាម​ធម្មតា ការ​ត្រួតពិនិត្យ​ត្រូវការ​រយៈពេល​ពី​២​ទៅ​៣​ថ្ងៃ​ទើប​ដឹង ។ ដូច្នេះ នៅ​អំឡុង​ពេល​នោះ សត្វ​ជ្រូក​នោះ​ត្រូវ​គេ​កាប់ ហើយ​ហូប​អស់​បាត់​ទៅ​ហើយ បើ​មាន​ជំងឺ ក៏​វា​ឆ្លង​ចូល​ក្នុង​ខ្លួន​អ្នក​ហូប​រួច​ហើយ​ដែរ​។

លោក​បន្ត​ថា ៖ « ដោយសារ​តែ​ការ​នាំ​ចូល​មក​ស្រួល​ពេក និង​តម្លៃ​ថោក បាន​ធ្វើ​ឲ្យ​ជ្រូក​ក្នុងស្រុក​ដែល​ខំ​ផលិត​អស់​ថ្លៃដើម​ច្រើន ក៏​ត្រូវ​ធ្លាក់​ថ្លៃ​ដូច​ជ្រូក​នាំ​ចូល​ដែរ ។ ពេល​នេះ គ្មាន​ការ​រអ៊ូរទាំ​ពី​អ្នក​ចិញ្ចឹម​លក្ខណៈ​គ្រួសារ​ទេ ព្រោះតែ​ពួក​គាត់​បោះបង់​ការ​ចិញ្ចឹម​ហើយ ។ ដូចនេះ ទោះបីជា​ជ្រូក​ធ្លាក់​ថ្លៃ​កម្រិត​ណា ក៏​ពួក​គាត់​មិន​ខ្វល់​ដែរ គឺ​រង់ចាំ​ទិញ​ជ្រូក​ពី​ក្រៅ​មក​ស្រាប់ » ។

លោក​បន្ថែម​ថា ការ​ចិញ្ចឹម​ជ្រូក​សម្រាប់​ផ្គត់ផ្គង់ វា​មិន​ពិបាក​ទេ បើសិនជា​តម្លៃ​សម​ស្រប​នឹង​ការ​ចំណាយ​ថ្លៃដើម ព្រោះ​ជ្រូក​កូន​ម្ដង​ៗ​មិនមែន​១​ក្បាល​ដូច​គោ​ទេ វា​កូន​ម្ដង​ជាង​១០​ក្បាល​ឯណោះ ។ សព្វ​ថ្ងៃនេះ គ្រាន់តែ​ការ​ចំណាយ​ថ្លៃដើម​ចិញ្ចឹម​ជ្រូក​អស់​៨​ពាន់​រៀល​ទៅ​ហើយ​ក្នុង​១​គីឡូក្រាម ប៉ុន្តែ​លក់​វិញ​បាន​ប្រមាណ​តែ​៦​ពាន់​រៀល​ប៉ុណ្ណោះ​ក្នុង​១​គីឡូក្រាម អីចឹង​ហើយ រឿង​អី​ពលរដ្ឋ​នៅ​ទ្រាំ​បន្ត​ចិញ្ចឹម​នាំ​ឲ្យ​ខាតបង់​ទៀត​នោះ ។ រាល់​ថ្ងៃនេះ មាន​តែ​ក្រុមហ៊ុន​ធំ​ៗ​ប៉ុណ្ណោះ​ដែល​នៅ​បន្ត​ចិញ្ចឹម​ជ្រូក​ទៀត ដូច​ជា​ក្រុមហ៊ុន​ម៉ុង ឫ​ទ្ធី និង​ក្រុមហ៊ុន​ស៊ី​ភី ជាដើម ។

លោក​បន្ថែម​ទៀត​ថា បច្ចុប្បន្ន តម្រូវការ​ជ្រូក​ក្នុង​ប្រទេស​កម្ពុជា​ទាំងមូល​មាន​ប្រមាណ​ពី​៦​ទៅ​៧​ពាន់​ក្បាល​ក្នុង​១​ថ្ងៃ ក្នុង​នោះ​គ្រាន់តែ​ការ​នាំ​ចូល​ពី​ក្រៅ​មាន​ប្រមាណ​៦០% ទៅ​៧០%​ទៅ​ហើយ ។ ដូចនេះ ជ្រូក​ក្នុងស្រុក​ផ្គត់ផ្គង់​បាន​ប្រមាណ​តែ​៤០%​ប៉ុណ្ណោះ ។

លោក ឡា​វី​ល បាន​សំណូមពរ​ដល់​រាជរដ្ឋាភិបាល និង​ឈ្មួញ​នានា សូម​ត្រួតពិនិត្យ​ឲ្យ​ហ្មត់ចត់​មុន​នឹង​នាំ​ជ្រូក​ចូល​មក ដើម្បី​ឲ្យ​ខ្មែរ​មានជីវិតរ​ស់បាន​យូរ​បន្តិច ។ បើ​មិន​ដូចនេះ​ទេ ពលរដ្ឋ​ខ្មែរ​នឹង​មាន​អាយុ​កាន់តែ​ខ្លី ដោយសារ​តែ​ការ​ហូប​ចុក​ជាក់​ជា​មិន​ខាន ។ ទោះជា​យ៉ាងណា ក្នុង​ស្ថានភាព​នេះ កម្ពុជា​មិន​អាច​បិទ​ការ​នាំ​ចូល​ទាំងស្រុង​ទេ គ្រាន់តែ​ចង់​ឲ្យ​នាំ​ចូល​របស់​ល្អ​ៗ​បន្តិច ។

លោក ស្រ៊ុ​ន ពៅ ប្រធាន​សមាគម​អ្នក​ចិញ្ចឹម​ជ្រូក​កម្ពុជា បានឱ្យ​ដឹង​ថា បើ​ជ្រូក​នាំ​ចូល​ត្រឹមត្រូវ និង​មានការ​ត្រួតពិនិត្យ​ពី​មន្ត្រី​ជំនាញ​នោះ មិន​មាន​កង្វល់​ប៉ុន្មាន​ទេ ខ្លាច​តែ​ជ្រូក​ដែល​នាំ​ចូល​ដោយ​ខុសច្បាប់​ពី​សំណាក់​ឈ្មួញ​ខិលខូច​មួយ​ចំនួន ដែល​នាំ​ជំងឺ​ផ្សេង​ៗ​មក​ចម្លង​ដល់​ជ្រូក​ក្នុងស្រុក ជា​ពិសេស​វា​អាច​នឹង​ឆ្លង​មក​មនុស្ស​ទៀត​ផង ។

លោក​បន្ត​ថា ៖ « ខ្ញុំ​ធ្លាប់​សំណូមពរ​ដល់​រាជរដ្ឋាភិបាល និង​ក្រសួង​ពាក់ព័ន្ធ​ជា​លើក​ច្រើន​សា​ហើយ តែ​មិនដឹង​ថា​ការ​សំណូមពរ​របស់ខ្ញុំ​តាម​បណ្ដាញ​ផ្សព្វផ្សាយ​នោះ អាច​ជ្រាប​ដល់​ថ្នាក់ដឹកនាំ​ដែរ​ឬ​អត់​នោះ​ទេ ។ លោក​ថា ៖ « ពេល​នេះ​ពលរដ្ឋ​ដែល​ចិញ្ចឹម​ជ្រូក​លក្ខណៈ​គ្រួ​សារបាន​បោះបង់​ចោលការ​ចិញ្ចឹម​ហើយ ព្រោះតែ​ពេល​ចិញ្ចឹម​ត្រូវ​ចំណាយ​ថ្លៃដើម​ច្រើន តែ​ពេល​ដែល​បាន​ផល បែរជា​ច្រើន​ធ្លាក់​ថ្លៃ និង​មាន​តម្លៃ​ទាប​ទៅ​វិញ » ។

រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម លោក ម៉ៅ ថូ​រ៉ា បានឱ្យ​ដឹង​ថា ដើម្បី​ឱ្យ​ពលរដ្ឋ​ងាក​មក​ប្រើ​របស់​ដែល​ផលិត​ក្នុងស្រុក មិន​ថា សាច់ បន្លែ ផ្លែ​ឈើ កម្ពុជា​ត្រូវការ​ផ្សព្វផ្សាយ​ឱ្យ​បាន​ច្រើន​ពី​សុវត្ថិភាព និង​គុណភាព​ចំណីអាហារ​ដែល​បាន​នាំ​ចូល ។

លោក​សង្កត់ធ្ងន់​ថា ៖ « កាំកុងត្រូល​កម្ពុជា​ត្រូវ​ខិតខំ​បន្ថែម​ទៀត​ដើម្បី​ត្រួតពិនិត្យ​ពី​ទំនិញ ជា​ពិសេស​ចំណីអាហារ មុន​នឹង​ត្រូវ​អនុញ្ញាត​ឲ្យ​នាំ​ចូល និង​បន្ត​ត្រួតពិនិត្យ​នៅ​តាម​ផ្សារ​នានា​ដើម្បី​មើល​ទំនិញ​ដែល​ដាក់​គីមី​ខ្ពស់​ហួស​កម្រិត »៕