ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ជឹ​ង ធាន​សេង រស់នៅ​ភ្នំពេញ ត្រូវ​ជាប់​ចោទ​​រំ​លោ​.​ភយ​ក​ដី​ជនជាតិ​ព្នង​២៥៥​ហិ​កតា​(​វី​ដេ​អូ​)

1 ឆ្នាំ មុន
  • មណ្ឌលគិរី

អ្នក​ភូមិ​ជនជាតិ​ដើម​ភាគតិច​ប្រមាណ​ជិត​១០០​នាក់ បាន​នាំ​គ្នា​ប្រមូលផ្តុំ​មុខ​សាលាឃុំ​សែន​មនោ​រម្យ ស្រុក​អូរ​រាំង ដោយ​ពួក​គាត់​អះអាង​ថា

ខេត្តមណ្ឌលគិរី ៖ អ្នក​ភូមិ​ជនជាតិ​ដើម​ភាគតិច​ប្រមាណ​ជិត​១០០​នាក់ បាន​នាំ​គ្នា​ប្រមូលផ្តុំ​មុខ​សាលាឃុំ​សែន​មនោ​រម្យ ស្រុក​អូរ​រាំង ដោយ​ពួក​គាត់​អះអាង​ថា បាន​រង​គ្រោះ​ដោយសារ​អ្នកមាន​អំណាច មាន​ប្រាក់​ម្នាក់ នៅ​ឯ​រាជធានី​ភ្នំពេញ ទន្ទ្រាន​យក​ដី​អាស្រ័យ​ផល​របស់​ពួក​គាត់​រាប់រយ​ហិ​កតា នៅ​ភូមិ​ពូ​រាំង​។

បើ​តាម​ស្ត្រី​តំណាង​អ្នក​ភូមិ​ម្នាក់ បាន​និយាយ​ប្រាប់​កោះសន្តិភាព​នា​ព្រឹក​ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០២២ នេះ​ថា ប្រជាពលរដ្ឋ​ជនជាតិ​ដើម​ភាគតិច​ព្នង​មួយ​ភូមិ គឺ​ភូមិ​ពូ​រ៉ាង ជិត​ពីរ​រយ​គ្រួសារ នា​ព្រឹក​ថ្ងៃ​ទី​២៦ ខែតុលា​នេះ បាន​លើកគ្នា​ធ្វើការ​តវ៉ា​នៅ​មុខ​សាលាឃុំ​សែន​មនោ​រម្យ ព្រោះ​អាជ្ញាធរ​បាន​ឃុបឃិត​គ្នា​លួច​លក់​ដីចំការ​របស់​ពួក​គាត់​ទំហំ​២៥៥​ហិ​កតា ទៅ​ឲ្យ​ឈ្មោះ ជឹ​ង ធាន​សេង រស់នៅ​ភ្នំពេញ​។

អំឡុង​ផ្ទុះ​ការ​តវ៉ា​នោះ បងប្អូន​ជនជាតិភាគតិច​ព្នង បាន​ថ្លែង​ថា អាជ្ញាធរ​បាន​លួច​លក់​ដីចំការ​របស់​ពួក​ខ្ញុំ ។ កន្លង​ទៅ គេ​បាន​ចុះ​មក​ចុច​និយាម​កា គេ​ថា​មិន​អី​ទេ បន្ទាប់​មក​គេ​យក​បង្គោល​របង​មក​ដាក់​ទៀត គេ​ថា​មិន​អី​ដែរ​។ ស្រាប់តែ​ពេល​នេះ គេ​បែរជា​មក​បិទ​ប្រកាស​តែ​ម្ដង ដែល​ធ្វើ​ឲ្យ​ពួក​គាត់​មិន​សុខចិត្ត ហើយ​ទាមទារ​ឲ្យ​រក្សា​ទំហំ​ដី​នេះ ជា​ប្រយោជន៍​អ្នក​ភូមិ ។ ចំពោះ​ករណី​នេះ ពួក​គាត់​បាន​ស្វះ​ស្វែងរក​កិច្ច​អន្តរាគមន៍​ពី​អាជ្ញាធរ មាន​ថ្នាក់​ស្រុក និង​ថ្នាក់​ខេត្ត​ដែរ ប៉ុន្តែ​គ្មាន​លទ្ធផល​អ្វី​ឡើយ​។

ជុំវិញ​ករណី​ខាងលើ​នេះ លោកស្រី ថ្វា​ន់ ត្រែ​ល មេឃុំ​សែន​មនោ​រម្យ បាន​ទទួលស្គាល់​ថា ទីតាំង​ដី​ខាងលើ ពិតជា​ចំការ​ដែល​ពួក​គាត់​អាស្រ័យ​ផល​រាប់​តំណរ​មក​ហើយ​មែន​។ លោកស្រី​មេឃុំ​បន្ត​ថា គាត់​មិន​បានដឹង​គេ​ចុះ​មក​វាស់វែង ឬ​ចុច​និយាម​កា លើ​ផ្ទៃដី​ទាំងនោះ​ទេ ។

ទោះជា​យ៉ាងណា សកម្មភាព​ផ្ទុះ​ការ​តវ៉ា​នេះ កោះសន្តិភាព​មិន​ទាន់​អាច​សុំ​ការ​បំភ្លឺ​ពី​អាជ្ញាធរ​ខេត្តមណ្ឌលគិរី និង​ឈ្មោះ ជឹ​ង ធាន​សេង ទេ នា​រសៀល​ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០២២​នេះ​។

ព័ត៌មាន​ពិស្តារ​នឹង​មាន​ផ្សាយ​ជូន​បន្ត​ទៀត នៅ​លើ​កាសែត​កោះសន្តិភាព​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ