ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាំ​គ្នា​មក​ចាក់​ប្រហារ​ដល់​បន្ទប់ ព្រោះតែ​ស្នេហា​ត្រីកោណ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​០៦ មេ​សា ២០១៧​នេះ នៅ​ខណ្ឌ​ច្បារ​អំពៅ មាន​ករណី​ចាក់​ប្រហារ បណ្ដាល​ឲ្យ​បុរស​ម្នាក់ រង​របួសធ្ងន់ គឺជា​ករណី​ស្នេហា​ត្រីកោណ

រាជធានី​ភ្នំពេញ ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​០៦ មេ​សា ២០១៧​នេះ នៅ​ខណ្ឌ​ច្បារ​អំពៅ មាន​ករណី​ចាក់​ប្រហារ បណ្ដាល​ឲ្យ​បុរស​ម្នាក់ រង​របួសធ្ងន់ គឺជា​ករណី​ស្នេហា​ត្រីកោណ ជនសង្ស័យ​ម្នាក់​ក្នុង​ចំណោម​បក្ខពួក​២​នាក់ ត្រូវ​បាន​ចាប់​ឃាត់ខ្លួន​ហើយ ។ ជនសង្ស័យ​រូប​នោះ​មានឈ្មោះ ដា​រ៉ូ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​ជួល​ក្បែរ​ផ្សារ​ចាស់ ស្ថិត​ក្នុង​សង្កាត់​វត្ត​ភ្នំ ខណ្ឌដូនពេញ​។ រូបគេ​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន នា​វេលា​រសៀល​ថ្ងៃ​ទី​០៦ ខែមេសា ឆ្នាំ​២០១៧​នេះ នៅ​ចំណុច​ទីតាំង​ស្នាក់​នៅ ក្រោយ​ចាក់​ប្រហារ​បុរស​សង្សារ​ថ្មី​របស់​អតីត​ប្រពន្ធ​ឲ្យ​រង​របួស​។

សូម​បញ្ជាក់​ថា ក្នុង​អំពើ​ចាក់​ប្រហារ​នេះ បង្ក​ឡើយ​ដោយ​ជន​២​នាក់ ទី​១.​ឈ្មោះ ដា​រ៉ូ ខាងលើ (​អតីត​ប្តី​ប្រពន្ធ​ជន​រង​គ្រោះ​) និង​ម្នាក់​ទៀត​ឈ្មោះ  រតនា អាយុ​២៧​ឆ្នាំ (​រត់គេច​ខ្លួន​)​។  លោក ម៉ៅ សឿ​ត អធិការរង​នគរបាល​ខណ្ឌ​ច្បារ​អំពៅ ទទួល​ជំនាញ​ព្រហ្មទណ្ឌ បាន​ឲ្យ​ដឹង​ថា ករណី​ខាងលើ​ផ្តើម​ចេញពី​ករណី​ស្នេហា​ត្រីកោណ ដោយ​ពី​ដំបូង​ជន​បង្ក​ឈ្មោះ ដា​រ៉ូ ជា​អតីត​ប្តី​របស់​នារី​ជា​ប្រពន្ធ​ជន​រង​គ្រោះ ធ្លាប់​រួមរស់​នៅ​ជាមួយ​គ្នា​ច្រើន​ឆ្នាំ​កន្លង​មក​។

លុះ​ប៉ុន្មាន​ខែ​ចុង​ក្រោយ នារី​ខាងលើ បាន​បែកចិត្ត​ទៅ​រស់នៅ​ជាមួយ​បុរស​រង​គ្រោះ បង្ក​ឲ្យ​អតីត​បុរស​ជា​ប្តី រង​ការ​ខូចចិត្ត​រហូត​ខឹងសម្បារ​កើត​ចិត្ត​ស្អប់ ឈាន​ដល់​ការ​រៀបចំ​គម្រោង​តាមដាន​រហូត​ស្គាល់​កន្លែង​ស្នាក់​នៅ រួច​ក៏​ចូល​ទៅ​ចាក់​ប្រហារ​ដល់​ក្នុង​បន្ទប់​តែ​ម្តង​។ នារី​ជា​អតីត​ប្រពន្ធ​ជន​បង្ក និង​ជា​សង្សារ​ជន​រង​គ្រោះ​បច្ចុប្បន្ន​មានឈ្មោះ ឃុំ ស្រី​ល័​ក្ខ អាយុ​២៦​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ​។ ដោយឡែក​បុរស​ជា​សង្សារ​បច្ចុប្បន្ន​មានឈ្មោះ សក្តិ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ​។

គួរ​រំលឹក​ថា កាលពី​វេលា​ម៉ោង​៩ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី ០៦ ខែមេសា ឆ្នាំ​២០១៧ មាន​ករណី​ចាក់​ប្រហារ​មួយ​បង្ក​ឡើង​ដោយ​ជនសង្ស័យ​២​នាក់ ប្រើ​កាំបិត​ចុង​ស្រួច​មួយ​ដើម​ចាក់​ទៅ​លើ​បុរស​ម្នាក់​បណ្តាល ឲ្យ​រង​របួស​ហូរ​ឈាម​សព្វ​ប្រាណ នៅ​ចំណុច​បន្ទប់​ផ្ទះ​ជួល​គ្មាន​លេខ ចំណុច​ភូមិ​តា​ង៉ូ​វ ស្ថិត​ក្នុង​សង្កាត់​និរោធ ខណ្ឌ​ច្បា​អំពៅ ។ សូម​បញ្ជាក់​ថា ជនសង្ស័យ​បង្កហេតុ​ទាំង​២ និង​ជន​រង​គ្រោះ ជា​មិត្តភក្តិ​នឹង​គ្នា​បច្ចុប្បន្ន​។ ពេល​នេះ ជនសង្ស័យ​ឈ្មោះ រតនា កំពុង​រត់គេច​ខ្លួន​។

តាម​ការ​រៀបរាប់​របស់​នារី​ជា​ប្រពន្ធ ដែល​មានឈ្មោះ ឃុំ ស្រី​ល័​ក្ខ អាយុ​២៦​ឆ្នាំ បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ខ្លួន និង​បុរស​ជា​សង្សារ បាន​សម្រាក​នៅផ្ទះ​ធម្មតា លុះ​វេលា​ខាងលើ ស្រាប់តែ​មាន​មនុស្ស​មក​គោះ​ទ្វារ​បន្ទប់ ហើយ​ខ្លួន ក៏​ដើរ​ចេញ​មក​បើក ស្រាប់តែ​ឃើញ បុរស​២​នាក់​ដែល​នាង​ស្គាល់​ថា ជា​មិត្តភក្តិ​របស់​ប្តី​ខ្លួន បាន​សម្រុកចូល​មក​វាយ និង​ប្រើ​កូនកាំបិត​ចាក់​ប្រហារ​ទៅ​លើ​បុរស​ជា​ប្តី យ៉ាង​សាហាវ អាច​ថា​ប៉ុនប៉ង​សម្លាប់​។

ឃើញ​ដូចនេះ នារី​ជា​ប្រពន្ធ​ក៏​ស្ទុះ​ទៅ​ជួយ​ប្តី តែ​ត្រូវ​ជនសង្ស័យ​ទាំង​២​នាក់​វាយ​ជា​ច្រើន​ដៃ បណ្តាល​ឲ្យ​ដួល ហើយ​នាង​ព្យាយាម​រត់​ចេញ​មក​ក្រៅ​ស្រែក​ឲ្យ​គេឯង​ជួយ ។ ក្រោយ​ពី​នារី​ជា​ប្រពន្ធ​ព្យាយាម​ស្រែក​រក​អន្តរាគមន៍​ពី​អ្នក​ជិតខាង​រួច​មក ជនសង្ស័យ​ទាំង​២​នាក់​នោះ រត់​ចេញពី​បន្ទប់​ហើយ​រត់គេច​ខ្លួន​បាត់​ស្រមោល ។ បន្ទាប់​ពី​កើតហេតុ កម្លាំង​អាជ្ញាធរ​បាន​ចុះ​អន្តរាគមន៍ និង​ជួយ​ទំនាក់ទំនង​ទៅ​កាន់​រថយន្ត​សា​មុ​យ នៃ​មន្ទីរពេទ្យ​បង្អែក​មាន​ជ័យ ឲ្យ​មក​ទទួលយក​ទៅ​សង្គ្រោះ​ភ្លាម​ៗ៕