ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ចាញ់បោក​ជនខិលខូច ត្រូវ​បាន​មន្ត្រី​ប៉ូលិស​ប្រាប់​ថា មក​ពី​មូលហេតុ​5​យ៉ាង

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កន្លង​មក មាន​អ្នក​រង​គ្រោះ​ដោយ​ការ​ចាញ់បោក​ជនខិលខូច ខ្លះ​អស់​ម៉ូតូ និង​ខ្លះ​បាត់បង់​ទាំង​រថយន្ត​ជា​បន្តបន្ទាប់​ហើយ​តែងតែ​ទៅ​ដាក់​ពាក្យបណ្ដឹង

រាជធានី​ភ្នំពេញ ៖ កន្លង​មក មាន​អ្នក​រង​គ្រោះ​ដោយ​ការ​ចាញ់បោក​ជនខិលខូច ខ្លះ​អស់​ម៉ូតូ និង​ខ្លះ​បាត់បង់​ទាំង​រថយន្ត​ជា​បន្តបន្ទាប់​ហើយ​តែងតែ​ទៅ​ដាក់​ពាក្យបណ្ដឹង និង​ស្វែងរកការ​អន្តរាគមន៍​ពី​សមត្ថកិច្ច ជា​ពិសេស​ការ​បោកយក​ម៉ូតូ​និង​រថយន្ត​ដែល​បាន​កើតឡើង​ញឹកញាប់​ជាងគេ​។

តើ​ការ​ចាញ់បោក​ជនខិលខូច​បណ្ដាល​មក​ពី​មូលហេតុ​អ្វី? ហើយ​ហេតុ​អ្វី​ទើប​មាន​អ្នក​ចាញ់បោក​គេ? កោះសន្តិភាព​បាន​ស្វែងរក​នូវ​ចម្លើយ​ចំពោះ​សំណួរ​ខាងលើ តាម​រយៈ​ការ​សាកសួរ​ទៅ​មន្ត្រី​នគរបាល​នានា ដែល​មានបទពិសោធន៍ និង​ទទួល​ពាក្យបណ្ដឹង​ពី​ការ​ឆបោក​នោះ ដើម្បី​ចង់​ដឹង​ពី​បញ្ហា​និង​មូលហេតុ​ទាំងនោះ ក្នុង​គោលបំណង​ជួយ​ផ្ដល់​ជា​គំនិត​សម្រាប់​ចែក​ជូន​ដល់​អ្នក​អាន​សារព័ត៌មាន​កោះសន្តិភាព​បានដឹង និង​ឈ្វេងយល់​លែង​ចាញ់បោក​ជនខិលខូច​តទៅ​ទៀត​។

មន្ត្រី​នគរបាល​មួយ​រូប​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ប្រាប់​ឲ្យ​កោះសន្តិភាព​ថា លោក​គឺជា​មន្ត្រី​នគរបាល​ដែល​ធ្លាប់​ជួប​បញ្ហា​ខាងលើ​ច្រើន គឺ​បាន​ន័យ​ថា ទទួល​ពាក្យបណ្ដឹង​ជន​រង​គ្រោះ​ដោយ​ការ​ចាញ់បោក​គេ​អស់​ម៉ូតូ អស់​រថយន្ត​ជា​ច្រើន​មក​ហើយ ។ រឿងរ៉ាវ​ដែល​បាន​កើត​ឡើងជា​បន្តបន្ទាប់​មកនេះ​ឃើញ​ថា ទាំង​ជនខិលខូច​និង​ជន​រង​គ្រោះ មិន​ថា​វ័យក្មេង​ឬ​ចាស់​នោះ​ទេ​សុទ្ធតែ​ធ្លាប់​ចាញ់បោក​គេ ។ តាម​ការ​សង្កេត​ពួក​គេ​គឺជា​មនុស្ស​រាប់អាន​គ្នា ជា​មិត្តភក្ដិ ជា​បង​ប្អូនធម៌ និង​ខ្លះ​ទៀត​រហូត​ដល់​ជា​ឪពុក​ម្ដាយធម៌​និង កូនធម៌​និង​គ្នា ថែម​ទៀត​ផង​។ ប៉ុន្តែ​ក៏​មាន​មួយ​ចំនួន​ទៀត​មិន​ដែល​ធ្លាប់​ស្គាល់គ្នា​ទាល់តែ​សោះ ក៏​ត្រូវ​គេ​បោក​បាន​ដែរ ។ ជាក់ស្ដែង​អ្នក ដែល​ចាញ់បោក​គេ​នោះ ភាគច្រើន​ជា​អ្នក​រត់​ម៉ូតូឌុប​តែ​ម្ដង ចំណែក​អ្នក​បោក​នោះ​វិញ ពិតជា​ពូកែ​និយាយ​និង​រក​នឹក​ល្បិច​បោក​ខ្លាំង​ណាស់​។

មន្ត្រី​នគរបាល​ដដែល​បន្ត​ថា តាម​ដែល​លោក​យល់​ឃើញ មូលហេតុ​ដែល​នាំ​ឲ្យ​ចាញ់បោក​ខាងលើ​មាន​៥​យ៉ាង​ក្នុង​នោះ​មាន ៖
ទី​១-​បណ្ដាល​មក​ពី​ការ​រ​ឆាប់​ជឿ​ទុកចិត្ត​គេ​ខ្លាំង​ពេក
ទី​២-​គ្មាន​ការ​សង្ស័យ​ទៅ​លើ​អ្នក​ខ្ចី
ទី​៣-​ជា​មនុស្ស​ស្គាល់គ្នា ស្គាល់​មុខមាត់ ប៉ុន្តែ​មិន​ស្គាល់ចិត្ត និង​ប្រវត្តិ​ជនខិលខូច
ទី​៤-​គេ​ខ្ចី​ភ្លាម​ឲ្យ​ភ្លែត គ្មាន​ការ​ពិចារណា​សិន និង
ទី​៥-​ចាញ់​ពាក្យលួងលោម​ជន​ទាំងនោះ​។

ចំណុច​ទាំង​៥​យ៉ាង​ខាងលើ​នេះ គ្រាន់តែ​ជា​បទ​ពិសោធន៍ និង​ការ​យល់​ឃើញ​របស់​លោក​ដែល​បាន​សាកសួរ​ជន​រង​គ្រោះ​ពេល​ទៅ​ដាក់​ពាក្យបណ្ដឹង ក្រោយ​ចាញ់បោក​គេ​តែ​ប៉ុណ្ណោះ ពុំ​ដឹង​ថា​ត្រូវ​ឬ​ខុស​នោះ​ឡើយ តែ​ជា​មូលហេតុ​ដែល​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​គួរតែ​ស្វែង​យល់​ផង​ដែរ​។
មន្ត្រី​នគរបាល​ដដែល​បន្ត​ទៀត​ថា តាម​ដឹង​សកម្មភាព​ឆបោក​កន្លង​មក មាន​២​ករណី​ផ្សេង​គ្នា​ថែម​ទៀត​គឺ ៖

ទី​១-​កើតឡើង​ទៅ​លើ​មនុស្ស​ស្គាល់គ្នា រាប់អាន​គ្នា ខ្លះ​ជា​មិត្តភក្ដិ​នឹង​គ្នា ខ្លះ​ជា​បង​ប្អូនធម៌ នឹង​គ្នា ចំណែកឯ​អ្នកខ្លះ​ទៀត​រាប់អាន​គ្នា​ជ្រាលជ្រៅ​រហូត ដល់​យក​គ្នា​ធ្វើ​ជា​ឪពុក​ម្ដាយធម៌ និង​កូនធម៌​ថែម​ទៀត​ផង ។ នៅ​ពេល​មាន​សកម្មភាព​ឆបោក​កើតឡើង រវាង​អ្នក​ស្គាល់គ្នា​ដូច​ខាងលើ​នោះ គេ​ហៅ​ថា​បទល្មើស «​រំលោភ លើ​ទំនុកចិត្ត​» ហើយ​បទល្មើស​មួយ​នេះ​តែង​កើតឡើង​ញឹកញាប់​ខ្លាំង​ណាស់ ដែល​ងាយ​បោក និង​ងាយ​ចាញ់បោក​ខ្លាំង​ណាស់ ព្រោះ​ជា​មនុស្ស​ស្គាល់គ្នា ។

ទី​២-​កើតឡើង​ទៅ​លើ​មនុស្ស​អត់​ដែល​ស្គាល់គ្នា​ទាល់តែ​សោះ ប៉ុន្តែ​នៅ​តែ​អាច​ចាញ់បោក​ទៅ​កើត​ដែរ ហើយ​ករណី​មួយ​នេះ​គឺ​ធ្លាក់​ទៅលើ​អ្នក​រត់​ម៉ូតូឌុប ដែល​បាន​ឌុ​ប​ម៉ូយ​ប៉ះ​ចំ​ជនខិលខូច​ហៅ​ម៉ូតូ​ជិះ​ទៅ​កាន់​ចំណុច​ណាមួយ ដែល​មានផ្ទះ​បិទទ្វារ​ចាក់សោ ហើយ​ពេល​ទៅ​ដល់​ជន​នោះ​ធ្វើ​ជា​និយាយ​ថា ស្រេច​បាត់​ប្រពន្ធ​ខ្ញុំ​នៅ​ផ្សារ អត់​សោ​ចូល​ផ្ទះ ។ បន្ទាប់​មក ខ្ចី​ម៉ូតូ​ជិះ​ដោយ​ប្រាប់​ថា​ទៅ​ហៅ​ប្រពន្ធ​ដើម្បី​ចាក់សោ​យក​លុយ​ឲ្យ​ថ្លៃ​ម៉ូតូឌុប ហើយដោយ​ម្ចាស់​ម៉ូតូ​ជឿ​ទុកចិត្ត​គ្មាន​ការ​ពិចារណា​នោះ ក៏​ឲ្យ​ខ្ចី​ភ្លាម​ហើយ​ក៏​ត្រូវ​ជន​នោះ​យក​ម៉ូតូ​ទៅ​បាត់​ស្រមោល ដែល​ករណី​បែប​នេះ​តែង​កើតឡើង​ដដែល​ៗ​ច្រើន​រាប់​មិន​អស់​មក​ហើយ​។

ប្រភព​ដដែល​បន្ត​ថា សកម្មភាព​ឆបោក​ថ្មី​ចុង​ក្រោយ​ដែល​ធ្វើ​ឲ្យ​មានការ​ចាប់អារម្មណ៍​នោះ​មាន​២​ករណី​នៅ​សង្កាត់​ចោម​ចៅ​គឺ ៖
ទី​១-​នាង​កម្មការិនី​ម្នាក់​មាន​ផ្ទៃពោះ​ជាង​៨​ខែ រងកម្ម​វ័ណ្ឌក ព្រោះ​ប្ដី​ជា​ជន​ឆបោក​ម៉ូតូ​អ្នក​ជិតខាង​យក​ទៅ​ដាក់បញ្ចាំ​ក្នុង​តម្លៃ​៨០​ដុល្លារ​។ លុះ​ប្រពន្ធ​ឲ្យ​លុយ​យក​ទៅ​លោះ​ម៉ូតូ​មក​វិញ ប្ដី​កំហូច​មិន​ត្រឹមតែ​មិន​យក​ទៅ​លោះ​ប៉ុណ្ណោះ​ទេ បែរជា​យក​លុយ​ទៅ​ចាយ​អស់​បាត់​ទៀត ។ ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​ល្ងាច​ថ្ងៃ​ទី​២៦ ខែមីនា ឆ្នាំ​២០១៧ នៅផ្ទះ​ជួល ស្ថិត​ក្នុងភូមិ​ត្រពាំង​ពោធិ៍ ។

ស្ត្រី​ដែល​កំពុង​រងកម្ម​និង​វ័ណ្ឌក​ព្រោះតែ​ប្ដី​ខិលខូច​នោះ ឈ្មោះ កេង សុភាព អាយុ​២៦​ឆ្នាំ នាង​មានស្រុក​កំណើត​នៅ​ភូមិ​តុំ សង្កាត់​រកា​ក្រៅ ក្រុង​ដូន​កែវ ខេត្តតាកែវ​។ ចំណែក​ប្ដី​ឈ្មោះ អ៊ី ទ្រេះ​សូ​រី ជា​ខ្មែរ​អ៊ិ​ស្លា​ម អាយុ​៣១​ឆ្នាំ ជា​កម្មករ​រោងចក្រ​កាត់ដេរ​ដូច​គ្នា និង​មានស្រុក​កំណើត​នៅ​ភូមិ​អូរ​ប្រាំ ឃុំ​ស្ទឹង​ត្រង់ ស្រុក​ស្ទឹង​ត្រង់ ខេត្ត
កំពង់ចាម ។

ពួក​គេ​ស្នាក់​នៅផ្ទះ​ជួល ក្នុងភូមិ​ត្រពាំង​ពោធិ៍ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន ជ័យ ។ ឯ​ម៉ូតូ​១​គ្រឿង​ដែល​បុរស​នោះ​បោក​យក​ទៅ​បញ្ចាំ ម៉ាកហុងដា​គុប ចង្កៀង​មូល ពណ៌​ទឹកប្រាក់ ពាក់​ផ្លា​ក​លេខ ភ្នំពេញ ១BN-៩៦៤៣ ជា​កម្មសិទ្ធិ​របស់​ស្ត្រី​ឈ្មោះ​ជុំ ម៉ាច អាយុ​២៩​ឆ្នាំ ជា​កម្មការិនី​រោងចក្រ​កាត់ដេរ​ដែរ ស្នាក់​នៅ​ផ្ទួះ​ជួល​ក្នុងភូមិ​ជាមួយ​គ្នា និង​មានស្រុក​កំណើត នៅ ឃុំ​វាល​ពន់ ស្រុក​ថ្ពង ខេត្តកំពង់ស្ពឺ​។ ចំណែក​ជន​ម្នាក់​ទៀត​ដែល​ឈ្មោះ អ៊ី ទ្រេះ​សូ​រី ប្រាប់​ប្រពន្ធ​ថា បាន​ខ្ចី​ម៉ូតូ​ជិះ​បន្ត​យក​ទៅ​បញ្ចាំ​នោះ ឈ្មោះ អឿ​ន វាសនា ហៅ​ម៉ៅ អាយុ​៣២​ឆ្នាំ មុខរបរ​បញ្ចូល​បទ​ភ្លេង​ទូរស័ព្ទ មានស្រុក​កំណើត​នៅ​ឃុំ​រកា​កោង​ទី​១ ស្រុក​មុខកំពូល ខេត្តកណ្ដាល​។

ទី​២-​កូនធម៌​បោក​ឪពុកធម៌​យក​រថយន្ត​១​គ្រឿង ទៅ​ដាក់បញ្ចាំ​ក្នុង​តម្លៃ​២.៥០០​ដុល្លារ បន្ទាប់​មក​យក​លុយ​ដើរ​លេង​ស៊ីចាយ និង​គេចខ្លួន​បាន​រយៈពេល​ជិត​១០​ថ្ងៃ ក៏​ត្រូវ​ឪពុកធម៌​និង​ក្រុម​គ្រួសារ​តាម​រក​ឃើញ កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៣ ខែមេសា នៅ​ចំណុច​រង្វង់​មូល​ថ្នល់បំបែក​ចោម​ចៅ ស្ថិត​ក្នុងភូមិ​ព្រៃ​ជី​សាក់ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ទើប​ឃាត់ខ្លួន​ប្រគល់​ឲ្យ​នគរបាល​ប៉ុស្ដិ៍​ចោម​ចៅ​សាកសួរ​និង​ចាត់ការ​តាម​ច្បាប់ ។

ជនសង្ស័យ​រូប​នេះ​ឈ្មោះ ខុ​ម បូ​ណា អាយុ​២៦​ឆ្នាំ មុខរបរ​លក់​គ្រឿងសង្ហារិម ស្នាក់​នៅផ្ទះ​ជួល​ក្នុងភូមិ​ក្បាលដំរី សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​មានស្រុក​កំណើត​នៅ​ភូមិ ត្រពាំង​គ្រញូង ឃុំ​ត្រពាំង​គ្រញូង ស្រុក​ត្រាំកក់ ខេត្តតាកែវ ត្រូវជា​កូនធម៌ ។ ចំណែក​បុរស​ជា​ឪពុកធម៌​ឈ្មោះ អ៊ឹម វ៉ា​ត អាយុ​៥៧​ឆ្នាំ មុខរបរ​អ្នក​រត់​តាក់ស៊ី ស្នាក់​នៅ​ក្នុងភូមិ​ថ្មគោល សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ គាត់​ត្រូវ​កូនធម៌ បោក​យក​រថយន្ត​១​គ្រឿង​ម៉ាក​កាម​រី​ឆ្លាម ស៊េរី​ឆ្នាំ​១៩៩៧ ពាក់​ស្លាក​លេខ​ភ្នំពេញ ២H-៣៨៦១ យក​ទៅ​បញ្ចាំ ៕