ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​ឃាត់ខ្លួន​អ្នកលេង​ល្បែង​បញ្ជល់មាន់​5​នាក់

6 ឆ្នាំ មុន

ខេត្តព្រៃវែង ៖ ក្រុម​អ្នកលេង​ល្បែង​ជល់​មាន់​ចំនួន​៥​នាក់​រួម​ទាំង​មាន់​ជល់​ចំនួន​២​ក្បាល

ខេត្តព្រៃវែង ៖ ក្រុម​អ្នកលេង​ល្បែង​ជល់​មាន់​ចំនួន​៥​នាក់​រួម​ទាំង​មាន់​ជល់​ចំនួន​២​ក្បាល និង​ម៉ូតូ​ចំនួន​៣​គ្រឿង​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​រដ្ឋបាល​ឃុំ​ព្រែ​ខ្សាយ ស្រុក​ពាមរ​ក៌ ចូល​ទៅ​ព័ទ្ធ​ចាប់​បាន​ខណៈ​ពេល​ដែល​ពួក​គេ​កំពុង​ជុំ​គ្នា​លេង​ជល់​មាន់ ។

ការ​ព័ទ្ធ​ចាប់​ក្រុម​អ្នក​ជល់​មាន់​ទាំងនេះ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១២​និង​១០​នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី​៥ ខែមេសា ឆ្នាំ​២០១៧ នៅ​លើ​ផ្លូវលំ​១​កន្លែង​ក្នុងភូមិ​២ ឃុំ​ព្រែក​ខ្សាយ​(​ខ​) ស្រុក​ពាមរ​ក៌ ខេត្តព្រៃ​វែង ។ ចំណែក​ក្រុម​អ្នក​ជល់​មាន់​ដែល​ត្រូវ​ឃាត់ខ្លួន​បាន​ទាំង​៥​នាក់​នោះ​ទី​១-​ឈ្មោះ ព្រាប ថា​នី ភេទ​ប្រុស អាយុ​២៩​ឆ្នាំ​, ទី​២-​ឈ្មោះ អ៊ា​ន សាម​រ៉ា ភេទ​ប្រុស អាយុ​២៤​ឆ្នាំ​, ទី​៣-​ឈ្មោះ ចាន់ ចំរើន ភេទ​​ប្រុស អាយុ​៤៣​ឆ្នាំ​, ទី​៤-​ឈ្មោះ សឿ​ន ណុ​ល ភេទ​ប្រុស អាយុ​២២​ឆ្នាំ និង​ទី​៥-​ឈ្មោះ អ៊ា​ន ចាន់​ស្នា ភេទ​ប្រុស អាយុ​២២​ឆ្នាំ ។ 

តាម​ប្រភព​ពី​លោក​មេ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ព្រែក​ខ្សាយ​បានឱ្យ​ដឹង​ថា ការ​ឈាន​ទៅ​ដល់​ការ​ចាប់​បាន​ក្រុម​អ្នក​ជល់​មាន់​ខាងលើ​នេះ​គឺ​បន្ទាប់​ពី​មាន​ពលរដ្ឋ​រាយការណ៍​ប្រាប់​ថា មាន​មនុស្ស​១​ក្រុម​ដែល​មាន​គ្នា​ប្រមាណ​ជាង​១០​នាក់​កំពុង​ផ្តុំ​គ្នា​លេងល្បែង​បញ្ជល់មាន់​ហើយ​លេង​នៅ​លើ​ផ្លូវ​សាធារណៈ​តែ​ម្តង ដោយ​ហាក់​មិន​មានការ​ខ្លាចរអា​ចំពោះ​សមត្ថកិច្ច​ឡើយ ដោយ​មានការ​ផ្តល់​ព័ត៌មាន​បែប​នេះ​ទើប​រូប​លោក​ដឹកនាំ​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​ជិត​១០​នាក់​ចូល​ទៅ​ក្រសោប​ចាប់​បាន​ទាំង​មនុស្ស និង​វត្ថុ​តាង​នៅ​នឹង​កន្លែង​តែ​ម្តង ។

លោក​មេ​ប៉ុស្តិ៍​បាន​បញ្ជាក់​ថា ដោយ​ពិនិត្យ​ឃើញ​ថា ក្រុម​អ្នក​បញ្ជល់មាន់​ដែល​ត្រូវ​បាន​ចាប់ខ្លួន​នេះ​សុទ្ធតែ​ជា​កម្មករ​សំណង​ហើយ​ជីវភាព​គ្រួសារ​ក្រីក្រ​ថែម​ទៀត ជា​ពិសេស​បើ​ចាប់​ឃុំខ្លួន​ពួក​គេ​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ជីវភាព​គ្រួសារ​ពួក​គេ​នោះ​ទើប​សមត្ថកិច្ច​សំរេច​ឃុំ​ពួក​គេ​តែ​១​យប់ លុះ​ព្រឹក​ឡើង​ក៏​ធ្វើការ​អប់រំ​ណែនាំ​ពួក​គេ​ឱ្យ​ឈប់​លេង​ល្បែងស៊ីសង​តទៅ​ទៀត​ហើយ​ក៏​អនុញ្ញាតិ​ឱ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ទាំងអស់​គ្នា​ដោយ​ពុំ​មាន​ធ្វើការ​ផាកពិន័យ​អ្វី​ទេ ៕