ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិត្ត​សម្លា.ប់​មិត្ត ! ប្រើ​កូនកាំបិត​ចូល​ចាក់​បុរស​ម្នាក់​ដល់​ក្នុង​បន្ទប់

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវ​រង​របួសធ្ងន់​ហូរ​ឈាម​ស្រោច​ពេញ​ខ្លួនប្រាណ​ដោយសារ​ជន​២​នាក់

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវ​រង​របួសធ្ងន់​ហូរ​ឈាម​ស្រោច​ពេញ​ខ្លួនប្រាណ​ដោយសារ​ជន​២​នាក់ ដែល​គេ​ស្គាល់​ថា ជា​មិត្តភក្តិ​បាន​ប្រើ​កូនកាំបិត​ចូល​ទៅ​ចាក់​ប្រហារ​ប៉ុនប៉ង​សម្លាប់​ដល់​ក្នុង​បន្ទប់​ផ្ទះ​ជួល នៅ​ចំណុច​ភូមិ​តា​ង៉ូ​វ ស្ថិត​ក្នុង​សង្កាត់​និរោធ ខណ្ឌ​ច្បា​អំពៅ នា​វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី ៦ ខែមេសា ឆ្នាំ​២០១៧ នេះ ។ ជន​រង​គ្រោះ​មានឈ្មោះ សក្តិ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​ជួល​កន្លែង​កើតហេតុ ។

តាម​ការ​រៀបរាប់​របស់​នារី​ជា​ប្រពន្ធ ដែល​ឈ្មោះ ឃុំ ស្រី​ល័​ក្ខ អាយុ​២៦​ឆ្នាំ បានឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ខ្លួន និង​ប្តី​បាន​សម្រាក​នៅផ្ទះ​ធម្មតា​លុះ​វេលា​ខាងលើ​ស្រាប់តែ​មាន​មនុស្ស​មក​គោះ​ទ្វារ​បន្ទប់ ហើយ​ខ្លួន​ក៏​ដើរ​ចេញ​មក​បើក ស្រាប់តែ​ឃើញ​បុរស​២​នាក់​ដែល​នាង​ស្គាល់​ថា ជា​មិត្តភក្តិ​របស់​ប្តី​ខ្លួន បាន​សម្រុកចូល​មក​វាយ និង​ប្រើ​កូនកាំបិត​ចាក់​ប្រហារ​ទៅ​លើ​បុរស​ជា​ប្តី​យ៉ាង​សាហាវ អាច​ថា​ប៉ុនប៉ង​សម្លាប់ ។ ឃើញ​ដូចនេះ​នារី​ជា​ប្រពន្ធ​ក៏​ស្ទុះ​ទៅ​ជួយ​ប្តី​តែ​ត្រូវ​ជនសង្ស័យ​ទាំង​២​នាក់​វាយ​ជា​ច្រើន​ដៃ​បណ្តាល​ឱ្យ​ដួល​ហើយ​នាង​ព្យាយាម​រត់​ចេញ​មក​ក្រៅ​ស្រែក​ឱ្យ​គេឯង​ជួយ ។ ក្រោយ​នារី​ជា​ប្រពន្ធ​ព្យាយាម​ស្រែក​រក​អន្តរាគមន៍​ពី​អ្នក​ជិតខាង​រួច​មក​ជនសង្ស័យ​ទាំង​២​នាក់​នោះ​រត់​ចេញពី​បន្ទប់​ហើយ​រត់គេច​ខ្លួន​បាត់​ស្រមោល ។

នារី​ជា​ប្រពន្ធ​ឱ្យ​ដឹង​ទៀត​ថា ជនសង្ស័យ​ទាំង​២​នាក់​ដែល​ចូល​មក​ចាក់​ប្រហារ​ប្តី​ខ្លួន​គឺជា​មិត្តភក្តិ​របស់​គាត់​ពួក​គេ​ទាំង​២​មានឈ្មោះ រតនា អាយុ​២៧​ឆ្នាំ និង​ម្នាក់​ទៀត​ឈ្មោះ រ៉ូ អាយុ​២៤​ឆ្នាំ ។ នាង​មិនដឹង​ថា ប្តី​របស់​ខ្លួន​មាន​ទំនាស់  ឬ​មាន​គំនុំ​អ្វី​ជាមួយ​ជនសង្ស័យ​ទាំង​២​ឡើយ ។ ដោយឡែក​បុរស​ជា​ប្តី​មិន​អាច​រៀបរាប់​អ្វី​បាន​ទាំងអស់​ព្រោះ​ពេល​នេះ​កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​សង្គ្រោះ​បន្ទាន់ ។

យ៉ាងណាមិញ​ករណី​ខាងលើ​នេះ​សមត្ថកិច្ច​សន្និដ្ឋាន​ថា​អាច​ជា​ករណី​គំនុំ​ធ្លាប់​មាន​ទាស់ទែង​គ្នា​ពី​មុន​មក​ព្រោះ​ជនសង្ស័យ និង​ជន​រង​គ្រោះជា​មនុស្ស​ធ្លាប់​ស្គាល់គ្នា​នេះ​បើ​តាម​ការ​អះអាង​របស់​នារី​ជា​ប្រពន្ធ ចំពោះ​ជនសង្ស័យ​ទាំង​២​សមត្ថកិច្ច​កំពុង​តាម​ប្រមាញ់​ព្រោះ​មាន​តំរុយ​ច្រើន​ក្នុង​ការ​តាម​រក ៕