ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេ​បក្ស​ប្រឆាំង​បំពេញបេសកកម្ម​ក្រៅប្រទេស​ក្រោយ​ស្ថានការណ៍​នយោបាយ​ស្ងប់ស្ងាត់

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នៅ​វេលា​ម៉ោង​១១ព្រឹក​ថ្ងៃ​ទី​៥ មេ​សា លោក កឹ​ម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ទៅ​បំពេញបេសកកម្ម​នៅ​បរទេស​គឺ​ប្រទេស​នូ​វែ​ល​សេ​ឡង់

រាជធានី​ភ្នំពេញ ៖ នៅ​វេលា​ម៉ោង​១១ព្រឹក​ថ្ងៃ​ទី​៥ មេ​សា លោក កឹ​ម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ទៅ​បំពេញបេសកកម្ម​នៅ​បរទេស​គឺ​ប្រទេស​នូ​វែ​ល​សេ​ឡង់ (​ញូ​ហ្សេ​លែ​ន​)​និង​អូស្ត្រាលី​រយៈពេល​២​ស​ប្ដា​ហ៍ បន្ទាប់​ពី​ស្ថានការណ៍​នយោបាយ​នៅ​ក្នុង​ប្រទេស​មាន​ភាព​ស្ងប់ស្ងាត់ ។

លោក​បាន​ចេញដំណើរ​ដោយ​ស្ងាត់​ៗ​មិន​បាន ជូនដំណឹង​ដល់​អ្នក​សារព័ត៌មាន​ដូច​លើក​មុន​នោះ​ទេ គ្រាន់តែ​លោក​បាន​ស​សេ​រលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កថា​៖«​ព្រឹក​នេះ ខ្ញុំ​ចេញដំណើរ​ទៅ​បំពេញបេសកកម្ម​នៅ​បរទេស គឺ​ប្រទេស​ញូ​ហ្សេ​លែ​ន និង​ប្រទេស​អូស្ដ្រាលី ។ ក្នុង​ដំណើរ​បេសកកម្ម​រយៈពេល​ខ្លី​នេះ ខ្ញុំ​នឹង​មាន​ជំនួប​ជាមួយ​ក្រុម​សមាជិក​សភា និង​មន្ដ្រី​រដ្ឋាភិបាល នៃ​ប្រទេស​ទាំង​ពីរ ។ ក្នុង​ដំណើរ​បេសកកម្ម​នេះ ខ្ញុំ​នឹង​ជួប​ជាមួយ​បងប្អូន​ខ្មែរ​នៅ​ទីនោះ​ផង​ដែរ​» ។

លោក មុត ច​ន្ថា នាយក​ខុទ្ទកាល័យ​លោក កឹ​ម សុខា ត្រូវ​បាន​គេហទំព័រ​ព័ត៌មាន​ក្នុងស្រុក​មួយ​ស្រង់​សំដី​ផ្សាយ​ថា នៅ​នូ​វែ​ល​សេ​ឡង់ លោក កឹ​ម សុខា នឹង​ជួប​ជាមួយ​សហគមន៍​ខ្មែរ មន្ត្រី​រដ្ឋាភិបាល និង​សមាជិក​សភា ។ ចំណែក​នៅ​អូស្ត្រាលី​គាត់​ជួប​ជាមួយនឹង​បងប្អូន​ខ្មែរ​នៅ​ទីនោះ ហើយ​ត្រឡប់​មក​វិញ​នៅ​ថ្ងៃ​ទី​១៨ ឬ​១៩ ខែមេសា ។

សូម​ជម្រាប​ថា នេះ​ជា​លើក​ដំបូង​ហើយ​ដែល​លោក កឹ​ម សុខា មានឱកាស​ចេញ​ទៅ​បំពេញបេសកកម្ម​នៅ​បរទេស​ចាប់តាំងពី​លោក​មានរឿង​អាស្រូវ​នៅ​តុលាការ ហើយ​ត្រូវ​បាន​ព្រះមហាក្សត្រ​ចេញ​ព្រះរាជក្រឹត្យ​លើកលែងទោស ចំពោះ​សំណុំរឿង​មិន​ចូលខ្លួន​តាម​ការ​កោះហៅ​របស់​តុលាការ​មក និង​ស្រប​ពេល​ស្ថានការណ៍​នយោបាយ​មាន​សភាព​ស្ងប់ស្ងាត់ ។ បើ​តាម​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ បាន​និយាយ​ថា ដំណើរ​ទស្សនកិច្ច​នេះ លោក កឹ​ម សុខា មិន​មាន​គម្រោង​ជួប​ជាមួយ​លោក សម រ​ង្ស៊ីនោះ​ទេ ។ ប៉ុន្តែ​បើ​តាម​អ្នកវិភាគ​ស្ថានការណ៍​ន​យោបាយ​នៅ​កម្ពុជា​ខ្លះ​ថា លោក​អាច​ឆ្លៀត​ទៅ​ជួប​លោក សម រ​ង្ស៊ី នៅ​ថ្ងៃ​ណាមួយ ព្រោះ​អ្នក​ទាំង​ពីរ​ខាន​ជួប​មុខ​គ្នា​ផ្ទាល់​មួយ​រយៈពេល​មក​ហើយ ។

ដំណើរ​ទស្សនកិច្ច​របស់​មេ​បក្ស​ប្រឆាំង​រូប​នេះ ស្រប​ពេល​ក្រសួងមហាផ្ទៃ​កំពុង​តែ​ពិនិត្យ លើ​លិខិត​របស់​ខ្លួន​ស្តី​ពី​ការ​ជ្រើសរើស​ថ្នាក់ដឹកនាំ​ថ្មី និង​ការ​សម្រេច​ដក​ពាក្យស្លោក​ចេញពី​គោលនយោបាយ​អាទិភាព​ចំនួន​៥​របស់​ខ្លូ​ន ។

លោក ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​បានឱ្យ​ដឹង​ថា ក្រសួងមហាផ្ទៃ​មិន​ទាន់​អាច​អះអាង​ថា លទ្ធផល​ថ្មី​នៃ​កិច្ចប្រជុំ​គណៈកម្មាធិការ​នាយក​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​សម្រេច​លុប​ពាក្យស្លោក​«​ដូរ​មេឃុំ​បម្រើ​បក្ស ដាក់​មេឃុំ​បម្រើ​រាស្ត្រ​»​និង​រក្សា​ក្បាលម៉ាស៊ីន​ដឹកនាំ​បក្ស​ឱ្យ​នៅ​ដដែល​នោះ​ត្រឹមត្រូវ​តាម​លក្ខន្តិកៈ ឬ​យ៉ាងណា​នោះ​ទេ ប៉ុន្តែ​សម្តេច​ក្រឡាហោម ស ខេ​ងឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ កំពុង​ពិនិត្យ​មើល​លទ្ធផល​នេះ ។

លោក ខៀវ សុភ័គ បាន​បញ្ជាក់​ឱ្យ​ដឹង​ថា រហូត​ដល់​ពេល​នេះ ក្រសួងមហាផ្ទៃ​មិន​អាច​ឆ្លើយ​តប​យ៉ាងណា​នោះ​ទេ ចំពោះ​ករណី​នេះ ហើយ​ថា ក្រសួង​កំពុង​ពិនិត្យ​មើល​សំណើ​របស់​គណបក្សប្រឆាំង ។ ក្នុង​ករណី​ដែល​ពិនិត្យ​រួចរាល់ ក្រសួង​នឹង​ជូនដំណឹង​ជា​ផ្លូវការ​តែ​ម្តង ។

បើ​តាម​លោក ខៀវ សុភ័គ ត្រូវ​បាន​វិទ្យុ​អាស៊ី​សេរី​ដកស្រង់​សម្ដី​ផ្សាយ​ថា ការ​សម្រេច​រក្សា​សមាសភាព​ថ្នាក់ដឹកនាំ​បក្ស​ប្រឆាំង​ឱ្យ​នៅ​ដដែល គឺ​ត្រឹមត្រូវ​តាម​លក្ខន្តិកៈ​គណបក្ស ប៉ុន្តែ​ក្រសួង​នៅ​ត្រូវការ​ពេលវេលា​បន្តិច​ដើម្បី​ពិនិត្យ​ជុំវិញ​បញ្ហា​នេះ ។

គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​ជំហរ​ចុង​ក្រោយ​របស់​ខ្លួន​ដោយ​រក្សា​ទុក​តំណែង លោក កឹ​ម សុខា ជា​ប្រធាន និង​អនុប្រធាន​មានអ្នកស្រី មូរ សុខ​ហួរ លោក ប៉ុ​ល ហំ​ម និង​លោក អេ​ង ឆៃ​អ៊ា​ង ដែល​ក្រសួង​ធ្លាប់​ចាត់​ទុក​ថា សមាជ​ជ្រើសតាំង​ប្រធាន​និង​អនុប្រធាន​គណបក្សប្រឆាំង​ធ្វើ​ឡើង​ខុស​លក្ខន្តិកៈ​បក្ស​កន្លង​មក ។

ទោះបី​យ៉ាងណា ក្រសួងមហាផ្ទៃ​បាន​អបអរសាទរ​នៅ​ពេល​ឃើញ​គណបក្សប្រឆាំង សម្រេច​លុប​ចោល​ពាក្យស្លោក​«​ដូរ​មេឃុំ​បម្រើ​បក្ស ដាក់​មេឃុំ​បម្រើ​រាស្ដ្រ​»​ចោល​ដែល
គណបក្ស​មួយ​នេះ​ធ្លាប់​ប្រើ​តាំងពី​ឆ្នាំ​២០១២មក​នៅ​កិច្ចប្រជុំ​ជ្រើសរើស​ថ្នាក់ដឹកនាំ​របស់​ខ្លួន​ជា​ថ្មី កាលពី​ថ្ងៃ​ទី​២ មេ​សា ស្រប​ពេល​ក្រសួងមហាផ្ទៃ​ចាត់​ទុក​ពាក្យស្លោក​នេះ​ផ្ទុយ​នឹង​រដ្ឋធម្មនុញ្ញ ច្បាប់​ស្ដី​ពី​គណបក្ស​នយោបាយ និង​ច្បាប់បោះឆ្នោត ។ ប៉ុន្តែ​គណបក្ស​នេះ​សម្រេច​ទុក​ថ្នាក់ដឹកនាំ​ដែល​ត្រូវ​សមាជ​វិសាមញ្ញរបស់​ខ្លួន​ជ្រើសរើស​កាលពី​ថ្ងៃ​ទី​២ ខែមីនា ឆ្នាំ​២០១៧ នៅ​ដដែល ។

លោក កឹ​ម សុខា បង្ហោះ​រូបថត​មួយ​សន្លឹក​មុនចេញពី​ប្រទេស​កម្ពុជា ដោយ​គេ​ឃើញ​លោក ប៉ុ​ល ហំ​ម កូនស្រី​លោក គឺ​កញ្ញា គឹ​ម មនោ​វិទ្យា លោក មុត ច​ន្ថា និង​សកម្មជន​មួយ​ចំនួន​ទៀត​អមដំណើរលោក ៕