ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឥណ្ឌូ​ណេ​ស៊ី​មិន​បារម្ភ​ចំពោះ​ការ​បញ្ជា​របស់​លោក Trump

6 ឆ្នាំ មុន

ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ៖ រដ្ឋាភិបាល​ឥណ្ឌូ​ណេ​ស៊ី​គ្មាន​ការ​បារម្ភ​ចំពោះ​ការ​បញ្ជា​របស់​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក Donald Trump ពី​ការ​ស៊ើបអង្កេត​លើ​អ​តុល្យភាព​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក និង​

ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ៖ រដ្ឋាភិបាល​ឥណ្ឌូ​ណេ​ស៊ី​គ្មាន​ការ​បារម្ភ​ចំពោះ​ការ​បញ្ជា​របស់​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក Donald Trump ពី​ការ​ស៊ើបអង្កេត​លើ​អ​តុល្យភាព​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក និង​បណ្តា​ប្រទេស​ចំនួន​១៦ រួម​មាន​ទាំង​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី​ផង​ដែរ ។

រដ្ឋមន្ត្រី​សម្របសម្រួល​ផ្នែក​សេដ្ឋកិច្ច លោក Darmin Nasution ឲ្យ​ដឹង​ថា ប្រទេស​ឥណ្ឌូ​ណេ​ស៊ី​មិន​បារម្ភ​ទាក់ទង​នឹង​ការ​ចេញ​បញ្ជា​នេះ​ទេ ដោយសារ​ការ​នាំ​ចេញ​ផលិតផល​របស់​ឥណ្ឌូ​ណេ​ស៊ី​ទៅ​កាន់​សហរដ្ឋអាមេរិក គឺ​មិន​បាន​ប្រកួតប្រជែង​ជាមួយ​ក្រុមហ៊ុន​ផលិត​ក្នុង​ប្រទេស​នោះ​ឡើយ ។

លោក​បាន​ប្រាប់​អ្នកកាសែត​នៅ​វិមាន​ប្រធានាធិបតី​ក្នុង​ទីក្រុង​ហ្សា​ការ​តា នា​ថ្ងៃ​ចន្ទ​នេះ​ថា ៖ « ទំនិញ​ដែល​យើង​ផលិត​មិនមែន​សម្រាប់​ប្រកួតប្រជែង​ជាមួយ​ពួក​គេ​ទេ វា​មិន​ដូច​ទំនិញ​មក​ពី​ប្រទេស​ចិន​ឡើយ ។ សហរដ្ឋអាមេរិក​អាច​គិត​ថា ទំនិញ​នាំ​ចូល​នឹង​ផ្តួល​ផលិតផល​របស់​ខ្លួន ប៉ុន្តែ​ផលិតផល​ពី​ឥណ្ឌូ​ណេ​ស៊ី​នេះ មិន​ដូច​អ្វី​ដែល​ពួក​គេ​ផលិត​ទេ » ។

លោក​បន្ត​ថា ៖ « វា​មិនមែន​ជា​បញ្ហា​ដែល​យើង​គួរ​បារម្ភ​ទេ ។ បើ​ទោះបីជា​អា​មេ​រិ​ក​មាន​គោលនយោបាយ​បែប​នេះ​ក្តី តើ​យើង​រំពឹង​ថា នឹង​កាត់​បន្ថយ​ការ​នាំ​ចេញ​របស់​យើង​ឬ ? វា​ចម្លែក​ពេក​ហើយ » ។

ប្រទេស​ឥណ្ឌូ​ណេ​ស៊ី​ស្ថិត​នៅ​លេខ​រៀង​ទី​១៥​ក្នុង​បញ្ជី ដែល​មាន​ផល​លើស​ពាណិជ្ជកម្ម​ចំនួន​១៣​ប៊ី​លាន​ដុល្លារ​អា​មេ​រិ​ក​ជាមួយ​សហរដ្ឋអាមេរិក តាម​ពីក្រោយ​ដោយ​ប្រទេស​កា​ណា​ដា ស្មើ​១១​ប៊ី​លាន​ដុល្លារ​អា​មេ​រិ​ក ។

ប្រទេស​ចិន​ស្ថិត​នៅ​លេខ​រៀង​ទី​១ មាន​ផល​លើស​ពាណិជ្ជកម្ម​ចំនួន​៣៤៧​ប៊ី​លាន​ដុល្លារ តាម​ពីក្រោយ​ដោយ​ប្រទេស​ជប៉ុន អា​ល្លឺ​ម៉​ង់ ម៉ិ​ក​ស៊ិ​ក អៀរ​ឡង់ វៀតណាម អីុ​តា​លី កូរ៉េ​ខាងត្បូង ម៉ា​ឡេ​ស៊ី ឥណ្ឌា ថៃ បារាំង ស្វ៊ី​ស និង​តៃវ៉ាន់ ។

ទន្ទឹម​នឹង​នេះ រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ លោក Sri Mulyani Indrawati ថ្លែង​ថា អា​មេ​រិ​កបាន​ជូនដំណឹង​ដល់​ឥណ្ឌូ​ណេ​ស៊ី​រួច​ហើយពី​ការ​ចេញ​បញ្ជា​នេះ ។ ទោះបីជា​រដ្ឋាភិបាល​ឥណ្ឌូ​ណេ​ស៊ី​គ្មាន​ការ​បារម្ភ​ក៏​ដោយ ប៉ុន្តែ​លោក Sri Muyani ថ្លែង​ថា រដ្ឋាភិបាល​ចាំបាច់​ត្រូវ​តែ​ប្រុង​ប្រយ័ត្ន ៕