ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថៃ​ត្រៀមខ្លួន​សម្រាប់​សកម្មភាព​របស់​លោក Trump

7 ឆ្នាំ មុន

ប្រទេស​ថៃ ៖ ក្រសួងពាណិជ្ជកម្ម​របស់​ថៃ នឹង​មាន​កិច្ចប្រជុំ​ជាមួយ​ក្រុមហ៊ុននាំចេញ ដើម្បី​ពិភាក្សា​ផល​ប៉ះពាល់​ពី​គោលនយោបាយ​ថ្មី​របស់​សហរដ្ឋអាមេរិក និង​ត្រៀមខ្លួន​សម្រាប់​មធ្យោបាយ​ឆ្លើយ​តប ។

ប្រទេស​ថៃ ៖ ក្រសួងពាណិជ្ជកម្ម​របស់​ថៃ នឹង​មាន​កិច្ចប្រជុំ​ជាមួយ​ក្រុមហ៊ុននាំចេញ ដើម្បី​ពិភាក្សា​ផល​ប៉ះពាល់​ពី​គោលនយោបាយ​ថ្មី​របស់​សហរដ្ឋអាមេរិក និង​ត្រៀមខ្លួន​សម្រាប់​មធ្យោបាយ​ឆ្លើយ​តប ។

គួរ​បញ្ជាក់​ថា ថៃ​ស្ថិត​ក្នុង​ចំណោម​ប្រទេស​ទាំង​១៦ ដែល​ប្រធានាធិបតី​អា​មេ​រិ​ក លោក Donald Trump បញ្ជា​ឲ្យ​ស៊ើបអង្កេត​ទាក់ទិន​នឹង​អ​តុល្យភាព​ពាណិជ្ជកម្ម ។

លោក Trump ក៏​បាន​សន្យា​កាលពី​ថ្ងៃ​សុក្រ​មុន​ថា នឹង​ចាត់វិធានការ​លើ​អ្នក​នាំ​ចូល​នៅ​បរទេស​មិន​យុត្តិធម៌ និង​សម្រេច​បទបញ្ជា​នីតិប្រតិបត្តិ​ចំនួន​២ ដែល​លោក​អះអាង​ថា នឹង​ជា​ការ​ផ្លាស់​ប្តូរ​ក្នុង​ប្រវត្តិសាស្ត្រ ។

រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​ថៃ លោកស្រី Apiradi Tantraporn បាន​ថ្លែង​កាលពី​ថ្ងៃ​ចន្ទ​ថា ប្រទេស​ថៃ​គ្មាន​គោលនយោបាយ​លូកដៃ​ចូល ឬ​រក្សា​ឲ្យ​រូបិយប័ណ្ណ​ក្នុងស្រុក​មាន​តម្លៃ​ទាប​ទេ បើ​ទោះជា​សហរដ្ឋអាមេរិក​បង្កើន​អត្រា​ការ​ប្រាក់ និង​ធ្វើ​ឲ្យ​តម្លៃ​ប្រាក់​ដុល្លារ​ធ្លាក់​ចុះ​ក្តី ។

លោកស្រី​ក៏​បាន​ថ្លែង​ថា ប្រទេស​លោកស្រី​លើកតម្កើង​ការ​ធ្វើ​ពាណិជ្ជកម្ម​ទៅ​វិញ​ទៅ​មក ខណៈ​ទាក់ទាញ​លំហូរ​ចូល​ទៅ​កាន់​ច្រក​ផ្លូវ​សេដ្ឋកិច្ច​ខាងកើត ។

លោក Pimchanok Vonkorpon នាយក​ការិយាល័យ​គោលនយោបាយ និង​យុទ្ធសាស្ត្រ​ពាណិជ្ជកម្ម និយាយ​ថា ក្រសួង​ខាងលើ​នឹង​រង់ចាំ​មើល​ថា តើ​សហរដ្ឋអាមេរិក​នឹង​អនុម័ត​យុទ្ធសាស្ត្រ​ណា ។ លោក​ថា ៖ « ពេល​នេះ ពួក​យើង​នឹង​ត្រួតពិនិត្យ​លើ​ចំណុច​ទន់ខ្សោយ​របស់​ពួក​យើង​ដូច​ជា ស្ថានភាព​កម្មសិទ្ធិបញ្ញា ។ ពួក​យើង​ក៏​នឹង​មើល​លើ​អភ័យឯកសិទ្ធិ​ពាណិជ្ជកម្ម​សហរដ្ឋអាមេរិក ដែល​ថៃ​កំពុង​តែ​ទទួលផល​ចំណេញ​ពី​វា​ផង​ដែរ » ។

យោង​តាម​ក្រសួង​នេះ​ឲ្យ​ដឹង​ទៀត​ថា ការ​នាំ​ចេញ​របស់​ថៃ​ទៅ​កាន់​សហរដ្ឋអាមេរិក បាន​កើនឡើង​១,៨២% មក​ស្មើ​២៤,៤​ប៊ី​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០១៦ និង​ត្រូវ​បាន​រាប់​បញ្ចូល​១១,៤% នៃ​ការ​នាំ​ចេញ​សរុប​របស់​ប្រទេស​ថៃ ។

ក្នុង​ខែមករា​ឆ្នាំ​នេះ ការ​ធ្វើ​ពាណិជ្ជកម្ម​ទៅ​វិញ​ទៅ​មករ​វាង​ប្រទេស​ទាំង​ពីរ​បាន​កើនឡើង​៩,៥% មក​ស្មើ​៣,២​ប៊ី​លាន​ដុល្លារ ដោយ​សហរដ្ឋអាមេរិក​មាន​ឱនភាព​ពាណិជ្ជកម្ម​១,៥​ប៊ី​លាន​ដុល្លារ ឬ​កើនឡើង​៦,៥% បើ​ធៀប​នឹង​ឆ្នាំ​មុន ។

លោក Nopporn Thepsithar អគ្គនាយក​នៃ​ក្រុមប្រឹក្សា​អ្នក​នាំ​ចេញ​របស់​ថៃ និយាយ​ថា កត្តា​ព្រួយបារម្ភ​សំខាន់​ៗ​មាន​ដូច​ជា បញ្ហា​ការងារ​ក្នុង​វិស័យ​នេសាទ និង​កម្មសិទ្ធិ​បញ្ញា ដែល​ប្រទេស​នេះ​មិន​ទាន់​ស្រប​តាម​ស្តង់ដា​អន្តរជាតិ​នៅឡើយ ៕