ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពន្ធដារ​ដាក់​ផែនការ​រក​ចំណូល​ឱ្យ​បាន​ជិត​2​ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​2017

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នៅ​ឆ្នាំ​២០១៧​នេះ អគ្គនាយកដ្ឋាន​ពន្ធដារ​ដែល​មាន​ភារកិច្ច​រក​ចំណូល​ជូន​ជាតិ បាន​កំណត់​ផែនការ​រក​ចំណូល​ឱ្យ​បាន​១.៧១៥​លាន​ដុល្លារ​អា​មេ​រិ​ក ខណៈ​ដែល​៣​ខែ​ដំបូង ស្ថាប័ន​មួយ​នេះ

រាជធានី​ភ្នំពេញ ៖ នៅ​ឆ្នាំ​២០១៧​នេះ អគ្គនាយកដ្ឋាន​ពន្ធដារ​ដែល​មាន​ភារកិច្ច​រក​ចំណូល​ជូន​ជាតិ បាន​កំណត់​ផែនការ​រក​ចំណូល​ឱ្យ​បាន​១.៧១៥​លាន​ដុល្លារ​អា​មេ​រិ​ក ខណៈ​ដែល​៣​ខែ​ដំបូង ស្ថាប័ន​មួយ​នេះ​រក​ចំណូល​បាន​ប្រមាណ​៤៥%​នៃ​ផែនការ​ដែល​បាន​គ្រោងទុក ។

ក្នុង​កិច្ច​សម្ភាសន៍​មួយ​ជាមួយ​អ្នក​សារព័ត៌មាន​កាលពី​ថ្ងៃ​ទី​៥ មេ​សា ម្សិលមិញ នៅ​សណ្ឋាគារ​អាំង​ទែ​កុង​ទី​ណ​ង់​តា​ល់ លោក​គង់ វិបុល ប្រតិភូ​រាជរដ្ឋាភិបាល ទទួល​បន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ​បាន​ឲ្យ​ដឹង​ថា ក្នុង​ឆ្នាំ​២០១៧​នេះ អគ្គនាយកដ្ឋាន​ពន្ធដារ​បាន​កំណត់​ផែនការ​រួច​ហើយ​លើ​ការ​ប្រមូល​ពន្ធ​នៅ​ក្នុង​ប្រទេស​កម្ពុជា ដោយ​ក្នុង​នោះ អគ្គនាយកដ្ឋាន​បាន​កំណត់​ទឹកប្រាក់​នឹង​ប្រមូល​ឲ្យ​បាន​ចំនួន ១.៧១៥​លាន​ដុល្លារ​អា​មេ​រិ​ក ។

លោក​ថ្លែង​ថា ៖ « នៅ​ក្នុង​ផែនការ​កំណត់​១.៧១៥​លាន​ដុល្លារ​អា​មេ​រិ​ក​នេះ ក្នុង​រយៈពេល​៣​ខែ យើង​ប្រមូល​បាន​៤៥%​ហើយ ដូចនេះ​វា​មាន​ច្រើន តែ​វា​ជា​រឿង​ធម្មតា​ទេ នៅ​ក្នុង​អំឡុង​៣​ខែ​ដំបូង​នៃ​ឆ្នាំ​នីមួយ​ៗ ព្រោះ​វា​ជា​ខែ​ដែល​បាន​ប្រកាស​ឱ្យ​អ្នក​ជាប់ពន្ធ​ទាំងឡាយ ត្រូវ​បង់ពន្ធ​ជូន​រដ្ឋ​ទៅ​លើ​អាជីវកម្ម​ផ្សេង​ៗ» ។

លោក​បន្ត​ថា នៅ​ក្នុង​ចំណោម​អ្នក​ជាប់ពន្ធ​ទាំងអស់ មាន​វិស័យ​មួយ​ចំនួន​បាន​រួមចំណែក​យ៉ាង​សំខាន់​ក្នុង​ចំណូល​ពន្ធដារ ក្នុង​នោះ​រួម​មាន វិស័យ​ឧស្សាហកម្ម ដែល​មាន​រោងចក្រ សហគ្រាស​ផលិត​ភេសជ្ជៈ​ជាដើម ហើយ​ក្រៅពី​នោះ មាន​វិស័យ​ទេសចរណ៍ ដែល​មាន​ភោជនីយដ្ឋាន សណ្ឋាគារ និង​ផ្ទះសំណាក់ ។

លោក​បន្ថែម​ថា ទន្ទឹម​នឹង​ការ​ប្រមូល​ពន្ធ​មាន​កំណើន​ជា​បន្តបន្ទាប់​នោះ ក៏​មាន​បញ្ហា​ប្រឈម​មួយ​ចំនួន​សម្រាប់​អគ្គនាយកដ្ឋាន​ពន្ធដារ​ផង​ដែរ ។ លោក​ថា ៖ «​ជា​ធម្មតា គ្មាន​អ្នក​ណា​ម្នាក់​ចង់​មក​បង់ពន្ធ ឬ​រីករាយ​នឹង​បង់ពន្ធ​ទេ ព្រោះ​វា​អស់​លុយ ហើយ​បើ​អាជីវកម្ម​នោះ​ធំ ឬ​ដី ផ្ទះ​ធំ​ៗ ការ​បង់ពន្ធ ក៏​អស់​ច្រើន តែ​យើង​បាន​បណ្ដុះបណ្ដាល​មន្ត្រី​ពន្ធដារ​ឱ្យ​បាន​យល់​ជា​មុន​សិន រួច​ហើយ​ចាំ​ពន្យល់​ដល់​អ្នក​ជាប់ពន្ធ​ទាំងឡាយ​ឱ្យ​បាន​យល់​ច្បាស់​ពី​កាតព្វកិច្ច​នៃ​ការ​បង់ពន្ធ » ។

លោក​បញ្ជាក់​ថា កន្លង​មក​មន្ត្រី​អគ្គនាយកដ្ឋាន​ពន្ធដារ​តែងតែ​ចុះ​ទៅ​អនុវត្ត​ច្បាប់ ដោយ​បាន​ធ្វើ​វិសោធនកម្ម​នានា តែ​ក៏​មានការ​រិះគន់​ពី​សាធារណជន​មួយ​ចំនួន​ទៅ​លើ​ការ​អនុវត្ត​ច្បាប់​នេះ​ដែរ តែ​តាម​ពិត​មន្ត្រី​អគ្គនាយកដ្ឋាន ចុះ​ទៅ​អនុវត្ត​ចំពោះតែ​ម្ចាស់​អាជីវកម្ម​ណា ដែល​មិន​គោរព​ទៅ​តាម​ច្បាប់​ប៉ុណ្ណោះ ។

លោក​បន្ដ​ថា ៖ «​ជាក់ស្ដែង តាម​ភោជនីយដ្ឋាន ឬ​កន្លែង​ផ្ដល់​សេវា​ផ្សេង​ៗ សុទ្ធតែ​ជា​អ្នកមាន​តួនាទី​ប្រមូល​ពន្ធ​ជូន​រដ្ឋ ដោយ​បាន​យកពន្ធ​ពី​ពលរដ្ឋ ឬ​អតិថិជន​របស់​ខ្លួន​រួច​ហើយ តែ​ម្ចាស់​អាជីវកម្ម​ទាំងនោះ មិន​ព្រមយក​មក​បង់ពន្ធ​ជូន​រដ្ឋ​តាម​កាលកំណត់ ដែល​លុយ​ទាំងនោះ មិនមែន​ជា​របស់​គាត់ តែ​ជា​របស់​ពលរដ្ឋ​ឬ​អតិថិជន​ដែល​ប្រើប្រាស់​សេវាកម្ម​របស់​ពួក​គាត់​»​។

គួរ​បញ្ជាក់​ថា ក្នុង​ត្រីមាស​ទី​១ ឆ្នាំ ២០១៧​នេះ អគ្គនាយកដ្ឋាន​ពន្ធដារ​ដែល​បាន​ប្រមូល​ពន្ធ​បាន​៧៧០​លាន​ដុល្លារ​អា​មេ​រិ​ក ស្មើនឹង​៤៥%​នៃ​ផែនការ​ដែល​បាន​កំណត់ ។ ដោយឡែក​ឆ្នាំ​២០១៦​កន្លង​ទៅ អគ្គនាយកដ្ឋាន​ពន្ធដារ ប្រមូល​ពន្ធ​អាករ​ផ្សេង​ៗ​បាន​ចំនួន​ជាង​១.៤៩៧​លាន​ដុល្លារ​អា​មេ​រិ​ក ៕